តែង​តាំង​​«​ទីប្រឹក្សា ឬ​ជំនួយការ​»​​ច្រើន​ជា​​ការ​ខាតបង់​​ថវិកា​ជាតិ​ឬ​?​

21-12-2018 9:03 am 8853
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងវេទិកាកន្លងទៅ។

​ស្ថាប័នរដ្ឋ​នានា​សម្រាប់​រដ្ឋាភិបាល​អាណត្តិ​ទី​៦​នេះ បានតែងតាំង​ទីប្រឹក្សា និង ជំនួយការ​របស់ខ្លួន​ជា​បន្តបន្ទាប់​។​បច្ចុប្បន្ននេះ គេ​នៅ​មិនទាន់​ដឹង​ច្បាស់​ថា ចំនួន​ទីប្រឹក្សា និង ជំនួយការ​របស់​រដ្ឋាភិបាល​អាណត្តិ​ថ្មី មាន​ប៉ុន្មាន​នោះទេ ខណៈដែល​ការតែងតាំង​ចេះតែ​បន្ត​ធ្លាប់​ចុះ​មកជា​ហូរហែ​។ រដ្ឋាភិបាល​កម្ពុជា ធ្លាប់បាន អះអាងថា ការតែងតាំង​នេះ ជា​ការជំរុញ​ការងារ​ឱ្យមាន​ប្រសិទ្ធភាព និង ផ្ដល់ឱកាស​ការងា​រដល់​មន្ត្រី​ថ្មី​។ ប៉ុន្តែ​សម្រាប់​អ្នកវិភាគ និង អ្នកតាមដាន រិះគន់ថា ការតែងតាំង​នេះ​ជា​ការបែងចែក​អំណាច និង ធ្វើឱ្យ​ខាតបង់​ថវិកាជាតិ​។ តើ​ជា​ការពិត​ឬ​?

​រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មាន​ទីប្រឹក្សា​ផ្ទាល់ និង ជំនួយការ​ចំនួន ១០១​នាក់ បូករួម​ជាមួយនឹង​មន្ត្រី​ក្នុង​ខុទ្ទកាល័យ​មាន​ជាង ៣០០​នាក់​។ លោក ហេង សំរិន ប្រធានរដ្ឋសភា មាន​ទីប្រឹក្សា​ចំនួន​៤១​នាក់ និង ជំនួយការ​៥​នាក់ និង មាន​មន្ត្រី​មួយចំនួន​ផ្សេងទៀត​។ ទីប្រឹក្សា​និង ជំនួយការ​អម​ទីស្ដីការគណៈរដ្ឋមន្ដ្រី​ចំនួន ៨៤ នាក់ និង ទីប្រឹក្សា​រដ្ឋាភិបាល​មាន​ចំនួន ២០៧​នាក់ ដែលមាន​ឋានៈ​ស្មើនឹង​ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ និង អនុរដ្ឋលេខាធិការ​។​

​ចំនួនដែ​លើកឡើងខាង​នេះ នៅ​មិនទាន់​រាប់​តំណែង រដ្ឋលេខាធិការ និង អនុ​រដ្ឋលេខា​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ផ្សេង​ទៀតផង​ទេ ដែល​អ្នកវិភាគ​មួយចំនួន​ប៉ាន់ប្រមាណ​ថា អាច​មិន​ក្រោម​ជាង​១​ពាន់​នាក់​។ រដ្ឋាភិបាល​ថ្មី​អាណត្តិ​ទី​៦​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គេ​មើលឃើញថា នៅតែ​ជា​រដ្ឋាភិបាល​មាន​សមាសភាព​ចាស់​ភាគច្រើន និង ជា​រដ្ឋាភិបាល​ដែលមាន​មន្ត្រី​កាន់តំណែង មន្ត្រី​ទីប្រឹក្សា និង ជំនួយការ​ច្រើន​ដដែល​។

​តែងតាំង ទីប្រឹក្សា និង ជំនួយ​ច្រើន​ជាការ​ខាតបង់​ថវិកាជាតិ​ឬ​?

​ជា​ការពិត ការតែងតាំង ទីប្រឹក្សា ជំនួយការ ឬ​រដ្ឋលេខាធិការ និង អនុ​រដ្ឋលេខា មិនជា​រឿង​ខាត​បង់​ថវិកាជាតិ ឬ ខុសច្បាប់​អ្វី​ឡើយ ប្រសិនបើ​ការតែងតាំង​នោះ រៀបចំឡើង​ដោយ តម្លាភាព និង  គណនេយ្យភាព​។ ប៉ុន្តែ​ជាទូទៅ កន្លងមក​ការតែងតាំង ទីប្រឹក្សា ឬ​ជំនួយការ​របស់​បុគ្គល ឬ ស្ថាប័ន តែង​រង​នូវ​ការរិះគន់​ពី​សំណាក់​សង្គម​ស៊ីវិល​ថា ជា​ការបង្កើន​បរិមាណ​មនុស្ស​ហួសកំណត់ ។ ម្យ៉ាងវិញទៀត ការតែងតាំង​ទៀតសោទ​ធ្វើឡើង​តាមយៈ​សែស្រឡាយ និង បក្ខពួក​ខ្លួន​និយម​។​ហើយ​ក្រៅពីនេះ ការតែងតាំង​អាចជា​ការចែក​អំណាច​គ្នា​ផងដែរ​។​

​ប៉ុន្តែ​យ៉ាងណាក្តី រាជរដ្ឋាភិបាល ពន្យល់ថា ការតែងតាំង​ជា​តម្រូវការ​តាម​ក្រសួង និង ស្ថាប័ន​នីមួយៗ ក្នុងនាម​ជា​អ្នកទទួលខុសត្រូវ ចំពោះ​ប្រសិទ្ធភាព​ការងារ​ក្នុង​ការបម្រើ​មហាជន​។​ហើយ​ការតែងតាំង​នេះ​នឹង​ជួយ​ការងារ​ក្រសួង និង ស្ថាប័ន​នីមួយៗ​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព និង បាន​ជួយ​ផ្តល់ឱកាស​ការងារ​ដល់​យុវជន​ជំនាន់​ក្រោយ​សម្រាប់​បន្តវេន​ផងដែរ​។​

​រដ្ឋាភិបាល អះអាងថា ការតែងតាំង​នេះ មិន​ធ្វើឱ្យ​បាត់បង់​ថវិកាជាតិ​ទេ តែ​ផ្ទុយទៅវិញ​បង្កើន​ការងារ​សម្រាប់​យុវជន​នៅ​ក្រសួង និង ស្ថាប័នរដ្ឋ ហើយ​ថា​ក្រសួង​ជាច្រើន​បាន​ធ្វើកំណែទម្រង់​សមត្ថភាព​មន្ត្រីរាជការ​ដើម្បី​ធ្វើឲ្យ​មន្ត្រី​ទាំងនោះ​ធ្វើ​ការងារ​កាន់តែ​ល្អ និង មាន​ប្រសិទ្ធភាព​។ រដ្ឋាភិបាល​ក៏មាន​ការសោកស្តាយ​ផងដែរ ចំពោះ​អ្នក​រិះគន់​មួយចំនួន  ដែល​មិន​យល់​ពី​ការងារ​របស់​រដ្ឋ​។​

​កាលពី​អណត្តិ​ទី ៥ ចំនួន​ទីប្រឹក្សា និង ជំនួយការ​របស់​រាជ​រដ្ឋាភិបាល មាន​ចំនួន​ជាង ១​ពាន់​នាក់​។ ទីប្រឹក្សា និង​ ជំនួយការ​ភាគច្រើន គឺជា​មន្ត្រី​ដែលមាន​តួនាទី​ស្រាប់​ក្នុង​ជួរ​រដ្ឋាភិបាល ហើយ​តំណែង​ទីប្រឹក្សា និង ជំនួយការ គឺជា​តំណែង​បន្ថែម​ពីលើ​មុខងារ​ដែលមាន​ស្រាប់ ដែល​មន្ត្រី​ទាំងអស់ នឹង​ទទួលបាន​ប្រាក់ខែ​តែមួយ​មុខ​ប៉ុណ្ណោះ មិនមាន​ការ​ថែម​ប្រាក់ខែ​លើ​មុខតំណែង​បន្ថែម​នោះឡើយ​។ នេះ​បើតាម​ការអះអាង​របស់​អ្នកនាំពាក្យ​ក្រសួង​មុខងារសាធារណៈ​។​

​ជារួម ការតែងតាំង​ទីប្រឹក្សា ឬ​ជំនួយការ មិនជា​រឿង​ខាត​បង់​ថវិកាជាតិ ឬ ខុសច្បាប់​អ្វី​ក៏ដោយ តែបើ​ការតែងតាំង​ច្រើន​ហួសហេតុ​ពេក វា​បង្ហាញ​ពី​ភាពអវិជ្ជមាន​ដល់​រាជរដ្ឋាភិបាល​។​ទី​១ បង្ហាញ​ពី​ចំនួន​ដ៏​ច្រើនសន្ធឹក​សន្ទាប់​នៃ​មន្ត្រី​ក្នុង​ជួរ​រាជរដ្ឋាភិបាល បើទោះបីជា​រដ្ឋាភិបាល ខំ​រៀបចំ​ច្បាប់​ស្តីពី ការប្រព្រឹត្តទៅ​នៃ​គណៈរដ្ឋមន្ត្រី​ថ្មី​ក្តី​។ ទី​២ បង្ហាញ​ពី​ភាពកំសោយ​នៃ​ការដឹកនាំ​តាម ស្ថាប័ន ឬ ក្រសួង​នីមួយៗ​ដែល​ត្រូវការ ទីប្រឹក្សា និង ជំនួយការ​ច្រើន​។ ទី​៣ រង​ការរិះគន់​នៃ​ការប្រព្រឹត្ត​អំពើពុករលួយ តាមរយៈ​ប្រើប្រាស់​មុខតំណែង និង តួនាទី ដែល​បានមកពី​ការ​ឡាយព្រះហស្តលេខា​ដោយ​ព្រះមហាក្សត្រ តាម​សំណើរ​នាយករដ្ឋមន្ត្រី​។​

​បរិបទ​សង្គម​ខ្មែរ​បច្ចុប្បន្ន អ្នក​មួយចំនួន​មើលឃើញថា អ្នកកាន់កា​រងារ​ក្នុង​ជួរ​រដ្ឋាភិបាល ជា​មន្ត្រី ទីប្រឹក្សា ជំនួយការ រដ្ឋលេខាធិការ និង អនុ​រដ្ឋលេខា មិន​សំខាន់​រឿង​ប្រាក់ខែ តែ​សំខាន់ គឺ​មុខតំណែង និង មុខមាត់​។​តំណែង ឬ​មុខមាត់ មិន​ត្រឹមតែ​បង្ហាញ​ពី​កិត្តិយស​ប៉ុណ្ណោះទេ តែ​ថែមទាំង​ជួយ​សម្រួល​ដល់​ដំណើរការ​ជំនួញ​រកស៊ី​ខាងក្រៅ ដែល​ពេលខ្លះ អាច​ជាប់​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​ក៏មាន​។​

​ដូច្នេះ​រាជរដ្ឋាភិបាល​គួរតែ​គិតគូ​រឡើងវិញ ពី​ករណីនេះ ពីព្រោះថា អត់​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ដែលជា​បក្សប្រឆាំង​ទៅ គណបក្ស​ប្រជាជន​ ​ជា​បក្ស​ដឹកនាំ​រដ្ឋាភិបាល អាច​នឹង​ប្រឈមមុខ​ជាមួយ​ប្រជាពលរដ្ឋ​។ ​ពលរដ្ឋ​ដែល​​កំពុង​ស្រែក​ឃ្លាន​ចង់បាន ការអភិវឌ្ឍគ្រប់​ស្រទាប់វណ្ណៈ និង ស្អប់ខ្ពើម​ អំពើពុករលុយ និង បក្សពួកនិយម​៕


ព័ត៌មានផ្សេងទៀត