នាយករដ្ឋមន្ដ្រី​ថ្មី​​ស្រីលង្កា​​នឹង​ចុះ​ចេញ​ពី​តំណែង​​ចន្លោះពេល​​បារម្ភ​ពី​​ការបិទទ្វារ​​រដ្ឋាភិបាល​

15-12-2018 10:20 am 1072
  ស្តាប់
​នាយករដ្ឋមន្ដ្រី​ស្រីលង្កា​លោក​Mahinda Rajapaksa
ស្តាប់ជាសំឡេង

​នាយករដ្ឋមន្ដ្រី​ស្រីលង្កា​លោក​Mahinda Rajapaksa នឹង​ចុះ​ចេញពី​តំណែង​។ នេះ​បើតាម​ការបញ្ជាក់​ពី​កូនប្រុស​របស់លោក​។ ជា​ការផ្លាស់ប្ដូរ​ដែល​ទាមទារ​ឲ្យ​លោក​ប្រធានាធិបតី​Maithripala Sirisena ត្រូវ​តែងតាំង​អ្នកថ្មី​ជំនួស បញ្ចៀស​ការបិទទ្វា​ររដ្ឋាភិបាល​នៅ​ថ្ងៃទី​០១​ខែមករា​ឆ្នាំ​២០១៩​។ កូនប្រុស​លោក​នាយករដ្ឋមន្ដ្រី ដែលជា​សមាជិកសភា​ស្រីលង្កា​មួយរូប​ដែរនោះ បានបញ្ជាក់​នៅលើ​ប្រព័ន្ធ​ធ្វី​ត​ទ័​រ​កាលពី​ថ្ងៃ​សុក្រ​ថា ដើម្បី​ធានា​ពី​ស្ថិរភាព​ប្រទេសជាតិ អតីត​ប្រធានាធិបតី​លោក​Rajapaksa បាន​សម្រេចចិត្ដនឹ​ងចុះ​ចេញពី​តំណែង​នៅ​ថ្ងៃស្អែក បន្ទាប់ពី​ថ្លែង​សុន្ទរកថា​ទៅ​កាន់​ប្រជាជាតិ​។​

​ប្រទេស​ដែន​កោះ​ស្ថិតនៅ​អាស៊ី​ខាងត្បូង​មួយ​នេះ បាន​ធ្លាក់​ក្នុង​ភាពជាប់គាំង​នយោបាយ​ជាង​មួយខែ​មកហើយ ចាប់តាំងពី​លោក​ប្រធានាធិបតី​បណ្ដេញ​លោក​Ranil Wickremesinghe​ចេញពី​តំណែង ហើយ​តែងតាំង​លោក​Mahinda Rajapaksa​។ លោក​Rajapaksa​ត្រូវបាន​សមាជិកសភា​បោះឆ្នោត​ទម្លាក់​ចេញពី​តំណែង​ពីរលើក​រួចមកហើយ ប៉ុន្ដែ​លោក​បដិសេធ​ការបោះឆ្នោត​។ លោក​ថា​មិនអាច​ទទួលយក​បានទេ ដោយសារ​ការបោះឆ្នោត​មិន​ប្រព្រឹត្ដតាម​លក្ខខណ្ឌ​។ ពេលនេះ នៅតែ​មិនទាន់​ច្បាស់​ថា​លោក​Rajapaksa​គ្រោង​នឹង​បញ្ចប់​វិបត្ដិនយោបាយ ដែល​គំរាមកំហែង​ដល់​ការបិទទ្វារ​រដ្ឋាភិបាល ដោយ​របៀប​ណា​ទេ ព្រោះ​កញ្ចប់​ថវិកា​បណ្ដោះអាសន្ន ត្រូវតែ​អនុម័ត​ដោយ​សភា​មុន​ថ្ងៃទី​០១​ខែមករា​ឆ្នាំ​២០១៩​។ 

​រឿង​ដាច់ដោយឡែក​មួយទៀត កាលពី​ថ្ងៃ​សុក្រ​តុលាការ​កំពូល​ស្រីលង្កា​បាន​ច្រានចោល​ការតវ៉ា​របស់លោក​Rajapaksa ដែល​លោក​បាន​ប្រឆាំងនឹង​បទបញ្ជា​របស់​តុលាការ ហាមឃាត់​មិនឲ្យ​លោក​និង​គណៈរដ្ឋមន្ដ្រីរប​ស់លោក​បំពេញការងារ​ក្នុង​រដ្ឋាភិបាល​។ ចំពោះ​អន្ដរជាតិ​មិន​ទទួលស្គាល់​រដ្ឋាភិបាល​លោក​Rajapaksa​ឡើយ​។ កាលពីដើម​សប្ដាហ៍​នេះ សភា​ស្រីលង្កា​បាន​បោះឆ្នោត​ផ្ដល់​សេចក្ដី​ទុកចិត្ដ ឲ្យ​លោក​Wickremesinghe​ចូល​កាន់តំណែង​នាយករដ្ឋមន្ដ្រី​វិញ ដើម្បី​សម្រាល​វិបត្ដិនយោបាយ​។ ប៉ុន្ដែ​លោក​ប្រធានាធិបតី​ធ្លាប់​ប្រកាស លោក​នឹងមិន​តែងតាំង​លោក​Wickremesinghe​ដាច់ខាត ទោះ​សមាជិកសភា​បោះឆ្នោត​គាំទ្រ​ទាំង​២២៥​សំឡេង​ក៏ដោយ​៕

ព័ត៌មានផ្សេងទៀត