អង់គ្លេស​​នឹង​បោះឆ្នោត​​ប្រជាមតិ​ស្ដីពី​​ការចាកចេញ​​ពី​អឺរ៉ុប​​ជា​លើក​ទី​ពីរ​?

18-12-2018 2:52 pm 14811
រូបភាព​តំណាង​អង់គ្លេស​​និងអឺរ៉ុប

​ព្រោះតែ​រឿង​មិន​ចុះសម្រុង​គ្នា​នឹង​កិច្ចព្រមព្រៀង​ទើប​សម្រេចបាន​ជាមួយ​អឺរ៉ុប ធ្វើឲ្យ​មន្ដ្រីជាន់ខ្ពស់​អង់គ្លេស រួមទាំង​អតីត​នាយករដ្ឋមន្ដ្រី​អង់គ្លេស សម្លឹង​ឃើញ​ផ្លូវ​ថ្មី​មួយទៀត​។ នោះ​គឺ​ចង់ឲ្យ​រៀបចំ​ការបោះឆ្នោត​ប្រជាមតិ​ស្ដី​ពី ការចាកចេញ​ពី​អឺរ៉ុប​ជា​លើក​ទី​ពីរ ដើម្បី​ដោះស្រាយ​ភាពជាប់គាំង​។ សមាជិកសភា​មួយចំនួន បារម្ភ​ថា​កិច្ចព្រមព្រៀង​ជាមួយ​អឺរ៉ុប នឹង​នៅតែ​បន្ដ​ហានិភ័យ​ដល់​អង់គ្លេស​ក្រោយ​ចេញពី​អឺរ៉ុប​។ ហេតុនេះ​ត្រូវតែ​កែប្រែ​លក្ខខណ្ឌ​ឡើងវិញ ហើយ​បើ​អាច​រៀបចំ​ការ​ប្រជាមតិ​លើក​ទី​ពីរ​រឹតតែ​ល្អ​។ តើ​អង់គ្លេស​ពិតជា​ត្រូវ​ធ្វើបែបនេះ​មែន​? 

​ជា​បន្ដ​សូម​ស្ដាប់​សេចក្ដីរាយការណ៍​ពី​ពេញ ផេង នៅក្នុង​នាទី​វិភាគ​ព្រឹត្ដិការណ៍​អន្ដ​រ​ជាតិ​៖

​សំឡេង​៖

​ចក្រភព​អង់គ្លេស​បាន​ចូល​ជា​សមាជិក​សហភាព​អឺរ៉ុប ក្នុង​ឆ្នាំ​១៩៧៣ ស្ថិតក្រោម​ការដឹកនាំរ​បស់​រដ្ឋាភិបាល​អភិរក្ស​និយម ដែលមាន​លោក​Edward Heath​ជា​នាយករដ្ឋមន្ដ្រី​។ ៤៣​ឆ្នាំ​ក្រោយមក អង់គ្លេស​ក៏​សម្រេច​ចង់​រស់នៅ​ដោយ​ខ្លួនឯង លែង​ជ្រក​ក្រោម​ដំបូល​សហភាព​អឺរ៉ុប​ដែលមាន​សមាជិក​២៨​ប្រទេស​ទៀតហើយ​។ ចក្រភព​អង់គ្លេស​បានរៀបចំ​ការ​បោះឆ្នោត​ប្រជាមតិ ស្ដីពី​ការចាកចេញ​ពី​សមាជិក​អឺរ៉ុប​(Brexit ) កាលពី​ថ្ងៃទី​២៣​ខែមិថុនា​ឆ្នាំ​២០១៦​។ លទ្ធផល​ទទួលបាន ប្រជាជន​ប្រមាណ​៥២​ភាគរយ គាំទ្រ​ឲ្យ​ដើរចេញ​។ ក្រោយ​ប្រជាជន​ចង់បាន​ដូច្នេះ រដ្ឋាភិបាល​ក៏​ចាប់ផ្ដើម​ដំណើរការ​ចរចា​លក្ខខណ្ឌ​ជាមួយ​សហភាព​អឺរ៉ុប​។ ជា​លក្ខខណ្ឌ​ធានា​ដល់​សុខ​សុវត្ថិភាព​ផ្នែក​នយោបាយ សេដ្ឋកិច្ច សង្គម ក្រោយពេល​អង់គ្លេស​ផ្ដាច់ខ្លួន​។ រដ្ឋាភិបាល​លោកស្រី​Theresa May ជា​អ្នកទទួលបន្ទុក​ចរចា​លើ​លក្ខខណ្ឌ​ទាំងនេះ​។ 

​ពេលវេលា​កាន់តែ​ខើច ព្រោះ​អង់គ្លេស​កំណត់​ចេញពី​អឺរ៉ុប​នៅ​ថ្ងៃទី​២៩​ខែ​មីនាឆ្នាំ​២០១៩ លោកស្រី​May​បាន​ពន្លឿន​ការច​រចាជាមួយ​អឺរ៉ុប​កាន់តែខ្លាំង​ដែរ​។ ដំណើរការ​ចរចា​ប្រព្រឹត្ដទៅ​រយៈពេ​ល​១៧​ខែ ទើប​ទទួលបាន​កិច្ចព្រមព្រៀង​រួម​។ ក្នុង​រយៈពេល​នេះ ពិតជា​លំបាក​ខ្លាំង​សម្រាប់​រដ្ឋាភិបាល​ដឹកនាំ​ដោយ​ស្ដ្រី​វ័យ​៦២​ឆ្នាំ​រូបនេះ ដោយ​លោកស្រី​ត្រូវ​ប្រឈមមុខ​តតាំង ទាមទារ​នូវ​អ្វីដែល​អង់គ្លេស​ចាំបាច់​ត្រូវ​ទទួលបាន សម្រាប់​ធានា​សុខ​សុវត្ថិភាព​។ ខ្លួន​មួយ​តែឯង​ហើយ​ជា​ស្ដ្រី​ទៀត ត្រូវ​តតាំង​ជាមួយ​តំណាង​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប​២៧ មិនមែនជា​រឿង​ងាយស្រួល​ឡើយ ទម្រាំ​ទទួលបាន​លទ្ធផល​ជា​កិច្ចព្រមព្រៀង​រួម​កាលពី​ខែវិច្ឆិកា​ឆ្នាំ​២០១៨​នេះ​។​

​ក្ដី​រំពឹង​ក្រោយ​ទទួលបាន​កិច្ចព្រមព្រៀង​រួម លោកស្រី​Theresa May​គ្រោង​នឹងដាក់​កិច្ចព្រមព្រៀង ស្វែងរក​ការគាំទ្រ​អនុម័ត​នៅ​សភា​ចុង​ឆ្នាំនេះ ប៉ុន្ដែ​បែរជា​ជួប​រឿង​មិន​នឹកស្មាន​ដល់​។ សមាជិកសភា​ភាគច្រើន​មើលឃើញថា កិច្ចព្រមព្រៀង​នៅតែ​ផ្ដល់​ហានិភ័យ​ដល់​អង់គ្លេស​ក្រោយ​ចេញពី​អឺរ៉ុប​។ ទំនង​មិន​ទទួលបាន​ការគាំទ្រ លោកស្រី​May​បាន​លើក​ពេល​អនុម័ត​។ លោកស្រី​ក៏បាន​ចរចា​ជាមួយ​សហភាព​អឺរ៉ុប​ឡើងវិញ កែសម្រួល​ចំណុច​ព្រួយបារម្ភ​ដែល​សមាជិកសភា​លើកឡើង​។ ទីបំផុត​កិច្ចព្រមព្រៀង ត្រូវ​លើក​ពេល​អនុម័ត​ទៅ​ពាក់កណ្ដាល​ខែមករា​ឆ្នាំក្រោយ​។​

​យ៉ាងណាមិញ​រឿង​ខ្វែងគំនិត​គ្នា​ក៏​នៅតែ​កើតមានឡើង​ដដែល រហូត​មាន​ការស្នើសុំ​ឲ្យ​រៀបចំ​ការធ្វើប្រជាមតិ​ជា​លើក​ទី​ពីរ​ថែមទៀត​។ មិន​ត្រឹមតែ​គណបក្សប្រឆាំង សូម្បី​មន្ដ្រីជាន់ខ្ពស់​ក្នុង​ជួ​រដ្ឋាភិបាល​លោកស្រី ក៏​សម្លឹង​ឃើញ​ដូចគ្នា​អ៊ីចឹង​ដែរ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​កាសែត​អង់គ្លេស​។ ប៉ុន្ដែ​ខុទ្ទកាល័យ​នាយករដ្ឋមន្ដ្រី​អង់គ្លេស​បាន​ច្រានចោល​ពាក្យ​ចចាមអារ៉ាម​នេះ ហើយ​លើក​ហេតុផល​ពី​ការធ្វើប្រជាមតិ​លើក​ទី​ពីរ រឹតតែ​ធ្វើឲ្យ​អង់គ្លេស​ប្រេះឆា​បែកខ្ញែ​កកាន់តែខ្លាំ​ង​។​

​និយាយ​ពី​អតីត​នាយករដ្ឋមន្ដ្រី​អង់គ្លេស​លោក​Tony Blair ប្រកាស​កាលពី​សប្ដាហ៍​មុន ស្របពេល​លោកស្រី​May​កំពុង​ចរចា​ជាថ្មី​ជាមួយ​អឺរ៉ុប ថា​លោក​ចង់ឃើញ​អង់គ្លេស​រៀបចំ​ការបោះឆ្នោត​ប្រជាមតិ​ជា​លើក​ទី​ពីរ​។ លោក​ថា​រឿង​ប្រជាជន​អង់គ្លេស​ចង់​ចេញពី​អឺរ៉ុប​វា​ជា​ការពិតហើយ ប៉ុន្ដែ​វា​ហាក់​មិន​ស័ក្ដិសម​ដែល​ត្រូវ​បង្ខំ​ឲ្យ​សមាជិកសភា​គាំទ្រ​កិច្ចព្រមព្រៀង​មិន​គ្រប់​ជ្រុងជ្រោយ​។ លោក​បាន​ទាំង​ចោទ​លោកស្រី​May គ្មាន​ទំនួល​ខុសត្រូវ​ពេញលេញ​លើ​កិច្ចការ​នេះ​។​

​សារ​ប្រឆាំង លោកស្រី​Theresa May​ប្រតិកម្ម​យ៉ាងខ្លាំង ហើយ​សង្គ្រាមពាក្យសម្ដី​ក៏​កើតមានឡើង​ជាមួយ​លោក​Tony Blair​។ លោកស្រី​May​ថា ចង់​រៀបចំ​ការបោះឆ្នោត​ប្រជាមតិ​លើក​ទី​ពីរ ប្រៀបដូចជា​ការប្រមាថ​ប្រទេសជាតិ និង​ប្រមាថ​ដល់​ការសម្រេចចិត្ដ​របស់​ប្រជាជន​អង់គ្លេស ដែល​លោក​ធ្លាប់​បម្រើ​។ លោកស្រី​ខំ​តវ៉ា​ទាំង​ត្រដាបត្រដួស​រយៈពេល​ជាង​មួយឆ្នាំ មុន​ទទួលបាន​កិច្ចព្រមព្រៀង​រួម​។ កិច្ចព្រមព្រៀង​សម្រេចបាន​ហើយ គ្រាន់តែ​ចង់បាន​ការធានា​បន្ថែម​ពី​សមាជិកសភា​ក៏​ពិបាក ប៉ុន្ដែ​បែរជា​មាន​អ្នកជំទាស់​ទៅវិញ​។ ការចរចា​កន្លងមក​មិន​ក្លាយជា​រឿង​អត់​ប្រយោជន៍​ហើយ​? លោកស្រី​មិន​ចំណាយពេល​កម្លាំងកាយ​ចិត្ដ​អត់ប្រយោជន៍​ដែរ​? នេះ​ជា​សារ​លោកស្រី​May​។​

​ជារួម លោកស្រី​Theresa May​មិន​ព្រម​ដាច់ខាត លើ​ការរៀបចំ​ប្រជាមតិ​ស្ដីពី​ការចាកចេញ​ពី​អង់គ្លេស​ជា​លើក​ទី​ពីរ​។ លោកស្រី​បានប្រកា​សក្ដែងៗ​យ៉ាង​ដាច់អហង្ការ នៅក្នុង​កិច្ចប្រជុំសភា​កាលពី​ថ្ងៃ​ចន្ទ​ថា បើ​ធ្វើបែបនេះ​ប្រៀប​ដូច​បំបែក​អង់គ្លេស​ឲ្យ​បែកបាក់​កាន់តែខ្លាំង និង​ជា​ទង្វើ​ក្បត់ឧត្ដមគតិ​របស់​ប្រជាជន​អង់គ្លេស ខំ​បោះឆ្នោត​កាលពី​ខែមិថុនា​ឆ្នាំ​២០១៦​។ ការបោះឆ្នោត​ជាថ្មី​នឹង​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​នយោបាយ​។ វា​ដូចជា​ការរារាំង​លែង​ឲ្យមាន​ដំណើរកា​រប្រជាធិបតេយ្យ​នៅ​ក្នុងប្រទេស​អ៊ីចឹង​ដែរ​។ រឿង​ចាំបាច់​បំផុត​ដែល​ត្រូវធ្វើ​នៅពេលនេះ គួរ​ណាស់​កុំ​បំបាក់​ទំនុកចិត្ដ​ប្រជាជន គួរ​គោរព​តាម​ការសម្រេចចិត្ដ​របស់​ប្រជាជនជា​ម្ចាស់​ប្រទេស​៕

ព័ត៌មានផ្សេងទៀត