លោក​ដូណាល់ ត្រាំ​៖​​ក្រុម​រដ្ឋ​អ៊ីស្លាម​​ចាញ់​ហើយ កងទ័ព​អាមេរិក​​នឹង​ដក​ចេញ​ពី​ស៊ី​រី​

20-12-2018 9:01 am 1564
  ស្តាប់
រូបភាពលោកដូណាល់ ត្រាំ​និងកងទ័ពអាមេរិក
ស្តាប់ជាសំឡេង

​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ បានប្រកាសថា​លោក​នឹង​បញ្ជា​ឲ្យ​ដកទ័ព​អាមេរិក​ទាំងអស់​តែម្ដង ចេញពី​ប្រទេស​ស៊ី​រី ដោយសារតែ​ពួកគេ​បានបញ្ចប់​បេសកកម្ម​ហើយ​។ ជា​បេសកកម្ម​កម្ទេច​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម ដែល​កាន់កាប់​ដែនដី​មួយ​ភាគ​ធំ​នៅ​ស៊ី​រី​។ ការប្រកាស​យ៉ាង​ភ្ញាក់ផ្អើល​នេះ ធ្វើឡើង​កាលពី​ថ្ងៃ​ពុធ​នៅលើ​ប្រព័ន្ធ​ធ្វី​ត​ទ័​រ​។

​ការសម្រេចចិត្ដដ​កទ័ព​ទាំងស្រុង​នេះ ត្រូវបាន​បញ្ជាក់បន្ថែម​ដោយ​មន្ដ្រីជាន់ខ្ពស់​អាមេរិក ហើយ​រំពឹង​នឹង​ចាប់ផ្ដើម​ក្នុងពេល​ដ៏​ខ្លី​ខាងមុខ​។ បច្ចុប្បន្ន មាន​ទ័ព​អាមេរិក​ប្រមាណ​២​ពាន់​នាក់ ដែល​ពួកគេ​បានបញ្ចប់​យុទ្ធនាការ​វាយប្រហារ​ជួយ​ដណ្ដើម​ទឹកដី​ស៊ី​រី​ពី​ក្រុម​រដ្ឋ​អ៊ីស្លាម​។ ប៉ុន្ដែ​អាមេរិក​ក៏​នៅ​រក្សា​ជម្រើស​នានា សម្រាប់​ប្រើប្រាស់​ក្នុងករណី​ដែល​ក្រុម​នេះ​ងើប​ឡើងវិញ​។ រឿង​គួរឲ្យ​កត់សម្គាល់មួយ​ទៀត វា​ក៏​អាច​កាត់​បន្ថយឥទ្ធិពល​អាមេរិក​នៅក្នុង​តំបន់ និង​ធ្វើឲ្យប៉ះពាល់​ដល់​កិច្ចខិតខំ​ប្រឹងប្រែ​ង​ស្វែងរក​ដំណោះស្រាយ​ការទូត បញ្ចប់វិបត្ដិ​ស៊ី​រី​ដែល​ឥលូវ​នេះ​ឈានដល់​ឆ្នាំ​ទី​៨​ហើយ​។​

​ការប្រកាស​គ្រោង​ដកទ័ព​ភ្លាមៗ​ធ្វើឡើង​ដោយ​ប្រធានាធិបតី​ត្រាំ បង្ក​ការរិះគន់​យ៉ាងខ្លាំង​ពី​សមាជិក​គណបក្ស​សាធារណរដ្ឋ​មួយចំនួន​។ ពួកគេ​ថា ធ្វើ​ដូច្នេះ​ប្រៀប​ដូច​ប្រគល់​អំណាច​ឲ្យ​រុស្ស៊ី​និង​អ៊ីរ៉ង់ សព្វថ្ងៃ​កំពុង​គាំទ្រ​រដ្ឋាភិបាល​ស៊ី​រី​លោក​បា​សា អាល់​អាសាដ​។ ចំពោះ​ក្រុមឃឺ​ដនិង​កងជីវព​លអា​រ៉ាប់​ស្គាល់​ថា​កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ី​រី ជា​ក្រុម​ស្ថិតក្រោម​ការគាំទ្រ​ពី​អាមេរិក ហើយក៏​ជា​ក្រុម​មាន​ឥទ្ធិពល​បំផុត ក្នុង​ការប្រយុទ្ធប្រឆាំង​ក្រុម​រដ្ឋ​អ៊ីស្លាម នឹង​ស្ថិតនៅក្រោម​ការគំរាមកំហែង​ពី​តួ​ក​គី ខណៈ​តួ​ក​គី​កំពុងបើក​ការវាយប្រហារ​ជាថ្មី​នៅ​ស៊ី​រី​។​

​មេបញ្ជាការ​អាមេរិក​មាន​ទំនាក់ទំនង​នឹង​មេទ័ព​កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ី​រី បានបង្ហាញ​ការព្រួយបារម្ភ​ចំពោះ​អ្វីដែល​ចាត់ទុកជា​ការ​ដកទ័ព​ឆាប់រហ័ស​ពេក អាចធ្វើឲ្យ​កងទ័ពស​ម្ព័​ន្ធមិត្ដ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​។ ប៉ុន្ដែ​លោក​ដូណាល់ ត្រាំ​និយាយថា​បេសកកម្ម​នៅ​ស៊ី​រី ធ្វើឲ្យ​ក្រុម​រដ្ឋ​អ៊ីស្លាម​បាត់បង់​មូលដ្ឋាន​បាត់បង់​ទឹកដី​ពួកគេ​។ លោក​គូសបញ្ជាក់​នៅលើ​ប្រព័ន្ធ​ធ្វី​ត​ទ័​រ​ថា កងទ័ព​អាមេរិក​ទាំងអស់​នៅ​ស៊ី​រីនឹង​ត្រឡប់មកផ្ទះ​វិញ ព្រោះ​ពួកគេ​ឈ្នះ​ហើយ​។ យ៉ាងណាមិញ​សេត​វិមាន​បដិសេធ​មិន​ផ្ដល់​កាលបរិច្ឆេទ ទាក់ទង​នឹង​ការដក​ទ័ព​ទេ​។​

​សូមបញ្ជាក់ថា សង្គ្រាមស៊ីវិល​នៅ​ក្នុងប្រទេស​ស៊ី​រី​ប្រមាណ​ជា​៨​ឆ្នាំ​មកនេះ បណ្ដាលឲ្យមាន​មនុស្ស​ស្លាប់​និង​របួស​រាប់ម៉ឺន​នាក់ ហើយ​ប្រជាជន​ស៊ី​រី​ប្រមាណ​ពាក់កណ្ដាល​ត្រូវ​រត់​ភៀសខ្លួន​។ មុន​សង្គ្រាម​ស៊ី​រី​មាន​ចំនួន​ប្រជាជន​សរុប​២២​លាន​នាក់​៕ 

 ពាក្យគន្លឹះ  អាមេរិកស៊ីរីដកទ័ព

ព័ត៌មានផ្សេងទៀត