តាមការបញ្ជាក់របស់លោកអ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយក ប.ស.ស បានបញ្ជាក់ថា រហូតមកដល់ពេលនេះ ប.ស.ស បានចុះបញ្ជីមន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន សរុបចំនួន ៣១៤ ០៧៦នាក់។ ក្នុងនោះ មន្ត្រីរាជការចំនួន ២០៤ ០៨៤នាក់ អតីតមន្ត្រីរាជការចំនួន ៥៥ ២២២នាក់ អតីតយុទ្ធជនចំនួន ៥៤ ៧៧០នាក់។
លោកថា កន្លងមក ប.ស.ស បានធ្វើកិច្ចសហការតាមបណ្ដាក្រសួងមួយចំនួន ក្នុងការផ្តល់ប័ណ្ណសមាជិក ប.ស.ស ទៅដល់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ដើម្បីទទួលបានសេវាថែទាំសុខភាពនៅមូលដ្ឋានសុខាភិបាល ដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស។
លោកអ៊ុក សមវិទ្យា បានបញ្ជាក់ថា ចាប់ពីឆ្នាំ២០០៨ រហូតមកដល់បច្ចុប្បន្ន ប.ស.ស បានពង្រីកវិសាលភាពរបស់ខ្លួនគ្របដណ្តប់ទូទាំងប្រទេសដោយ មានមន្ត្រីរាជការ និងបុគ្គលិកដែលកំពុងបម្រើការងារ អង្គភាព ប.ស.ស សរុប ចំនួន ១ ៣៥៩នាក់ ក្នុងនោះមានមន្ត្រីរាជការចំនួន ២២៣នាក់ និងបុគ្គលិកជាប់កិច្ចសន្យាចំនួន១ ១៣៦នាក់។
លោកថា តាមរយៈការអនុវត្តរបបសន្តិសុខសង្គមសម្រាប់វិស័យឯកជនប្រកបដោយជោគជ័យគួរជាទីមោទនៈ កន្លងមក ប.ស.ស ត្រូវបានរាជរដ្ឋាភិបាលផ្តល់ទំនុកចិត្ត និងបានប្រគល់ភារកិច្ចបន្ថែម ជាប្រតិបត្តិករតែមួយគត់ ក្នុងការគ្រប់គ្រងនិងចាត់ចែងរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារសម្រាប់ មន្ត្រីសាធារណៈ និងផ្នែកថែទាំសុខភាពសម្រាប់មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន ដែលមានបញ្ញត្តិនៅក្នុងព្រះរាជក្រឹត្យលេខ នស/រកត/០២១៧/០៧៨ ចុះថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧ ។
នៅដើមឆ្នាំ២០១៨ របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព សម្រាប់មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន បានដាក់ឱ្យដំណើការ នូវកញ្ចប់តាវកាលិករួមមាន សេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រ សេវាបញ្ជូនអ្នកជំងឺ ឬជនរងគ្រោះចំពោះករណីសង្គ្រោះបន្ទាន់ និងសេវាបញ្ជូនសព សេវាបង្ការសុខភាព។
ចាប់ពីឆ្នាំ២០១៩ នេះទៅ លោកអ៊ុក សមវិទ្យា អះអាងថា ប.ស.ស នឹងបន្តពង្រឹង និងពង្រីកការអនុវត្តរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងបន្តជំរុញការអនុវត្តផ្នែកថែទាំសុខភាពទាំងសម្រាប់កម្មករនិយោជិត និងមន្ត្រីសាធារណៈ និងខិតខំរៀបចំដាក់ឱ្យដំណើរការផ្នែកប្រាក់សោធនសម្រាប់កម្មករនិយោជិត និងផ្នែកហានិភ័យការងារសម្រាប់មន្ត្រីសាធារណៈផងដែរ៕