តួ​ក​គី​ថា​​ទុកឲ្យ​ខ្លួន​​ជា​អ្នក​កម្ទេច​​ក្រុម​រដ្ឋ​អ៊ីស្លាម​​វិញ​ម្ដង​​នៅពេល​​ទ័ព​អាមេរិក​​ដក​ចេញ​ពី​ស៊ី​រី​

22-12-2018 11:04 am 947
ប្រធានាធិបតីតួកគី

​ប្រធានាធិបតី​តួ​ក​គី​លោក​Tayyip Erdogan បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា តួ​ក​គី​នឹង​ជា​អ្នកទទួលខុសត្រូវ​វាយប្រហារ​តាម​ជើង​អាកាស ប្រឆាំងនឹង​ក្រុម​រដ្ឋ​អ៊ីស្លាម​នៅ​ក្នុងប្រទេស​ស៊ី​រី​វិញ​ម្ដង នៅពេល​អាមេរិក​ដកទ័ព​ចេញពី​ស៊ី​រី​។ ការប្រកាស​ដកទ័ព​អាមេរិក​ចេញពី​ស៊ី​រី របស់លោក​Donald Trump​ប្រធានាធិបតី​អាមេរិក បង្កឲ្យមាន​ការភ្ញាក់ផ្អើ​ល​យ៉ាងខ្លាំង ដោយមាន​ទាំង​ការរិះគន់​និង​ការគាំទ្រ​។ 

​រិះគន់​ពី​សំណាក់​សមាជិកសភា​គណ​បក្ស​សាធារណរដ្ឋ​មួយចំនួន​របស់លោក ដែល​ពួកគេ​លើកឡើងថា ធ្វើ​ដូច្នេះ​ដូចជា​ប្រគល់​អំណាច​ឲ្យ​រុស្ស៊ី​និង​អ៊ីរ៉ង់ ដែល​កំពុង​គាំទ្រ​រដ្ឋាភិបាល​ស៊ី​រី​។ មួយវិញទៀត​អាច​នឹង​ប៉ះពាល់​ដល់​កងទ័ព​សម្ព័ន្ធមិត្ដ​នៅ​ស៊ីរី គឺ​ពួកគេ​អាច​រង​ការគំរាមកំហែង​ពី​តួ​ក​គី ដោយសារ​តួ​ក​គី​កំពុងបើក​ការវាយប្រហារ​ជាថ្មី​នៅ​ស៊ី​រី​។ លើសពីនេះទៅទៀត នឹង​ប៉ះពាល់​ផងដែរ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​ផ្នែក​ការទូត ដើម្បី​ស្វែងរក​សន្ដិភាព​បញ្ចប់​សង្គ្រាមស៊ីវិល​ជិត​៨​ឆ្នាំ​នៅ​ស៊ី​រី​។​

​ចំណែក​អ្នកគាំទ្រ​វិញ គឺ​រុស្ស៊ី​បានប្រកាស​ស្វាគមន៍​មុនគេ ហើយ​ថា​នេះ​ជា​ជំហាន​ដ៏​ល្អ​បំផុត​។ រុស្ស៊ី​ធ្លាប់​ចោទ​អាមេរិក​ថា វត្ដ​មាន​កងទ័ព​អាមេរិក​នៅ​ស៊ី​រី ជា​កត្ដា​រាំងស្ទះ​ដល់​ការស្វែងរក​សន្ដិភាព​នៅ​ទីនោះ​។ សម្រាប់​តួ​ក​គី​ក៏​ប្រកាស​គាំទ្រ​យ៉ាង​ពេញទំហឹង ដោយ​នៅពេលនេះ តួ​ក​គី​នឹង​បន្ដធ្វើ​ប្រតិ​បត្ដិកា​រវាយ​ប្រហារក​ម្ទេច​ក្រុម​រដ្ឋ​អ៊ីស្លាម​ដែល​នៅ​សេសសល់ ជំនួស​តួនាទី​អាមេរិក​ធ្លាប់ធ្វើ​កន្លងមក​។ នេះ​បើតាម​ការបញ្ជាក់​នៅក្នុង​សុន្ទរកថា របស់លោក​ប្រធានាធិបតី​តួ​ក​គី​តាម​ប៉ុស្ដិ៍​ទូរទស្សន៍​៕

ព័ត៌មានផ្សេងទៀត