លោក​ហ៊ុន​សែន​ប្រកាស​បញ្ចុះ​តម្លៃ​អគ្គិសនី​៦​ប្រភេទ នៅ​ឆ្នាំ​២០១៩

17-12-2018 11:51 am 855
  ស្តាប់
ស្តាប់ជាសំឡេង

​ក្នុង​ឱកាស​សម្ពោធ​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ ខេត្ត​ស្ទឹងត្រែង នៅ​ព្រឹក​ថ្ងៃទី​១៧ ខែ​ធ្នូ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​គម្រោង​បញ្ចុះ​ថ្លៃ​អគ្គិសនី ចំនួន​៦​ប្រភេទ នៅ​ចាប់ពី​ដើមឆ្នាំ​២០១៩​ខាង​មុខ​តទៅ ។ ក្នុងនោះ​មាន ប្រភេទ​ទិញ​តាម​ចរន្ត​តុង​ស្យុង​ខ្ពស់​, ប្រភេទ​ប្រើប្រាស់​ក្នុង​វិស័យ​ឧស្សាហកម្ម​, ការប្រើប្រាស់​ក្នុង​ពាណិជ្ជកម្ម និង​រដ្ឋបាល​, ប្រភេទ​ប្រើប្រាស់​តាម​លំនៅដ្ឋាន​, ការ​បូមទឹក​ក្នុង​វិស័យ​កសិកម្ម និង​ការប្រើប្រាស់​នៅតាម​ហេដ្ឋរចនាសម្ព័ន្ធ​សាធា​រណ...

​លោក ហ៊ុន សែន បានប្រកាសថា តម្លៃប្រើប្រាស់​អគ្គិសនី​នៅ​កម្ពុជា នឹង​ត្រូវ​បញ្ចុះ​ថ្លៃ ទៅ​តាម​ប្រភេទ​នៃ​ការប្រើប្រាស់​ចំនួន​៦ ក្នុងនោះ​រួមមាន ៖

​ប្រភេទ​ទី​១ គឺ ការទិញ​តាម​ចរន្ត​តុង​ស្យុង​ខ្ពស់ បច្ចុប្បន្ន​មាន​តម្លៃ ៥០៣៛/Kwh និង​ចុះ​នៅត្រឹម ៤៧០៛/Kwh នៅ​ឆ្នាំ​២០១៩ និង​ឆ្នាំ​២០២០ ។ អ្នក​ទិញ​តាម​ចរន្ត​តង់ស្យុង​មធ្យម អនុ​ស្ថានីយ​នៅ​ភ្នំពេញ បច្ចុប្បន្ន​មាន​តម្លៃ ៥៩៨៛/Kwh និង​ចុះ​ទៅ​ដល់ ៥៤៧៛/Kwh នៅ​ឆ្នាំ​២០១៩ និង​នៅ​ឆ្នាំ​២០២០ មានតម្លៃ ៥៣៩៛/Kwh ។ អ្នក​ទិញ​តាម​ចរន្ត​តង់ស្យុង​មធ្យម​តាម​ខេត្ត មានតម្លៃ ៥១១៛/Kwh នឹង​ចុះ​ដល់ ៤៩៥៛/Kwh នៅ​ឆ្នាំ​២០១៩ និង​ឆ្នាំ​២០២០ តម្លៃ​រក្សា​ដដែល ។​

​ប្រភេទ​ទី​២ គឺ ប្រភេទ​ប្រើប្រាស់​ក្នុង​វិស័យ​ឧស្សាហកម្ម ដែល​ទិញ​តាម​ខ្សែ​បញ្ជូន​រង និង​ខ្សែ​តង់ស្យុង​មធ្យម​នៃ​តំបន់​ចែកចាយ ខណៈ​បច្ចុប្បន្ន មានតម្លៃ ៦៧៦៛/Kwh នៅក្នុង​រាជធានី​ភ្នំពេញ និង ៦៧២៛/Kwh នៅតាម​ខេត្ត នឹង​បញ្ចុះតម្លៃ ៥៩៥៛/Kwh ឆ្នាំ​២០១៩ និង ៥៩២៛/Kwh ឆ្នាំ​២០២០ ។​

​ប្រភេទ​ទី​៣ គឺ​ប្រើប្រាស់​ក្នុង​ពាណិជ្ជកម្ម និង​រដ្ឋបាល ដែល​ទិញ​តាម​ខ្សែ​បញ្ជូន​រង និង​ខ្សែ​តង់ស្យុង​មធ្យម​នៃ​តំបន់​ចែកចាយ ។ តម្លៃ​បច្ចុប្បន្ន​គឺ ៦៧៦៛/Kwh នៅ​ទីក្រុង​ភ្នំពេញ ៦៧២៛/Kwh នៅតាម​បណ្ដា​ខេត្ត នឹង​ចុះ​នៅត្រឹម​៦៤៥៛/Kwh នៅ​ឆ្នាំ​២០១៩ និង​បន្ត​ចុះ​នៅ​ត្រឹម ៦៤០៛/Kwh នៅ​ឆ្នាំ​២០២០ ។​

​ប្រភេទ​ទី​៤ ប្រភេទ​ប្រើប្រាស់​តាម​លំនៅដ្ឋាន ១​ដល់​១០Kwh​ក្នុង​១​ខែ ដែល​ការប្រើប្រាស់​បច្ចុប្បន្ន ភ្នំពេញ គឺ​៦១០៛/Kwh និង​តាម​ខេត្ត ៤៨០៛/Kwh នឹង​ចុះ​នៅត្រឹម​៣៨០៛/Kwh នៅ​ឆ្នាំ​២០១៩ និង​២០២០ ។ ការប្រើប្រាស់​ចាប់ពី ១១​ដល់​៥០Kwh ការប្រើប្រាស់​បច្ចុប្បន្ន​គឺ ៦១០៛/Kwh នឹង​ចុះ​នៅត្រឹម​៤៨០៛/Kwh នៅ​ឆ្នាំ​២០១៩ និង​២០២០ ។ ការប្រើប្រាស់​ចាប់ពី ៥១Kwh ដល់ ២០០Kwh នៅ​ភ្នំពេញ​គឺ ៧៧០៛/Kwh តាម​បណ្ដា​ខេត្ត​៧២០៛/Kwh នឹង​ចុះ​នៅត្រឹម​៦១០៛/Kwh នៅ​ឆ្នាំ​២០១៩ និង​២០២០ ។ លំនៅដ្ឋាន​ដែល​ប្រើប្រាស់​លើសពី ២០០Kwh​ក្នុង​១​ខែ មានតម្លៃ ៧៧០៛/Kwh នៅ​ក្រុងភ្នំពេញ និង​៧៥០៛/Kwh​នៅតាម​ខេត្ត នឹង​ចុះថ្លៃ​នៅត្រឹម ៧៤០៛/Kwh នៅ​ឆ្នាំ​២០១៩ និង​៧៣០៛/Kwh នៅ​ឆ្នាំ​២០២០ ។​

​ប្រភេទ​ទី​៥ ការ​បូមទឹក​ក្នុង​វិស័យ​កសិកម្ម ចាប់ពី​ម៉ោង​៩​យប់ ដល់​ម៉ោង​៧​ព្រឹក ត្រូវ​បង់​៤៨០៛/Kwh នៅ​បន្ត ៤៨០៛Kwh ដដែល ។​

​និង​ប្រភេទ​ទី​៦ ការប្រើប្រាស់​នៅតាម​សាលារៀន មន្ទី​ពេទ្យ មណ្ឌល​សុខភាព តម្លៃ​កំពុង​ប្រើប្រាស់​បច្ចុប្បន្ន​គឺ ៧៧០៛/Kwh នឹង​ចុះ​នៅត្រឹម ៦១០៛/Kwh នៅ​ឆ្នាំ​២០១៩ និង​២០២០ ៕

ព័ត៌មានផ្សេងទៀត