គណបក្ស​​សង្គ្រោះ​ជាតិ​ បំភ្លឺ​ពី​ការតែងតាំង​​លោក​សមរង្ស៊ី​​ជា​ប្រធានស្តីទី​​ដ៏​ចម្រូងចម្រាស​​

18-12-2018 10:59 am 2347
  ស្តាប់
ស្តាប់ជាសំឡេង

​បន្ទាប់ពី​សន្និសីទ​នៅ​ក្រៅប្រទេស​ដែល​មានតែ​ក្រុម​និយម​លោក​សម រង្ស៊ី ប្រកាស​ទទួលស្គាល់​លោក​សម រង្ស៊ី ជា​ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ក៏​បង្កើត​ទៅជា​រឿង​ទាស់ទែង​ខ្វែងគំនិត វាយប្រហារ លាប​ពណ៌​គ្នា កាន់តែខ្លាំ​ឡើង នៅ​ផ្ទៃក្នុង​គណបក្ស​សង្គ្រោះ​ជាតិ​។ ក្រុម​និយម​លោក​កឹម សុខា ចាត់ទុក​ការ​ច្បាម​យក​តួនាទី គ្រប់គ្រង​បក្ស ពី​សំណាក់​ក្រុម​លោក​សម រង្ស៊ី ពេលនេះ គឺ​ខុស​នឹង​លក្ខន្តិកៈ និង​ថា​ទង្វើ​នេះ គឺជា​បក្ស​ប្រហារ​ទៀតផង​។​

​ប៉ុន្តែ​នៅក្នុង​លិខិត​មួយច្បាប់ ដែល​ចុះហត្ថលេខា​ដោយ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ពីររូប គឺ​លោកស្រី​ម៊ូរ សុខ​ហួរ និង​លោក​អេង ឆៃអ៊ាង បញ្ជាក់​ជា​ផ្លូវការ​ថា​លោក​សម រង្ស៊ី ជា​ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​។ ការអះអាង​បែបនេះ គឺ​ដើម្បី​ចៀសវាង មិនឲ្យ​ក្បាលម៉ាស៊ីន​គណបក្ស​សង្គ្រោះ​ជាតិ មាន​ការជាប់គាំង ក្រោយពី គណបក្ស​ត្រូវបាន​រំលាយ ដោយ​អាជ្ញាធរ​ក្រុងភ្នំពេញ ហើយ​ក្រោយពី​លោក​កឹម សុខា ត្រូវបាន​គេ​ចាប់​ឃុំឃាំង​។ 

​លិខិត​ដដែល ថា​លោក សម រង្ស៊ី ដែលជា​សហ​ស្ថាបនិក និង​ជា​អតីត​ប្រធាន នៃ​គណបក្ស​សង្គ្រោះ​ជាតិ ជា​ឥស្សរជន​តែ​មួយរូប​គត់ ដែលមាន​លក្ខណៈ​ធ្វើឲ្យ​គេ​ទទួលស្គាល់ជា​ថ្នាក់ដឹកនាំ​គណបក្ស យោង​កត្តា​ប្រវត្តិសាស្ត្រ និង​ប្រជាប្រិយភាព​។ លោក​សម រង្ស៊ី នឹង​បំពេញ​តួនាទី ជា​ប្រធានស្តីទី​នេះ ក្នុង​រយៈពេល​បណ្តោះអាសន្ន រហូតដល់​ថ្ងៃ​ដែល​លោក​កឹម សុខា ទទួលបាន​សេរីភាព​ពេញលេញ​វិញ ហើយ​អាច​សម្តែង​មតិ​របស់លោក​ជា​សាធារណៈ ដោយ​ខ្លួនឯង​។​

​លិខិត​ខាងលើ ក៏​ទទួលស្គាល់ថា ការស្នើ​លោក​សម រង្ស៊ី ធ្វើជា​ប្រធានស្តីទី​នេះ ខុស​នឹង​លក្ខន្តិកៈ​គណបក្ស ហើយ​ការប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ មិនអាច​ធ្វើទៅបាន ដោយសារតែ​សមាជិក នៅ​ប្រទេស​កម្ពុជា រស់នៅក្នុង​ការភ័យខ្លាច ដោយ​អ្នកខ្លះ​ត្រូវ​លាក់ខ្លួន​ពួន​អាត្មា​។ ដូច្នេះ ក្នុង​កាលៈទេសៈ​បែបនេះ ដែល​បង្ហាញ​ពី​ភាពអាសន្ន លក្ខន្តិកៈ​គណបក្ស មិនអាច​យកមកអនុវត្ត​បានទេ ទាំង​ចំពោះ​ការរៀបចំ​ធ្វើ​សមាជ ការកោះប្រជុំ​គណៈកម្មាធិការ​នាយក ឬ​ការកោះប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​។ ទោះជា​យ៉ាងណាក៏ដោយ យើង​មិនអាច​បណ្តោយឲ្យ​គណបក្ស នៅ​ជាប់គាំង​បែបនេះ​ទេ ហើយ​យើង​ត្រូវតែ​ផ្តួចផ្តើម​គំនិត​មួយ ដើម្បី​ធ្វើឲ្យ​គណបក្ស​ដំណើរការ​ទៅមុខ​។​

​ដូច្នេះ ការស្នើ​តែងតាំង ប្រធានស្តីទី និង​បញ្ជាក់​ពី​ការតែងតាំង ប្រធានស្តីទី ឲ្យចូល​ជា​ធរមាន គឺជា​ដំណើរការ​ដែល​បើកចំហ​ជាងគេ ហើយ​ប្រាកដនិយម​ជាងគេ ក្នុង​ការប្រមូល​យោបល់ និង​ការធ្វើ​សេចក្តីសម្រេច ដែល​អាច​ធ្វើទៅបាន ក្នុង​កាលៈទេសៈ​បច្ចុប្បន្ន ដើម្បី​ធ្វើឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ មាន​ក្បាលម៉ាស៊ីន​មួយ ច្បាស់លាស់​និង​រឹងមាំ ដែល​អាច​សម្រេច​គោលដៅ​របស់​គណបក្ស គឺ​ការធ្វើឲ្យ​លទ្ធិប្រជាធិបតេយ្យ រស់​ឡើងវិញ​នៅ​កម្ពុជា​។​

​ប៉ុន្តែ​ជា​ការកត់សម្គាល់ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មាន​ដល់​៣​រូប តែ​ចុះហត្ថលេខា ក្នុង​លិខិតបញ្ជាក់​ពី​តួនាទី​របស់លោក​សម រង្ស៊ី នេះ មានតែ​ពីររូប ដោយ​អវត្តមាន​លោក​ប៉ុល ហំ​ម​។​តែ​យ៉ាងណា សេចក្តី​កំណតសម្គាល់នៅ​ខាងក្រោម​បង្អស់​នៃ​លិខិត បញ្ជាក់ថា លោក​ប៉ុល ហំ​ម ដែល​សព្វថ្ងៃ​រស់នៅ​ប្រទេស​កម្ពុជា មិនអាច​បញ្ចេញយោបល់​របស់លោក ជា​សាធារណៈ​បានទេ​៕

ព័ត៌មានផ្សេងទៀត