អតីត​​គណ​បក្ស​​សង្គ្រោះ​​ជាតិ​​បន្ត​ប្រេះ​ស្រាំ​​ផ្ទៃក្នុង​​

17-12-2018 2:38 pm 9556
រាប់ពីឆ្វេង គឺលោក កឹម សុខា និង លោក សម រង្ស៊ី។

​កាលពីពេល​ថ្មីៗ​នេះ លោក​សម រង្ស៊ី អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​អំពាវនាវ​ឱ្យ​អ្នកគាំទ្រ​របស់ខ្លួន រក្សា​ការឯកភាព​ផ្ទៃក្នុង​គណបក្ស​បន្តទៀត ដើម្បី​យកឈ្នះ​លើ​ដៃ​គូប្រកួត គឺ​គណបក្ស​ប្រជាជន​កម្ពុជា​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។ ការអំពាវនាវ​ធ្វើឡើង បន្ទាប់​សង្គ្រាមពាក្យសម្តី​រវាង​អ្នកគាំទ្រ​របស់ខ្លួន បាន​ផ្ទុះ​ឡើងជា​សាធារណៈ​ជុំវិញ​អ្នកតស៊ូ​មតិ​នៅក្នុង និង នៅ​ក្រៅប្រទេស ។ អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បន្ត​ប្រេះស្រាំ​ផ្ទៃក្នុង​ឬ​?

​ថ្មីៗ​នេះ​សង្គ្រាមពាក្យសម្តី​រវាង​អ្នកគាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ធ្លាប់ជា​បក្សប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា បាន​ផ្ទុះឡើង​សាធារណៈ​។ ជា​ជម្លោះ​កើតឡើង​ដោយ​ក្រុម​អ្នកគាំទ្រ​លោក កឹម សុខា មួយចំនួន​រិះគន់​ក្រុម​អ្នកគាំទ្រ​លោក សម រង្ស៊ី​ថា ធ្វើ​សន្និសីទ​បក្ស​ខុស​លក្ខន្តិកៈ និង​តែងតាំង​លោក​សម រង្ស៊ី ធ្វើជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ខណៈ​លោក កឹម សុខា​មិនទាន់​ចេញពី​តំណែង​។

​អ្នកគាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​មួយចំនួន បាន​សរសេរ​រិះគន់​គ្នាឯង​នៅតាម​បណ្តាញ​សង្គម ជុំវិញ​នឹង​ឥរិយាបថ​នយោបាយ​របស់លោក សម រង្ស៊ី ក្នុងការ​ថ្លែង​សារ​នយោបាយ​ក្នុង​ចេតនា​ដុត​ភាគី​បក្ស​កាន់អំណាច​ឱ្យ​ក្តៅ​សំដៅ​ឱ្យ​ដៃគូ​នយោបាយ​របស់លោក គឺ​លោក កឹម សុខា បន្ត​ជាប់ឃុំ​មិនអាច​ចេញ​ធ្វើ សកម្មភាព​នយោបាយ​បាន​នៅ​ក្នុងស្រុក​។​

​បន្ថែម​ពីនេះ​លោក សម រង្ស៊ី បានដាក់​លក្ខខណ្ឌ​៥​ចំណុច​ដល់​លោក ហ៊ុន សែន ប្រធាន​បក្ស​កាន់អំណាច​។ ជា​លក្ខខណ្ឌ​ដែល​គេ​មើលឃើញថា ក្នុងន័យ​ជាន់​មេដឹកនាំ​បក្ស​ប្រជាជន​ឱ្យទាប​ដល់​ដី​ដែល​ពិបាក​ធ្វើបាន​។ លក្ខខណ្ឌ​ទាំងនោះ​មានដូចជា​៖​ទាមទារ​ទម្លាក់​ចោលកា​រ​ចោទប្រកាន់ និង ដោះលែង​លោក កឹម សុខា ជាបន្ទាន់​ដោយ​គ្មាន​លក្ខខណ្ឌ​,​ទម្លាក់ចោល​ការចោទប្រកាន់ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងអស់​,​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិរស់​ឡើងវិញ​,​ប្រគល់​តំណែង​សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់ រហូត​រាជធានី​-​ខេត្ត​មក​គណបក្ស​សង្គ្រោះ​វិញ ហើយ​ត្រូវធ្វើ​ការបោះឆ្នោត​ឡើងវិញ ទាំង​បោះឆ្នោត​ថ្នាក់ជាតិ និង បោះឆ្នោះ​ព្រឹទ្ធសភា​។​

​លក្ខខណ្ឌ និង ឥរិយាបថ​នេះ អ្នកតាមដាន​មួយចំនួន យល់ឃើញថា ហាក់ដូច​មិនជា​ត្រូវ​នឹង​ស្ថានការណ៍​នយោបាយ​ដែល​កំពុង​ចុះ​ត្រជាក់ និង មានការ​ទន់​ឥរិយាបថ​ពី​បក្ស​កាន់អំណាច​។​ផ្ទុយទៅវិញ​លក្ខខណ្ឌ​នេះ អាចជា ចង់​ចាក់ឱ្យ​លោក​ហ៊ុន សែន ខឹងច្រឡោត មានប្រតិកម្ម ហើយ​លោក កឹម សុខា បន្ត​ជាប់ឃុំ​នៅ​ក្នុងផ្ទះ​។ អ្នកវិភាគ​មួយចំនួន ហៅ​សារ​របស់លោក​សម រង្ស៊ី​ថា អាចជា​យុទ្ធសាស្ត្រ​នយោបាយ​ប្រើ​ព្រួញ​តែមួយ​បាញ់​យក​សត្វ​៣​។​

​សត្វ​ទី​១ ចង់ឱ្យ​ដៃគូ​របស់លោក​បន្ត​ដេក​ក្នុងផ្ទះ ព្រោះ​បើ​ចេញ​អាចមាន​ប្រជា​ប្រី​យ​ភាពខ្លាំង​ជាង​ខ្លួន​ដែល​កំពុង​នៅ​ក្រៅប្រទេស​។ ទី​២​ធ្វើឱ្យ​លោក ហ៊ុន សែន ខឹងច្រឡោត និង​មានប្រតិកម្ម​។ ទី​៣ ធ្វើឱ្យ​អន្តរជាតិ​មើលឃើញថា គូបដិបក្ខ​របស់ខ្លួន និង ស្ថានភាព​នៅ​ក្នុងប្រទេស គឺ​មហា​អាក្រក់ ដែល​ត្រូវតែ​កាត់​ជំនួយ ដាក់ទណ្ឌកម្ម ហើយ​ជួយ​ខ្លួន​ចូលមក​ស្រុក​វិញ ដើម្បី​បណ្តេញ​គូបដិបក្ខ ហើយ​ខ្លួន​មានឱកាស​បាន​កាន់អំណាច​។​

​ទំនងជា​គិត​ដូច្នេះហើយ បាន​ជាថ្មីៗ​នេះ ក្រុម​អ្នកគាំទ្រ​លោក កឹម សុខា មួយចំនួន​រិះគន់ និង ថ្កោលទោស​ក្រុម​អ្នកគាំទ្រ​លោក សម រង្ស៊ី ជា​សញ្ញា​នៃ​ភាព​ប្រេះស្រាំ​ផ្ទៃក្នុង​បក្ស​។​

​ជា​ការពិត ជម្លោះ​ពាក្យសម្តី​រវាង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ចង់​មិន​ចង់វា​នឹង​បង្ក​ឱ្យ​ប៉ះពាល់​ដល់​អារម្មណ៍​របស់​អ្នកគាំទ្រ​មួយចំនួន ស្របពេល​ដែល​បក្សប្រឆាំង កំពុងតែ​ត្រូវ​ការរក​ច្រកចេញ​ដើម្បី​រស់​ឡើងវិញ​។ ប្រសិនបើ​មានការ​បែក​បាត់​ផ្ទៃ​មែន បក្សប្រឆាំង​កាន់តែ​មានឱកាស​តិចតួច សម្រាប់​យកឈ្នះ​គណបក្សកាន់អំណាច​។​

​ម្យ៉ាវិញទៀត ជម្លោះ​នេះ​ក៏បាន​ស្តែង​ឱ្យឃើញថា ក្រុម​អតីត​គណបក្សប្រឆាំង នៅតែមាន​ក្រុម​ពីរ​ដែល​ប្រៀប​ដូចនឹង ទឹក ហើយ​និង ប្រេង ដែល​មិនអាច​ចាក់​ចូលគ្នា​បាន គឺ​ក្រុម​ភ្លើងទៀន និង សិទ្ធិមនុស្ស​។ ជាទូទៅ​ពេល​អតីត​គណបក្ស​សង្គ្រោះ​ជាតិ មិនទាន់​ត្រូវបាន​រំលាយ ជម្លោះផ្ទៃក្នុង​បែបនេះ ក៏​កើតមាន   ផងដែរ តែ​អាច​គ្រប់គ្រង​បាន ព្រោះ​មាន​មេបក្ស​ទាំងពីរ​នៅ​ដឹង​នាំ​។​

​សូម​រម្លឹក​ជូន​ថា អតីត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​បង្កើតឡើង​នៅ​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១២​ដោយ មាន​ការច្របាច់បញ្ចូល​គ្នា​រវាង​គណបក្ស សម រង្ស៊ី ដែល​ដឹកនាំ​ដោយ លោក សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស ដឹកនាំ​ដោយ​លោក កឹម សុខា​។ ក្រោយពី​ការ​ចាប់ដៃគ្នា​បង្កើត​ទៅជា​គណបក្ស​សង្គ្រោះ​ជាតិ បានទទួល​ការគាំទ្រ​រហូតដល់​៥៥​អាសនៈ​នៃ​លទ្ធផល​បោះឆ្នោត​ឆ្នាំ​២០១៣​។​

​ជារួម​ជម្លោះ​អតីត​បក្សប្រឆាំង​បច្ចុប្បន្ន អ្នកវិភាគ​មើលឃើញថា ប្រសិនបើ​គ្មាន​យន្តការ​ណាមួយ ដើម្បី​ដោះស្រាយ និង ពង្រឹង​ផ្ទៃក្នុង​បក្ស​ទេនោះ សម្ព័ន្ធភាព​រវាង​ក្រុម​ភ្លើងទៀន និង សិទ្ធិមនុស្ស អាច​នឹងត្រូវ​ចែកផ្លូវ​គ្នា និង រត់​រក​ទ្រនំ​ចាស់​។ ទ្រនំ​ចាស់​ដែល អ្នកវិភាគ​នយោបាយ ធ្លាប់​ពន្យល់ថា ជា​ការចង់បាន​របស់​គណបក្សកាន់អំណាច ដើម្បី​បំបែក​សំឡេងគាំទ្រ​ក្រុមប្រឆាំង​៕

 ពាក្យគន្លឹះ  គណបក្សសង្រ្គោះជាតិ

ព័ត៌មានផ្សេងទៀត