ក្រុមហ៊ុន​៤​ក្នុងចំណោម​ក្រុមហ៊ុន​ផ្សេង​ទៀត​ដែល​គាំទ្រ​ពី​EU​បន្ត​ផ្តោតលើ​ការទទួលខុសត្រូវ​សង្គម​

14-12-2018 3:14 pm 9584
  ស្តាប់
បុគ្គលិក នៃរោងចក្រ Pactics ដែលជារោងចក្រមានឯកទេសខាងផលិតក្រណាត់ ឬកាបូបវ៉ែនតា ម៉ាកយីហោល្បីៗ ។ រូបថត៖ គង់ ឧត្តម ។
ស្តាប់ជាសំឡេង

​កាលពី​ពេល​ថ្មីៗ​នេះ ក្រុម​អ្នកសារព័ត៌មាន​ក្នុងស្រុក បាន​ធ្វើដំណើរ​ទៅកាន់​ទឹកដី​ខេត្ត​សៀមរាប ដើម្បី​ស្វែងយល់​ពី​កិច្ចការ​មួយចំនួន ដែល​បាន​ធ្វើឡើង​ដោយ​វិនិយោគិន​មក​ពី​អឺរ៉ុប នៅ​កម្ពុជា ។ លោក George Edgar ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា បាន​ប្រាប់ថា ដំណើរ​ទស្សនកិច្ច​នេះ ត្រូវបាន​ធ្វើឡើង​ដើម្បី​បង្ហាញ​ដល់​ក្រុម​អ្នកសារព័ត៌មាន អំពី​ការចូលរួម​អភិវឌ្ឍ​សេដ្ឋកិច្ច ពី​សំណាក់​សហភាព​អឺរ៉ុប​នៅ​កម្ពុជា ពិសេស​គឺ​ការទទួលខុសត្រូវ​សង្គម ដូចជា​ស្តង់ដារ​របស់​ក្រុមហ៊ុន​, បរិយាកាស​ការងារ និង​ការរួមចំណែក​អភិវឌ្ឍ​សង្គម​តាមរយៈ​ក្រុមហ៊ុន​ទាំងនោះ ។ រយៈពេល​៣​ថ្ងៃ​នៃ​ការធ្វើដំណើរ និង​ទស្សនកិច្ច​នៅ​ទីនោះ យើង​បាន​ជួប​នូវ​តំណាង​ក្រុមហ៊ុន​ចំនួន​៤ ដែល​កំពុង​ប្រតិបត្តិការ​នៅ​កម្ពុជា ក្នុងនោះ អ្នកសារព័ត៌មាន​របស់​វិទ្យុ​វា​យោ​ម្នាក់ ក៏​បាន​ចូលរួម​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​ផងដែរ...

​ក្នុង​ដំណើរ​ទស្សនកិច្ច​ដំបូង​គេ ដែល​បាន​ធ្វើឡើង​នៅ​ដើម​ខែ​ធ្នូ គឺ​យើង​បាន​ទៅ​ទស្សនកិច្ច​សិក្សា និង​ស្វែងយល់​ពី​ក្រុមហ៊ុន​មួយ​ឈ្មោះថា Artisan d’Angkor ឬ​ហៅ​ជា​ខ្មែរ​ថា ក្រុមហ៊ុន​សិប្បករ​អង្គរ ។​

​នៅក្នុង​ទីធ្លា ដែល​មាន​រោង​ជាង​ព័ទ្ធជុំវិញ ដូចជា រោង​ចម្លាក់​ឈើ ចម្លាក់​ថ្ម ស្ពាន់ សេ​រ៉ា​ម៉ិច គំនូរ ត្បាញ​សូត្រ និង​មាន​រោង​ជាង​ជាច្រើន​ដទៃទៀត បូកផ្សំ​នឹង​រោង​សម្រាប់​លក់​ផលិតផល​សម្រេច​មួយ​ផង​ដែរ​នោះ បុគ្គលិក​ម្នាក់ៗ ក្នុង​ឯកសណ្ឋាន​សម្គាល់​ការងា​រ​រៀងៗ​ខ្លួន ពួកគេ​កំពុង​ញាប់ដៃ​ញាប់ជើង បំពេញការងារ​ជា​កាតព្វកិច្ច​របស់​ខ្លួន ។​

​លោក Pierre-Andre នាយក​ប្រតិបត្តិ Artisan d’Angkor បាន​ប្រាប់ថា បេសកកម្ម​របស់ Artsan d’Angkor គឺ​ត្រូវបាន​បង្កើតឡើង ដើម្បី​ស្តារ និង​លើកស្ទួយ​ឡើងវិញ​នូវ​សិល្បៈ​របស់​កម្ពុជា ។ វា​ត្រូវ​បាន​ផ្តោត​ទៅលើ​វិស័យ​៣​សំខាន់ៗ រួមមាន សិប្បកម្ម វប្បធម៌ និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព តាមរយៈ ការ​ផ្តល់​ជំនាញ​សិល្បៈ​ទៅដល់​យុវជន​ខ្មែរ​វ័យ​ក្មេងជំនាន់ក្រោយ ។​

​លោក​ថា រាល់​សិប្បករ​ទាំងអស់ ត្រូវ​បាន​បង្ហាត់បង្រៀន​ដោយ​មិន​គិតថ្លៃ នូវ​ជំនាញ​ដែល​ពួក​គេ​ចង់បាន ហើយ​ពួកគេ អាច​ទៅ​ធ្វើការ​នៅទីណា​ដែល​ពួក​គេ​ចង់បាន ក៏ប៉ុន្តែ ភាគច្រើន គឺ​សិប្បករ​ទាំងអស់ បាន​បន្ត​ធ្វើ​ការងារ​ជាមួយ Artisan d’Angkor ព្រោះ​ដោយសារ​លក្ខខណ្ឌ​ការងារ​ល្អ ។​

​អ្នកស្រី ដួង សុភាព នាយិកា​គ្រប់គ្រង​ធនធានមនុស្ស​នៅ Artisan d’Angkor ប្រាប់ថា មាន​សិប្បករ​ចំនួន​៩០​ភាគរយ បាន​សម្រេចចិត្ត​ធ្វើការ​ជាមួយ Artisan d’Angkor ដោយឡែក ១០​ភាគរយ​ផ្សេងទៀត បាន​ចេញ​ទៅ​ធ្វើការ​នៅ​ក្រៅ បន្ទាប់​ពី​រៀន​ចប់​វគ្គ​បណ្តុះបណ្តាល ។​

​នាយិកា​គ្រប់គ្រង​ធនធានមនុស្ស​រូបនេះ ប្រាប់​បន្តថា បច្ចុប្បន្ន Artisans d’Angkor គឺជា​សហគ្រាស​ធំជាងគេ នៅក្នុង​ខេត្ត​សៀមរាប ដែល​មាន​បុគ្គលិក​សរុប​ចំនួន ១.១០០​នាក់ ក្នុងនោះ មាន​សិប្បករ ៨០០​នាក់ និង​រោង​ជាង​៤៨​កន្លែង នៅក្នុង​ខេត្ត​នេះ​ទាំងមូល ។ 

​អ្នកស្រី​បន្ត​ថា Artisan d’Angkor មាន​បុគ្គលិក​ជា​ជនពិការ​ចំនួន​៧២​នាក់ ដែល​ចំនួន​នេះ ត្រូវ​បាន​រាប់បញ្ចូល​ទាំង​នៅក្នុង​រោង​សិប្បកម្ម​ធំ​នៅ​ក្រុមហ៊ុន​ផង និង​រោង​ជាង​នៅ​តាម​ផ្ទះ ឬ​ទីតាំង​ផ្សេងៗ​ក្នុង​ខេត្ត​ផង ។​

​អ្នកស្រី​បាន​សង្កត់ធ្ងន់ថា រាល់​បុគ្គលិក ឬ​សិប្បករ​ទាំងអស់ ត្រូវបាន​ជ្រើសរើស ដោយ​ពិនិត្យ​មើល​ទៅលើ​ស្ថានភាព​គ្រួសារ កូន​ច្រើន ការអប់រំ​បាន​ទាប ឬ​នៅ​តំបន់​ដាច់ស្រយាល​ជាដើម ។ ពួកគេ​ភាគច្រើន​ជា​ស្ត្រី ដែល​៩៥​ភាគរយ គឺ​សិប្បករ​តម្បាញ និង​កាត់ដេរ ហើយក៏​មាន​សិប្បករ​ចម្លាក់​មួយចំនួន​ដែរ ។ 

Artisan d’Angkor ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​១៩៩២ ដែល​កាលនោះ វា​គឺជា​គម្រោង​អប់រំ​មួយ ។ ក្នុង​ឆ្នាំ​១៩៩៨ សហភាព​អឺរ៉ុប បាន​ជួយ​ផ្តល់​ថវិកា​ដល់​គម្រោង ដើម្បី​ឱ្យ​អាច​បន្ត​និរន្តរភាព​ទៅមុខទៀត ។ រហូតដល់​ឆ្នាំ​២០០៣ ក្រុមហ៊ុន​នេះ បាន​ក្លាយជា​ពាក់កណ្តាល​សាធារណៈ មានន័យ​ថា មាន​ការវិនិយោគ​ពី​វិស័យ​ឯកជន​ពាក់កណ្តាល ។​

​ងាក​ចេញពី​ក្រុមហ៊ុន​នេះ យើង​ក៏​បាន​បន្ត​ដំណើរ​ទស្សន​កិច្ច​នៅ​រោងចក្រ Pactics ដែលជា​ក្រុមហ៊ុន ឬ​រោងចក្រ ឯកទេស​ខាង​ផលិត​ក្រណាត់ ឬ​កាបូប​វ៉ែនតា មាន​ម៉ាក​យីហោ​ល្បីៗ ។​

​ជំហាន​ដំបូង​បន្ទាប់ពី​បាន​ឈាន​ជើង​ចូល​បរិវេណ​ទីធ្លា​រោងចក្រ​នេះ យើង​ឃើញថា ក្នុង​ទំហំ​ផ្ទៃដី​ប្រមាណ​៣.០០០​ម៉ែត្រការ៉េ រោងចក្រ Pactics បាន​រៀបចំ​ទីធ្លា​ទាំងមូល ដោយ​មាន​បរិយាកាស​ធំ​ទូលាយ ប្រកប​ដោយ​ផាសុខភាព ។​

​យើង​អាច​និយាយ​បែប​នេះ​បាន ព្រោះ​ដោយ​សម្អាង​ត្រង់​ថា បរិវេណ​ទាំងមូល ត្រូវបាន​បែងចែក​ឱ្យមាន​ស្រះ​ទឹក​ផង បន្ទប់​ប្រជុំ បន្ទប់​ធ្វើការ​សម្រាប់​បុគ្គលិក​ការិយាល័យ ឃ្លាំង​ទុកដាក់​សម្ភារៈ​តាម​ដំណាក់កាល រហូត​ដល់​រោង​ឃ្លាំង​ដេរ​ផលិតផល​សម្រេច ដែល​មាន​ខ្យល់​ចេញចូល​ដកដង្ហើម​បាន​យ៉ាង​ស្រួល ។​

​ជាងនេះទៅទៀត រោងចក្រ​នេះ ក៏​មាន​ទារកដ្ឋាន​មួយកន្លែង និង​រោង​អាហារ​មួយ​កន្លែង ពិសេស ផ្លូវ​ធ្វើ​ដំណើរ​ទាំងអស់ ត្រូវបាន​សាងសង់​ដោយ​មាន​ការសម្រួល​ដល់​បុគ្គលិក​ជា​ជនពិការ​ផងដែរ ។​

​លោក Arjen LAAN, នាយក​ប្រតិបត្តិ Partics Group បាន​ប្រាប់ថា បុគ្គលិក​នៃ​ក្រុមហ៊ុន Partics ភាគច្រើន ក្រុមហ៊ុន​បាន​ផ្តោត​ទៅលើ​អ្នក​គ្មាន​ជំនាញ និង​អ្នក​មិន​ចេះអក្សរ ក្នុងនោះ បុគ្គលិក​កម្មករ​១០-២០​ភាគរយ មិន​ចេះអក្សរ ។ លោក​ថា ក្រុមហ៊ុន​មាន​គោលដៅ​ធ្វើ​យ៉ាងណា ឱ្យ​ពួកគេ​ចេះ​អាន និង​សរសេរ ។​

​អ្នកស្រី ធឹ​ម ថា​វី ប្រធាន​ផ្នែក​ធនធានមនុស្ស និង​ទំនួល​ខុស​ត្រូវ​សង្គម​នៅ​ក្រុមហ៊ុន Pactics បាន​ប្រាប់ថា បច្ចុប្បន្ន ក្រុមហ៊ុន​នេះ មាន​បុគ្គលិក​សរុប​ទាំងអស់​ចំនួន​៤៤៩​នាក់ ២៦​នាក់​ជា​ជនពិការ ក្នុងនោះ កម្មករ​ប្រហែល​៣៣៨​នាក់ ស្ត្រី​៧០​ភាគរយ ។ 

​អ្នកស្រី​អះអាងថា ក្រុមហ៊ុន​កំពុង​រើស​បុគ្គលិក​បន្ថែមទៀត ដោយសារតែ​មាន​ការបញ្ជា​ទិញ​កើនឡើង​ជា​រៀងរាល់ឆ្នាំ ។ ការបញ្ជា​ទិញ​ទាំង​អស់ គឺមាន​តែ​ក្រុមហ៊ុន​ធំៗ​ក្រៅ​ប្រទេស​ប៉ុណ្ណោះ ដូចជា ប្រទេស​អ៊ីតាលី អង់គ្លេស សហរដ្ឋអាមេរិក និង​ប្រទេស​ចិន ។​

​អ្នកស្រី ថា​វី អះអាង​បន្តថា កំណើន​នៃ​ការបញ្ជាទិញ ត្រូវបាន​មើលឃើញ​ដោយសារ​ក្រុមហ៊ុន​បាន​ផ្តល់​លក្ខខណ្ឌ​ការងារ​ល្អ​ដល់​បុគ្គលិក ។ ក្រុមហ៊ុន​បាន​គិតគូរ​ដល់​បុគ្គលិក​ជា​ចម្បង ក្នុងនោះ មាន​ការ​ផ្តល់​អាហារ​មាន​អនាម័យ​, មាន​ជីវជាតិ​, ទឹកស្អាត​, សេវា​ថែទាំ​កូន​នៅ​ទារកដ្ឋាន​ឱ្យ​បុគ្គលិក​ដោយ​ឥតគិតថ្លៃ​, មាន​ពេទ្យ​ប្រចាំ​នៅ​ក្រុមហ៊ុន និង​មាន​ធានារ៉ាប់រង​ការងារ​ជូន​បុគ្គលិក​ផងដែរ ។​

​អ្នកស្រី​បន្ត​ថា ក្រៅពីនេះ ក្រុមហ៊ុន​បាន​គិតគូរ​ទៅលើ​បញ្ហា​បរិស្ថាន តាមរយៈ​ការយក​សំណល់​ក្រណាត់​ពី​ការផលិត មក​ច្នៃ​ជា​វត្ថុ​ប្រើប្រាស់​ផ្សេងៗ ដូចជា​ក្រណាត់​ជូត​ជើង ខ្នើយ​អង្គុយ សម្ភារៈ​ដាក់​ប៊ិច ប្រដាប់​ទុកដាក់​សម្ភារៈប្រើប្រាស់​ផ្សេងៗ​ជាដើម ដែល​កត្តា​អស់ទាំង​នេះ​ហើយ ធ្វើឱ្យ​ការបញ្ជាទិញ​បាន​កើនឡើង​រៀងរាល់ឆ្នាំ ។ 

​បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​ពេញ​មួយ​ព្រឹក ជាមួយ​ក្រុមហ៊ុន​ទាំង​ពីរ​ខាងលើ នៅ​រសៀល​ថ្ងៃ​ដដែល ក្រុម​អ្នកសារព័ត៌មាន បាន​បន្តដំណើរ​ទៅ​ទស្សនកិច្ច​ក្រុមហ៊ុន អាកាសយានដ្ឋាន​អន្តរជាតិ ខេត្តសៀមរាប ។​

​លោក Eric Delobe នាយក​ប្រតិបត្តិ Cambodia airport ថា Cambodia airport គឺជា​ក្រុមហ៊ុន​ដែល​ទទួលបាន​សម្បទាន​ពី​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​ដំណើរការ​គ្រប់​អាកាសយានដ្ឋាន​អន្តរជាតិ​ទាំងអស់​នៅ​កម្ពុជា ។​

​លោក​ថា Cambodia airport បាន​ចាប់ដំណើរការ​នៅ​ទីក្រុង​ភ្នំពេញ​ដំបូង​គេ នៅក្នុង​ឆ្នាំ​១៩៩៥ ដែល​ដើមឡើយ មានឈ្មោះ​ថា អាកាសយានដ្ឋាន​ពោធិ៍ចិនតុង ។ ក្នុង​ឆ្នាំ​២០០១ ក្រុមហ៊ុន​បាន​ចាប់ផ្តើម​នៅ​ខេត្ត​សៀមរាប ហើយ​ឆ្នាំ​២០០៦ បានចាប់ផ្តើម​គ្រប់គ្រង​អាកាសយានដ្ឋាន​នៅ​ក្រុងព្រះសីហនុ ។​

​លោក​បន្តថា បច្ចុប្បន្ន ក្រុមហ៊ុន​នេះ មាន​បុគ្គលិក​សរុប​ចំនួន​២.០០០​នាក់ ក្នុងនោះ ៩៩​ភាគរយ ជា​ជនជាតិ​ខ្មែរ ។​

​លោក Eric បញ្ជាក់ថា ក្រុមហ៊ុន Cambodia Airport ជា​ក្រុមហ៊ុន​ជួយ​បង្កើន​ចរាចរ​អាកាស​នៅ​កម្ពុជា ។ ភារកិច្ច​របស់​ក្រុមហ៊ុន គឺ​យកចិត្តទុកដាក់​ខ្លាំង​ទៅលើ​ការទទួលខុសត្រូវ​សង្គម ដោយ​ឈរ​លើ​គោលការណ៍​៣ គឺ សង្គម បរិស្ថាន និង​ទំនាក់ទំនង​ក្នុងសង្គម ។​

​នៅ​បរិវេណ​ខាង​ក្នុងនៃ​អាកាសយានដ្ឋាន យើង​បាន​ធ្វើដំណើរ​ដោយ​ឡានក្រុង ដើម្បី​ទៅ​ទស្សនកិច្ច​នៅ​រោងចក្រ​សម្អាត​ទឹកស្អុយ ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​ចុងក្រោយបង្អស់ ។ រោងចក្រ​នេះ មាន​ទីតាំង​ស្ថិតនៅ​ខាងក្រោយ​គេ​បង្អស់​នៃ​ទីធ្លា​អាកាសយានដ្ឋាន ។ វា​មាន​តួនាទី​សម្អាត​រាល់​ទឹក​កខ្វក់​ដែល​បង្ហូរ​ចេញ​ពី​គ្រប់​ទីតាំង​នៃ​អាកាសយានដ្ឋាន ។ កាក​សំណល់​ពី​ទឹកស្អុយ ត្រូវ​បាន​រក្សាទុក​ធ្វើ​ជី​ប្រើប្រាស់ ឯ​ទឹក​ដែល​ត្រូវ​បាន​សម្អាត​រួចរាល់ ត្រូវបាន​បង្ហូរ​ចូល​ស្រះ​ដ៏​ធំ​មួយ​នៅក្បែរនោះ ។​

​ងាក​ចេញពី​ទីតាំង​នៃ​រោងចក្រ​សម្អាត​ទឹកស្អុយ ក្រុម​អ្នកសារព័ត៌មាន ត្រូវបាន​នាំ​ទៅ​ទស្សនកិច្ច​បន្ត​នៅ​ក្រុមហ៊ុន​តូ​តាល់​សូឡា ជាទី​តាំង​ចុងក្រោយ​គេ​បង្អស់​នៃ​ដំណើរ​ទស្សនកិច្ច ។​

​ទីតាំង​នៃ​តូ​តាល់​សូឡា គឺ​នៅ​មិន​ឆ្ងាយ​ពី​រោងចក្រ​សម្អាត​ទឹកស្អុយ​ប៉ុន្មាន​ឡើយ ។ ដំណើរ​ទស្សនកិច្ច​ក្នុង​ទីធ្លា​នៃ​ក្រុមហ៊ុន​តូ​តាល់ គឺ​តម្រូវ​ឱ្យ​អ្នកចូលរួម​ទាំងអស់ ប្តូរ​ស្បែកជើង ពាក់អាវ​សម្គាល់​ពី​ខាងក្រៅ ពាក់មួក​ការពារ និង​ទុក​រាល់​សម្ភារៈ​ដែល​អាច​បង្ក​ឱ្យ​ឆាបឆេះ​នៅក្នុង​ការិយាល័យ ។​

​ផ្ទាំង​សូ​ឡា​ដ៏​ច្រើន តម្រៀបជួរ​គ្នា​នៅ​ខាងក្នុង​ទីធ្លា​ក្រុមហ៊ុន ក្បែរ​ទីតាំង​ស្តុក​ប្រេង​ដ៏​ធំ​ចំនួន​២ ។​

​លោក ម៉ម សំអាត អគ្គនាយករង​ទទួលបន្ទុក​ប្រតិបត្តិការ​នៃ​ក្រុមហ៊ុន​តូ​តាល់​ថា ក្រុមហ៊ុន​តូ​តាល់ បានដាក់​ប្រើប្រាស់​ផ្ទាំង​បន្ទះ​សូ​ឡា ដោយ​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​នៅ​កាលពី​ឆ្នាំមុន ។ 

​លោក​ថា គម្រោង​នេះ ចំណាយពេល​២​ឆ្នាំ ដើម្បី​សិក្សា​ពី​គម្រោង​អាជីវកម្ម​ថាមពល​ស្អាត និង​សិក្សា​ពី​ទីតាំង ខណៈ​ទីតាំង​ដែល​បាន​ជ្រើសរើស​នោះ ត្រូវបាន​គិតថា ជាទី​តាំង​ល្អ នៅ​ដាច់ស្រយាល មិន​អាច​ភ្ជាប់​នឹង​បណ្តាញ​អគ្គិសនី​របស់​រដ្ឋ ។​

​លោក​បន្តថា ជា​លទ្ធផល​នៃ​បទពិសោធន៍ ក្រុមហ៊ុន​អាច​បញ្ចៀស ឬ​កាត់​បន្ថយ​ការបំភាយ​ឧស្ម័ន​កាបូនិច ទៅ​ក្នុង​បរិយាកាស ចំនួន​១៨៧​តោន​ក្នុង​មួយឆ្នាំ ។ 

​លោក​អគ្គនាយករង​រូប​នេះ​បញ្ជាក់ថា គម្រោង​ថាមពល​ស្អាត ឬ​សូ​ឡា​នេះ គឺ​បាន​ផ្តល់​ផល​ចំណេញ​ខ្ពស់ និង​ផ្តល់​ផល​ល្អ​យ៉ាងច្រើន​ទៅលើ​បរិស្ថាន ។ នៅ​ឆ្នាំ​២០១៩ ក្រុមហ៊ុន​គ្រោង​ដំឡើង​បន្ទះ​សូ​ឡា ចំនួន​១៥​កន្លែង​ផ្សេង​ទៀត ។ លោក​បន្តថា នៅពេល​តម្រូវការ​ថាមពល​នៅ​កម្ពុជា​កើនឡើង ក្រុមហ៊ុន​តូ​តាល់​សូឡា អាច​នឹង​លក់​ថាមពល​ស្អាត​នៅ​ថ្ងៃ​អនាគត ៕

ព័ត៌មានផ្សេងទៀត