បក្ស​​ប្រជា​ជន​៖​​បរទេស​​ខ្លះ​​យក​​​ សិទ្ធិមនុស្ស​ ​និង​​​ប្រជាធិប​​តេយ្យ​​ ដើម្បី​លូក​ដៃ​​ផ្ទៃក្នុង​​កម្ពុជា​​

21-12-2018 10:05 am 1723
  ស្តាប់
សន្និបាត គណៈកម្មាធិការ​កណ្តាលគណបក្សប្រជាជនកម្ពុជា នៅឆ្នាំ២០១៨។
ស្តាប់ជាសំឡេង

គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ បានបញ្ចប់​ការរៀបចំ​សន្និបាត គណៈកម្មាធិការ​កណ្តាល​របស់ខ្លួន​ជា​ស្ថាព​រហើយ បន្ទាប់ពី​ដំណើរការ​អស់​រយៈពេល​៣​ថ្ងៃ​។ ក្រោយ​បញ្ចប់​គណបក្ស​ប្រជាជន បានចេញ​លទ្ធផល​១១​ចំណុច​។ ក្នុង​ចំណុច​ទី​៦​គណបក្ស​នេះ បាន​អះអាងថា សភាពការណ៍​អន្តរជាតិ​កន្លងទៅ​មាន​ភាពស្មុគស្មាញ ហើយ​មាន​ប្ររទេស​អ្នកខ្លាំង​បាន​យក​បញ្ហា «​សិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ​»​ដើម្បី​លូកដៃ​ផ្ទៃក្នុង​កម្ពុជា​។​

​ក្នុង​ចំណុច​ទី​៦ នៃ​លទ្ធផល​សន្និបាត គណបក្ស​ប្រជាជន​កម្ពុជា បាន​ហៅ​ការសម្រេច និង ការប្រើប្រាស់​ទណ្ឌកម្មរ​បស់​ប្រទេស​អ្នកខ្លាំង​មួយចំនួន ជា​ការបំពាន​អធិបតេយ្យ​លើ​ប្រទេស​ខ្សោយ ហើយ​ធ្វើឱ្យ​ពិភពលោក​ត្រូវ​ជួប​បញ្ហា​ប្រឈម និង ហានិភ័យ​កាន់តែ​ច្រើនឡើង ក្នុងពេលដែល​បណ្តា​ប្រជាជាតិ​កំពុង​រួមគ្នា​ប្រឹងប្រែង​ឆ្ពោះទៅ​សម្រេច​គោលដៅ​អភិវឌ្ឍ​ដោយ​ចីរភាព​ឆ្នាំ​២០៣០​របស់​អង្គការសហប្រជាជាតិ​។​

​ចំពោះមុខ​បញ្ហា​នេះ គណបក្ស​ប្រជាជន​កម្ពុជា ក្នុងនាម​ជា​បក្ស​ដឹកនាំ​រដ្ឋាភិបាល​ច្រើន​ឆ្នាំ បាន​ប្តេជ្ញា​ថា​មិន​ឱនក្បាល ចំពោះ​ការដាក់​សម្ពាធ​ណាមួយ ពី​មជ្ឈដ្ឋាន​ខាងក្រៅ​ឡើយ ហើយ​ប្រឆាំង​ការជ្រៀតជ្រែក​របស់​បរ​ទេស ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា តាមរយៈ​ការ​មួលបង្កាច់​ភាពត្រឹមត្រូវ​លើ​កម្ពុជា​។ បក្ស​ប្រជាជន បញ្ជាក់ថា នឹង​ពង្រឹង​ដំណើរការ​ប្រជាធិបតេយ្យ​របស់ខ្លួន​ឱ្យ​កាន់តែ​រឹងមាំ​នៅ​កម្ពុជា លើ​មូលដ្ឋាន​ធានា​នូវ សន្តិភាព ការអភិវឌ្ឍ ផ្សារភ្ជាប់​ជាមួយ ការថែរក្សា​អត្តសញ្ញាណ​ជាតិ សេចក្តីថ្លៃថ្នូរ ប្រពៃណី ទំនៀមទម្លាប់​ក្នុងសង្គម​កម្ពុជា​។​

​ទាក់ទង​នឹង​បញ្ហានយោបាយ​ការបរទេស​វិញ គណបក្សកាន់អំណាច​មួយ​នេះ បានប្រកាស​ជំហ​ថា នឹង​បន្ត​ប្រកាន់ខ្ជាប់​នយោបាយ​ការបរទេស​អព្យាក្រឹត​មិន​ចូល​បក្សសម្ព័ន្ធ និង សន្តិ​សហ​វិជ្ជមាន  ពង្រឹង និង ពង្រីក ចំណងមិត្តភាព​មួយ​គ្រប់​ប្រទេស និង សហគមន៍​អន្តរជាតិ និង​ប្តេជ្ញា​ចូលរួម​វិភាគទាន​កាន់តែ​សកម្ម​ដើម្បី សន្តិភាព សុ​វត្តិភាព ពិភពលោក​ទាំងមូល​។​

​គួរ​បញ្ជាក់ថា គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​កាន់អំណាច បានរៀបចំ​សន្និបាត​គណៈកម្មាធិការ​កណ្តាល​របស់ខ្លួន រយៈពេល​បី​ថ្ងៃ និង​បាន​បិទ​បញ្ចប់​កាលពី​ម្សិលមិញ​។ ជា​សន្និបាត​ដែល​បក្ស​នេះ​អះអាងថា ដើម្បី​ពិភាក្សា និង អនុម័ត​របៀបវារៈ​សំខាន់ៗ​មួយចំនួន​ដែល​ត្រូវធ្វើ​ចំពោះមុខ ការជឿទុកចិត្ត​របស់​ប្រជាពលរដ្ឋ និង ការដឹកនាំ​ប្រទេស​៕


ព័ត៌មានផ្សេងទៀត