តាមការចុះផ្សាយរបស់កាសែតNational Postកាណាដា នៅថ្ងៃទី១៩ធ្នូនេះ ដោយយោងប្រភពពីក្រសួងការបរទេស បានឲ្យដឹងថាមានជនជាតិកាណាដាម្នាក់ទៀតហើយ ត្រូវបានចាប់ឃុំខ្លួននៅក្នុងប្រទេសចិន។ ប៉ុន្ដែអ្នកនាំពាក្យក្រសួងការបរទេសចិន បានបដិសេធព័ត៌មាននេះ ហើយថាអ្នកស្រីមិនបានដឹងរឿងឡើយ។
ការចាប់ខ្លួនពលរដ្ឋកាណាដាបន្ថែមម្នាក់ទៀតនេះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធរចិនបានចាប់ខ្លួនពលរដ្ឋកាណាដាពីររូបរួចមកហើយ។ ក្នុងចំណោមនោះម្នាក់ជាអតីតមន្ដ្រីការទូតកាណាដាឈ្មោះMichael Kovrig និងម្នាក់ទៀតជាអ្នកជំនួញឈ្មោះMichael Spavor។ អ្នកទាំងពីរចិនសង្ស័យបានពាក់ព័ន្ធនឹងការគំរាមកំហែងសន្ដិសុខជាតិចិន ហើយត្រូវបានចាប់ខ្លួនបន្ទាប់ពីអាជ្ញាធរកាណាដា ចាប់ខ្លួនប្រធានផ្នែកហិរញ្ញវត្ថុក្រុមហ៊ុនHuawei អ្នកស្រីMeng Wanzhou កាលពីថ្ងៃទី០១ខែធ្នូ។
ករណីកាណាដាចាប់ខ្លួនអ្នកស្រីMeng បានរុញច្រានឲ្យទំនាក់ទំនងរវាងចិនជាមួយកាណាដា ដាំក្បាលចុះយ៉ាងខ្លាំងក្នុងពេលថ្មីៗនេះ។ ចិនបានទទូចឲ្យកាណាដាដោះលែងអ្នកស្រីMengវិញ ប៉ុន្ដែកាណាដាមិនព្រមព្រោះធ្វើតាមសំណើអាមេរិក។ អាមេរិកចោទថាអ្នកស្រីMeng រំលោភទណ្ឌកម្មអាមេរិកដាក់លើអ៊ីរ៉ង់ ដូច្នេះហើយទើបស្នើឲ្យកាណាដាសហការចាប់ខ្លួនអ្នកស្រី។ មិនបានប៉ុន្មានថ្ងៃផង ចិនក៏ចាប់ខ្លួនពលរដ្ឋកាណាដាជាបន្ដបន្ទាប់ ធ្វើឲ្យមានការរិះគន់ថា ចិនចង់សងសឹកនឹងកាណាដា ព្រោះចិនបានព្រមានបើកាណាដាមិនដោះលែងអ្នកស្រីMeng កាណាដានឹងជួបបញ្ហាធ្ងន់ធ្ងរ។
ប៉ុន្ដែចិនបានបកស្រាយថា ការចាប់ខ្លួនពលរដ្ឋកាណាដា មិនពាក់ព័ន្ធនឹងករណីអ្នកស្រីMeng Wanzhouឡើយ អាជ្ញាធរចិនធ្វើតាមច្បាប់របស់ប្រទេសប៉ុណ្ណោះ។ ដូចបញ្ជាក់ហើយថា សង្ស័យពួកគេរួមដៃធ្វើសកម្មភាពគំរាមកំហែងសន្ដិសុខចិន។ ដោយឡែកព័ត៌មានលម្អិតទាក់ទងនឹងការចាប់ខ្លួនពលរដ្ឋកាណាដាទីបីវិញ ពុំទាន់មានព័ត៌មានច្បាស់លាស់ទេ៕