យោធា​មី​យ៉ាន់​ម៉ា​​ប្រកាស​​បញ្ឈប់​​សកម្មភាព​​នៅ​ភាគ​ខាងជើង​​ប្រទេស​​​៤​ខែ​

22-12-2018 2:55 pm 991
រូបភាព​យោធា​មីយ៉ាន់ម៉ា

​យោធា​មី​យ៉ាន់​ម៉ា​កាលពី​ថ្ងៃ​សុក្រ​បានប្រកាស បញ្ឈប់​សកម្មភាព​រយៈ​ពេល​៤​ខែ​នៅ​តំបន់​ភាគ​ខាងជើង​ប្រទេស ជា​តំបន់​ប្រឈមមុខ​ជា​មួយក្រុម​បះបោរ​សហគមន៍​ជនជាតិភាគតិច នៅក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ដែល​ត្រូវបាន​គេ​មើលឃើញថា ជា​ការផ្សះផ្សារ​ដ៏​កម្រ​ក្នុង​បំណង​ចរចា​ស្វែងរក​សន្ដិភាព​។ តាម​សេចក្ដីថ្លែងការណ៍​មេបញ្ជាការ​កងទ័ព​មី​យ៉ាន់​ម៉ា​បានឲ្យដឹងថា យោធា​នឹង​បញ្ឈប់​សកម្មភាព​រហូត​ដល់​ថ្ងៃទី​៣០​ខែមេសា​ឆ្នាំ​២០១៩​។ ចន្លោះពេល​នេះ​អាច​អនុញ្ញាតឲ្យ​ភាគី​ពាក់ព័ន្ធ គឺ​តំណាង​របស់​យោធា​និង​តំណាង​របស់​ក្រុម​សហគមន៍​ជនជាតិភាគតិច អាច​ចាប់ផ្ដើម​កិច្ច​ចរចា​ស្វែងរក​សន្ដិភាព​ឲ្យបាន​ពេញលេ​ញ​នៅត្រឹម​ឆ្នាំ​២០២០​។ 

​អ្នកនាំពាក្យ​រដ្ឋាភិបាល​បាន​និយាយថា យោធា​បាន​ផ្ដល់ដំណឹង​ដល់​រដ្ឋាភិបាល​រួចហើយ មុនពេល​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​ជា​សាធារណៈ​។ ភាគី​ទាំងពីរ​ក៏​បាននិងកំពុង​សហកា​រលើ​ដំណើរការ​ស្វែងរក​សន្ដិ​ភាព​ដែរ​។ រដ្ឋាភិបាល​បង្ហាញ​ក្ដី​សង្ឃឹមថា ការសម្រេចចិត្ដ​របស់​យោធា​នៅពេលនេះ នឹង​អាចមាន​លទ្ធផល​គាប់ប្រសើរ​។ កន្លងមក​លោកស្រី​អ៊ុង​សាន ស៊ូ​ជី​មេដឹកនាំ​មី​យ៉ាន់​ម៉ា បាន​ព្យាយាម​បញ្ចប់​ជម្លោះ​នេះ​ជា​យូរ​មកហើយ ប៉ុន្ដែ​មិន​ទទួលបាន​ជោគជ័យ​។​

​សូមបញ្ជាក់ថា យោធា​មី​យ៉ាន់​ម៉ា​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ជម្លោះ​ជាមួយ​ក្រុម​ជនជាតិភាគតិច ជាច្រើន​ទសវត្ស​មកហើយ​។ តំណាង​ក្រុម​ជនជាតិភាគតិច បាន​ព្យាយាម​ការពារ​ផលប្រយោជន៍​របស់គេ និង​ចង់​ផ្ដាច់​តំបន់​ពួកគេ​កាន់កាប់​ជា​រដ្ឋ​ឯករាជ្យ​។ ការប៉ះទង្គិច​រវាង​ក​ង​ទ័ព​ជាមួយ​ក្រុម​សហគមន៍​ជនជាតិភាគតិច បើ​គិត​តាំងពី​ឆ្នាំ​២០១១ បណ្ដាលឲ្យ​មនុស្សជាង​១​សែន​នាក់​ហើយ​បាន​ជម្លៀស​ខ្លួន​៕

ព័ត៌មានផ្សេងទៀត