តាំងពី​រដ្ឋប្រហារ​​ឆ្នាំ​២០១៦​​មនុស្ស​ជិត​​២​ពាន់​នាក់​​ត្រូវ​តួ​ក​គី​​ដាក់ពន្ធនាគារ​​មួយជីវិត​

19-12-2018 3:15 pm 943
  ស្តាប់
លោក​Recep Tayyip Erdoganប្រធានាធិបតីតួកគី
ស្តាប់ជាសំឡេង

​តាម​ការចុះផ្សាយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​តួ​ក​គី គិត​ចាប់តាំងពី​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ប្រធានាធិបតី លោក​Recep Tayyip Erdogan ក្នុង​ខែកក្កដា​ឆ្នាំ​២០១៦ មាន​មនុស្ស​ជិត​២​ពាន់​នាក់​ហើយ ត្រូវបាន​កាត់ទោស​ដាក់​ពន្ធនាគារ​អស់​មួយជីវិត​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​បញ្ជាក់ថា មាន​ជនសង្ស័យ​ចំនួន​១,៩៣៤​នាក់ ត្រូវបាន​តុលាការ​សម្រេច​កាត់ទោស​ពួកគេ ឲ្យ​ដេក​ក្នុង​ពន្ធនាគារ​អស់​មួយជីវិត​។ 

​តាំងពី​មាន​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ តុលាការ​បាន​បិទ​បញ្ចប់​ករណី​ចំនួន​២៣៩​នៃ​២៨៩​ករណី​។ នៅសល់​៥០​ករណី​ទៀត ក្នុងនោះ​មាន​១៨​ករណី​នៅ​ទីក្រុង​អង់កា​រ៉ា និង​៩​ករណី​នៅក្នុង​ទីក្រុង​អ៊ី​ស្ដង់​ប៊ុល​។ ទីក្រុង​អង់កា​រ៉ា​បាន​ចោទប្រកាន់​លោក​Fethullah Gulen ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​មួយរូប​កំពុង​រស់នៅ​សហរដ្ឋអាមេរិក ជា​អ្នកបញ្ជា​ឲ្យធ្វើ​រដ្ឋប្រហារ ហើយ​ចាត់ទុក​ចលនា​របស់លោក ជា​អង្គការ​ភេរ​វករ Gulen​។ ប៉ុន្ដែ​លោក​Gulen​បាន​ច្រានចោល​រាល់​ការចោទប្រកាន់​ទាំងអស់​។​

​សូម​បញ្ជាក់ដែរថា មាន​មនុស្ស​ជាង​៣,០៥០​នាក់ ត្រូវបាន​ផ្ដន្ទាទោស​ក្រោម​បទ​ចោទថា បាន​ពាក់ព័ន្ធ​នឹង​ចលនា​របស់លោក​Fethullah Gulen ដោយ​ក្នុងនោះ​មាន​១,១២៣​នាក់ ត្រូវបាន​កាត់ទោស​ដាក់​ពន្ធនាគារ​ផ្សេងៗ​ពីគ្នា ចន្លោះ​ពី​ជាង​១​ឆ្នាំ​ដល់​២០​ឆ្នាំ​។ ក្នុងពេល​ប៉ុន្មាន​សប្ដាហ៍​ថ្មីៗ​នេះ ប៉ូលិស​ក៏​បានធ្វើ​ប្រតិ​បត្ដិការនៅ​ទូទាំងប្រទេ​ស ដើម្បី​បង្ក្រាប​ក្រុម​ជនសង្ស័យ​ពាក់ព័ន្ធ​នឹង​ចលនា​លោក​Gulen​។ 

​ចំពោះ​ការចាប់ខ្លួន​មនុស្ស​ជាង​៥​ម៉ឺន​នាក់ និង​ដក​មុខតំណែង​បុគ្គលិក​រាប់ពាន់នាក់​ចេញពី​វិស័យ​សាធារណៈ ចាប់តាំងពី​ការធ្វើ​រដ្ឋប្រហារ​ក្នុង​ខែកក្កដា​ឆ្នាំ​២០១៦ បាន​ធ្វើឲ្យមាន​ការផ្ញាក់ផ្អើល​យ៉ាងខ្លាំ​ងដល់​ប្រទេស​លោកខាងលិច និង​ក្រុម​សកម្មជន​សិទ្ធិមនុស្ស​។ ប៉ុន្ដែ​មន្ដ្រី​តួ​ក​គី​ថា​ការបង្ក្រាប​នេះ  ក្នុង​បំណង​ទប់ស្កាត់​ឥទ្ធិពល​របស់លោក​Gulen​ប៉ុណ្ណោះ ដែល​តួ​ក​គី​ចាត់ទុកជា​មេរោគ​នៅក្នុង​ស្ថាប័នរដ្ឋ​៕

ព័ត៌មានផ្សេងទៀត