រដ្ឋាភិបាល និង​សហព័ន្ធ​កីឡាបាល់ទាត់​ប្រតិកម្ម​HRW​ដែល​ប្រមាថ​លោក​សៅ សុខា​

22-12-2018 9:42 am 772
  ស្តាប់
ស្តាប់ជាសំឡេង

​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា នៅ​ថ្ងៃ​ទី​២១ ខែ​ធ្នូ បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ ដោយ​ចាត់ទុកថា ការចោទប្រកាន់​របស់ អង្គការ Human Right Watch ទៅលើ​លោក សៅ សុខា អគ្គមេបញ្ជាការ​រង និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស គ្មាន​មូលដ្ឋាន និង​មាន​ចរិត​នយោបាយ​។

​ការចេញ​សេចក្តីប្រកាស​ព័ត៌មាន​នេះ ធ្វើឡើង​បន្ទាប់​ពី មន្ត្រី​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) បាន​រាយការណ៍​ថា រដ្ឋាភិបាល​ជប៉ុន អាច​បាក់មុខ ដោយសារ​តារាបាល់ទាត់​ជប៉ុន​លោក ហុងដា កេស៊ូ​កិ (Keisuke Honda) បាន​ចាប់ដៃ​មេ​សហការ​ជាមួយ លោក សៅ សុខា ដែល​ជា​បុគ្គល​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ ក្នុង​ការដឹកនាំ​ជា​គ្រូបង្វឹក​ដល់​ក្រុម​កីឡាបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​។​

​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​បញ្ជាក់ទៀតថា ការចោទប្រកាន់ របស់​មន្ត្រី​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​នេះ មិន​ត្រឹមតែ​បន្ទុច​បង្អាក់​ការរួមចំណែក​ដ៏​ថ្លៃថ្លា​របស់​កីឡាករ​បាល់ទាត់​លំដាប់​ពិភពលោក​ហុងដា ក្នុង​ការអភិវឌ្ឍន៍​វិស័យ​កីឡាបាល់ទាត់​នៅ​កម្ពុជា ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​ការ​បន្ទុច​បង្អាក់​ការអភិវឌ្ឍន៍ វិស័យ​កីឡា​បាល់ទាត់ នៅក្នុង​តំបន់​អាស៊ាន ទ្វីប​អាស៊ី និង​អន្តរជាតិ​ផងដែរ​។​

​ពាក់ព័ន្ធ​បញ្ហា​នេះ រាជរដ្ឋាភិបាល​កម្ពុជា ក៏​បាន​ប្រតិកម្ម​យ៉ាងខ្លាំង​ផងដែរ ចំពោះ អង្គការ Human Right Watch ដោយ​ចាត់ទុកថា អង្គការ​នេះ បាន​ប្រឌិត​ព័ត៌មាន​វាយប្រហារ​បំពាន​ដល់​ការខិតខំ​ប្រឹងប្រែង​របស់ លោក សៅ សុខា ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​។

​តាមរយៈ​សេចក្តីថ្លែងការណ៍​របស់ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា នៅថ្ងៃទី២១ ខែធ្នូ បាន​លើកឡើង​ថា ការលើកឡើង​របស់ លោក​ប្រ៊ែ​ដ អាដាម នាយក​ប្រតិបត្តិ​ប្រចាំ​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស (Human Rights Watch) ជា​អង្គការ​ឯកជន​តាំងខ្លួន ជា​អ្នកត្រួតពិនិត្យ​សិទ្ធិមនុស្ស​អន្តរជាតិ​ប្រចាំ​តំបន់​អាស៊ី ជា​ការបង្ហាញ​កាន់តែ​ច្បាស់​ថា ខ្លួន​ជា​អង្គការ​មាន​ចរិត​បែប​ប្រទូសរ៉ាយ ជា​ទង្វើ​ដែល​គួរឲ្យ​ស្អប់ខ្ពើម និង​ដ៏​អាម៉ាស់​របស់​អង្គការ​នេះ​ដែល​មិន​អាច​ទទួលយកបាន​ដោយ​ប្រជាជន​កម្ពុជា​៕

ព័ត៌មានផ្សេងទៀត