លោក​​ម៉ៅ មុន្នី​វណ្ណ​​៖​លោក​​សម រង្ស៊ី​​ជា​អ្នក​​បំបែក​​បក្ស​សង្គ្រោះ​​ជាតិ​​ជា​ពីរ​​

19-12-2018 10:02 am 2737
  ស្តាប់
លោក ម៉ៅ មុន្នី​វណ្ណ អតីត​មន្ត្រីជាន់ខ្ពស់​បក្ស​សង្គ្រោះ​ជាតិ ។
ស្តាប់ជាសំឡេង

​លោក សម រង្ស៊ី អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​អ្នកគាំទ្រ​លោក​នៅ​ក្រៅប្រទេស សម្រេច​តែងតាំង​ជា​ប្រធានស្ដីទី​គណបក្សប្រឆាំង​វិញ ក្រោម​ហេតុផល​ថា ដើម្បី​បញ្ចៀស​កុំឱ្យ​ក្បាលម៉ាស៊ីន​គណបក្ស​ជាប់គាំង​។ លោក ម៉ៅ មុន្នី​វណ្ណ អតីត​មន្ត្រីជាន់ខ្ពស់​បក្ស​សង្គ្រោះ​ជាតិ បានចាត់ទុក​តំណែក​ប្រធានស្តី​ទីនេះជាការ​ក្លែង​ក្លាយ ព្រោះ​មិនមាន​ការឯកភាព​ពី​លោក កឹម សុខា និង ដោយ​រំលោភ​លក្ខន្តិកៈ​បក្ស ហើយ​ការតែងតាំង​នេះ បង្ហាញថា លោក សម រង្ស៊ី បាន​ចូលរួម​​បំបែកបំបាក់​គណបក្ស​សង្គ្រោះ​ជាតិ​។​

​ហេតុផល​ថា ការតែងតាំង​លោក សម រង្ស៊ី ជា​ប្រធានស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​បង្រួបបង្រួម​បក្សប្រឆាំង​ឡើងវិញ និង ទំនាក់ទំនង​អន្តរជាតិ​ឱ្យ​ដាក់​សម្ពាធមក​លើ​រដ្ឋាភិបាល ត្រូវបាន​លោក ម៉ៅ មុន្នី​វណ្ណ អតីត​មន្ត្រីជាន់ខ្ពស់​បក្ស​សង្គ្រោះ​ជាតិ ចាត់ទុកថា ជា​បោកប្រាស់​អ្នកគាំទ្រ​ដែល​មិនដឹង​ការពិត និង ជា​ហេតុផល​មិន​ពិត​។​

សម្រាប់​លោក ម៉ៅ មុន្នី​វណ្ណ លោក​ពន្យល់ថា សកម្មភាព សម រង្ស៊ី មិន​ត្រឹមតែ​មិនអាច​មក​បង្រួម​គណបក្ស​សង្គ្រោះ​ជាតិ​បានទេ ផ្ទុយទៅវិញ អំពើ​របស់លោក សម រង្ស៊ី បច្ចុបន្ន គឺ​បង្ហាញ​យ៉ាងច្បាស់​ថា បាន​ចូលរួម​បំបែកបំបាក់​បក្ស​។​បំបែកបំបាក់​ដោយ​លោក ម៉ៅ មុន្នី​វណ្ណ បន្តថា ព្រោះ​រាល់​ការសម្រេច​អ្វីៗ មានតែ​មនុស្ស​ក្រុម​របស់លោក សម រង្ស៊ី គ្មាន​ក្រុម​លោក កឹម សុខា ដែល​ធ្វើឱ្យ​ទំនាស់​ផ្ទៃក្នុង​បក្ស​។​

​ទាក់ទង​នឹង​ការងារ​ទូត ទំនាក់ទំនង​អន្តរជាតិ​វិញ អតីត​មន្ត្រីជាន់ខ្ពស់​បក្ស​សង្គ្រោះ​ជាតិ​រូបនេះ អះអាងថា មិនបាច់​មាន​លោក សម រង្សី ជា​ប្រធានស្តីទី​ទេ ព្រោះ​កន្លងមក​បក្សប្រឆាំង​ប្រើប្រាស់​យន្តការ​ដែលមាន​ស្រាប់​ទំនាក់ទំនង​ជាមួយ​អន្តរជាតិ​យ៉ាង​មមាញឹក និង មាន​ប្រសិទ្ធិភាព​។​

​សូម​រម្លឹក លោក សម រង្ស៊ី អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​អ្នកគាំទ្រ​លោក​សម្រេច​តែងតាំង​ជា​ប្រធានស្ដីទី​បក្សប្រឆាំង​ឡើងវិញ​។ បើតាម​សេចក្ដីប្រកាស​ព័ត៌មាន អះអាងថា ការតែងតាំង​លោក សម រង្ស៊ី ជា​ប្រធានស្ដីទី​គណបក្ស​នេះ គឺមាន​រយៈពេល​បណ្ដោះអាសន្ន​ប៉ុណ្ណោះ និង ដើម្បីឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ថ្នាក់ដឹកនាំ​ដ៏​ខ្លាំងក្លា អាច​តស៊ូ និង ជំរុញឲ្យមាន​ការដោះលែ​ង​លោក កឹម សុខា ឱ្យមាន​សេរីភាព​ឡើងវិញ​។​

​ភ្លាមៗ​ក្រោយ​ប្រកាស​តែងតាំង​លោក សម រង្ស៊ី ប្រធានស្ដីទី​គណបក្សប្រឆាំង ក្រុម​អ្នកគាំទ្រ​លោក​កឹម សុខា រួមទាំង​លោក កឹម សុខា​ផង បានប្រកាស​មិន​គាំទ្រ​នឹង​សេចក្តីសម្រេច​នេះ​។​អ្នកវិភាគ​មួយចំនួន យល់ថា ការ​ហក់​មក​កាន់តំណែង​ប្រធានស្ដីទី​របស់លោក សម រង្ស៊ី អាចជា​យន្ដការ​មួយ​ជួយ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ក្បាលម៉ាស៊ីន​ដឹកនាំ​ច្បាស់លាស់ និង ងាយស្រួល​ចរចា​ជាមួយ​សហគមន៍​អន្ដរជាតិ​។​ហើយ​ការប្រឆាំង​តវ៉ា​ពី​អ្នកគាំទ្រ​លោក​កឹម សុខា អ្នកវិភាគ​ចាត់ទុកថា អាចជា​សញ្ញា​នៃ​ការបែកបាក់​របស់​ក្រុម​ប្រឆាំង​៕

 ពាក្យគន្លឹះ  គណបក្សសង្រ្គោះជាតិ

ព័ត៌មានផ្សេងទៀត