លោក​ទៀ បាញ់​៖ វិមាន​ឈ្នះ​ឈ្នះ​នឹង​បង្ហាញ​ស្នាដៃ​កសាង​ជាតិ ក្រោម​ការតស៊ូ​របស់លោក​ហ៊ុន សែន​

17-12-2018 5:50 pm 892
  ស្តាប់
ស្តាប់ជាសំឡេង

​លោក​ទៀ បាញ់ រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ បាន​អះអាងថា វិមាន​ឈ្នះ​ឈ្នះ នឹងដាក់​បង្ហាញ​ស្នាដៃ​ពិត​នៃ​ការកសាង​ជាតិ ចាប់ពី​ចំណុចសូន្យ​របស់​កម្ពុជា ក្រោម​ការតស៊ូ​របស់លោក​ហ៊ុន សែន​។​អះអាង​បែបនេះ ក្នុង​សន្និសីទ​សារព័ត៌មាន​នា​ថ្ងៃទី​១៧ ខែ​ធ្នូ ឆ្នាំ​២០១៨ នៅ​វិមាន ឈ្នះ ឈ្នះ​។​

​លោក​ទៀ បាញ់ បាន​លើកឡើងថា​វិមាន​ឈ្នះ​ឈ្នះ នឹងដាក់​បង្ហាញ​ស្នាដៃ​ពិត​នៃ​ការកសាង​ជាតិ ចាប់ពី ចំណុចសូន្យ​របស់​កម្ពុ​ជា ក្រោម​ការតស៊ូ​របស់លោក​ហ៊ុន សែន​។ លើកឡើង​ដូច្នេះ​ដោយ​លោក​បញ្ជាក់ថា ក្រោយ​ដាក់​សម្ពោធ​ឱ្យ​ដំណើរការ​វិមាន​ឈ្នះ​ឈ្នះ នឹងដាក់​ស្នាដៃ​នៃ​ការតស៊ូ របស់លោក​ហ៊ុន សែន តាមរយៈ​គោលនយោបាយ ឈ្នះ ឈ្នះ រួមទាំង​មាន​សាក្សី​ដែល​ធ្វើដំណើរ​ជាមួយ​លោក​ចាប់ពី ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​១៩៧៧ ដែលមាន​ចំនួន​៥​រូប ប៉ុន្តែ​២​រូប បាន​ពលិកម្ម​បាត់​ហើយ​។​

​រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ​បន្តថា​“​យើង​មាន​សច្ចភាព​ពិត​តាម​ដំណាក់ៗ​រហូតដល់​នយោបាយ ឈ្នះ ឈ្នះ ដែល​យើង​នឹង​រំលេច​នៅទីនេះ ហើយ​វិមាន​ឈ្នះ​ឈ្នះ​នេះ នឹង​ប្រមូល អត្ថន័យ​ទាំងអស់​នូវ​សភាព​ទាំងឡាយ​ដែលជា​សច្ចភាព​ដែល​កម្ពុជា​យើង​មាន ដើម្បី​ប្រមូល មក​ទុក​កម្កល់​នៅទីនេះ​”​។​

លោក​លើកឡើងថា ការ​កម្កល់​ភស្តុតាង​នៅ​វិ​មានឈ្នះ​ឈ្នះ​នេះ គឺ ដើម្បី​ចៀសវាង​ការបកស្រាយ​ណាមួយ​ខុសពី​ការពិត​ដែល​បាន​កើតឡើង ហើយ​នេះ​គឺជា តឹកតាង​ជាក់លាក់​ពិតប្រាកដ​ទាំងអស់ ទោះបីជា​មិនបាន​១០០​ភាគរយ ក៏​វា​កៀក នឹង​១០០ ភាគរយ​ដែរ​។

​លោក​ទៀ បាញ់ បន្ថែមថា “​កន្លែង​នេះ​វា​មិនធំ​ប៉ុន្មាន​ទេ ប៉ុន្តែ​វា​ធំ​សម្រាប់​អត្ថន័យ​នៃ​ប្រវត្តិសាស្ត្រ​ធំ​ណាស់ ហើយ​ខ្ញុំ​ចាត់ទុកជា​ទ្រព្យសម្បត្តិ​ដ៏​មហាសាល​នៃ​ប្រវត្តិសាស្ត្រ​សម្រាប់​អ្នកជំនាន់ក្រោយៗ​ទៀត ក្នុង​ការសិក្សា ដឹង​ពី​រឿងរ៉ាវ​ទាំងឡាយ​មកដល់ពេលនេះ ថា​មាន​អ្វីខ្លះ វា​បាន​ឆ្លង់កាត់​មកដល់ពេលនេះ​គឺ​វា​វែងឆ្ងាយ​ណាស់​”​។​

​ជាមួយគ្នានេះដែរ ការដាក់​កម្ក​ល់តឹក​តាងនៅ​វិមាន ឈ្នះ ឈ្នះ​នេះ គឺ​រួមមាន​ទាំង​សៀវភៅ ដែល​និយាយ​ពី​វិមាន ឈ្នះ ឈ្នះ ក៏​មានការ​ឆ្លាក់​ខ្លឹមសារ​មួយចំនួន​នៅលើ​ផ្ទាំង​ថ្មី ដើម្បី​កុំ ឱ្យ​បាត់​ភស្តុតាង​នៃ​គុណ​តម្លៃ​នេះ​។

គួររំលឹកថា​លោក​ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ធ្លាប់បាន​បញ្ជាក់ថា​នឹងធ្វើ​ពិធី​សម្ពោធ​វិមាន​ឈ្នះ​ឈ្នះ​នេះ​ឱ្យមាន​លក្ខ​ខណៈ​ធំ រហូតដល់​បី​យប់​បី​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៩ ដល់​ថ្ងៃទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៨​។ ការសម្ពោធ​វិមាន​ឈ្នះ​ឈ្នះ ក៏​ចំ​ថ្ងៃ​នៃ​ការបញ្ចប់ សង្គ្រាមស៊ីវិល​តាមរយៈ​នយោបាយ​ឈ្នះ​ឈ្នះ​របស់​រាជរដ្ឋាភិបាល ដែលមាន​រយៈពេល​២០ ឆ្នាំ​មកហើយ​៕​

ដោយ​៖ ប៉ា សុ​ខេង​

ព័ត៌មានផ្សេងទៀត