ស្រីលង្កា​ប្រគល់​តំណែង​នាយករដ្ឋមន្ត្រី​ ឲ្យ​លោកRanil Wickremesinghe​វិញ

16-12-2018 3:09 pm 1283
  ស្តាប់
លោកRanil Wickremesinghe
ស្តាប់ជាសំឡេង

​លោក Ranil Wickremesinghe វ័យ​៦៩​ឆ្នាំ បាន​ស្បថ​ចូល​កាន់តំណែង នាយករដ្ឋមន្ត្រី នៃ​ប្រទេស​ស្រីលង្កា​ជាថ្មី នៅ​ម៉ោងជាង​១១​ព្រឹក​ថ្ងៃទី​១៦​ខែធ្នូ​ឆ្នាំ​២០១៨​នេះ​។ យើង​សូម​អរគុណ​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ស្រីលង្កា ដែល​បាន​ប្រយុទ្ធប្រឆាំង​នឹង​ការ​រឹបអូស​អំណាច​ដោយ​ខុសច្បាប់ ហើយ​បាន​ធានាថា លទ្ធិប្រជាធិបតេយ្យ​ត្រូវបាន​ស្ដារឡើងវិញ​។ នេះ​ជា​សារ​ដែល​គណបក្ស United National របស់លោក Ranil Wickremesinghe បង្ហោះ​តាម​ប្រព័ន្ធ Twitter​។​

​ប៉ុន្តែ​លោក Ranil Wickremesinghe ហាក់​នៅ​មិន​ទទួលបាន​ការស្វាគមន៍ ពី​ប្រធានាធិបតី​លោក Maithripala Sirisena ដែលជា​អ្នក​បណ្តេញ​លោក​ចេញពី​តំណែង​កាលពី​ខែតុលា​នៅឡើយ​។ នៅក្នុង​ពិធី​ធ្វើ​សច្ចាប្រណិធាន​នៅ​ព្រឹក​មិញ​នេះ លោក Sirisena​បាន​ហាមឃាត់​អ្នកកាសែត មិនឲ្យ​ចូលរួម​ពិធី​នេះទេ​។ បើទោះជា​បែបនេះ​ក្តី គេ​រំពឹងថា ការវិល​មកវិញ​របស់ Ranil Wickremesinghe  នឹង​អាច​បិទ​បញ្ចប់​ភាពជាប់គាំង​នយោបាយ ដែល​អូសបន្លាយ​រយៈពេល​៥១​ថ្ងៃ​មកនេះ​។​

​នៅក្នុង​រយៈពេល​មិន​ដល់​២​ខែ​ផង ស្រីលង្កា​បាន​ស្គាល់​នាយករដ្ឋមន្ត្រី​ពីររូប​។ ពោល បន្ទាប់ពី​បណ្តេញ​លោក​Ranil Wickremesinghe ចេញពី​តំណែង​កាលពី​ថ្ងៃទី​២៦​ខែតុលា លោក​ប្រធានាធិបតី​បានតែងតាំង​លោក​Mahinda Rajapaksa​ជំនួស​វិញ​។ ទាំង​តុលាការ​កំពូល​ស្រីលង្កា និង​អន្តរជាតិ​មិន​ទទួលស្គាល់​រដ្ឋាភិបាល​លោក​Rajapaksa​ឡើយ​។ កាលពី​ថ្ងៃ​សុក្រ តុលាការ​បាន​ច្រានចោល​ការតវ៉ា​របស់លោក​Rajapaksa ដែល​លោក​បាន​ប្រឆាំងនឹង​បទបញ្ជា​របស់​តុលាការ ហាមឃាត់​មិនឲ្យ​លោក​និង​គណៈរដ្ឋមន្ដ្រីរប​ស់​លោក បំពេញការងារ​ក្នុង​រដ្ឋាភិបាល​។ នៅ​ទីបំផុត​លោក​Rajapaksa អតីត​បុរស​ខ្លាំង​ស្រីលង្កា ត្រូវបាន​សមាជិកសភា បោះឆ្នោត​ទម្លាក់​ចេញពី​តំណែង ហើយ​សមាជិកសភា​ទាំង​២២៥ បាន​បោះឆ្នោត​គាំទ្រ ផ្តល់​សេចក្តីទុកចិត្ត​លោក​Ranil Wickremesinghe ដើម្បី​បើកផ្លូវ​ឲ្យ​លោក​វិល​មក​កាន់តំណែង​នាយករដ្ឋមន្ត្រី​ជាថ្មី​វិញ​។​

​បន្ទាប់ពី​ស្បថ​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​លើក​ទី​៥ រួចរាល់ លោក Ranil Wickremesinghe នឹង​បង្កើត​គណៈរដ្ឋមន្ត្រី​នៅពេល​ឆាប់ៗ​។ បញ្ហា​ដែល​រដ្ឋាភិបាល លោក​Ranil Wickremesinghe ត្រូវធ្វើ​មុនគេ គឺ​ការប្រញាប់​បើក​កិច្ចប្រជុំសភា ដើម្បី​អនុម័ត​កញ្ចប់​ថវិកា ឲ្យបាន​មុន​ថ្ងៃទី​០១​ខែមករា​ឆ្នាំ​២០១៩៕ 

 ពាក្យគន្លឹះ  ស្រីលង្កាលោកRanilWickremesinghe

ព័ត៌មានផ្សេងទៀត