បុណ្យ​សមុទ្រ​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃស្អែក​ខណៈ​ផ្ទះ​ស្នាក់​ត្រូវបាន​កក់​ជិត​ពេញ​អស់​

13-12-2018 4:01 pm 873
  ស្តាប់
ស្តាប់ជាសំឡេង

​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៧ ជុំ​ទី​២ នៅ​ខេត្ត​កោះកុង នឹង​ឈាន​ចូល​មក​ដល់ នៅ​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ខាងមុខ ខណៈ​មក​ទល់​ពេល​នេះ ផ្ទះសំណាក់ និង​សណ្ឋាគារ នៅក្នុង​ក្រុង​ខេមរភូមិន្ទ ត្រូវបាន​ភ្ញៀវទេសចរ​ជួល និង​កក់​ទុក​ជិត​ពេញ​ទាំងអស់​ហើយ ប៉ុន្តែ ទេសចរ​ក៏​អាច​ឆ្លង​ទៅ​ស្នាក់នៅ​និង​ទស្សនា​នៅ​ខេត្ត​ត្រាត​ប្រទេស​ថៃ បាន​យ៉ាង​ងាយ​ដែរ ។ នេះ​បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ទេសចរណ៍ នៅ​រសៀល​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ...

លោក ប៊ុន បៀ​វ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកោះកុង​ថា មកទល់​នឹង​ពេលនេះ ផ្ទះសំណាក់ និង​សណ្ឋាគារ នៅក្នុង​ក្រុង​ខេមរភូមិន្ទ ខេត្ត​កោះកុង ត្រូវបាន​ភ្ញៀវទេសចរ​ជួល និង​កក់​ទុក​ជិត​ពេញ​អស់ហើយ មាន​តែ​នៅតាម​ជាយៗ​ក្រុង​តិចតួច​ប៉ុណ្ណោះ​ដែល​នៅសល់ តែ​ទេសចរ​នៅ​មាន​ជម្រើស​ទៅ​ស្នាក់នៅ​ខេត្ត​ត្រាត ប្រទេស​ថៃ​បាន ។​

​លោក​ថា សម្រាប់​ភ្ញៀវទេសចរ​ដែល​មាន​បំណង​ចង់​ទៅ​ស្នាក់នៅ និង​ទស្សនា​កម្សាន្ត​នៅ​ខេត្ត​ត្រាត ប្រទេស​ថៃ ត្រូវ​ថតចម្លង​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ មក​ជាមួយ​ឱ្យបាន​ស្រេច ។​

​ប្រធាន​មន្ទីរ​រូបនេះ​បន្ត​ថា ខាង​ភាគី​ថៃ បាន​ត្រៀម​បន្ទប់​ស្នាក់នៅ សម្រាប់​ភ្ញៀវ​ទេសចរ​ពី​កម្ពុជា​ដល់​ទៅ​ជាង​៦០០​បន្ទប់ ប៉ុន្តែ មកទល់ពេលនេះ ភ្ញៀវ​ទើបតែ​ជួល​អស់​ជាង​១០០​បន្ទប់​នៅ​ឡើយ ពោល​គឺ នៅ​ជាង​៤០០​បន្ទប់​ទៀត ។ គាត់​ថា តម្លៃ​ស្នាក់នៅ​ខាង​ថៃ គឺ​មិន​លើសពី​៣០​ដុល្លារ​អាមេរិក​ឡើយ ។​

​បើ​តាម​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ថា ពលរដ្ឋ​ខ្មែរ​ដែល​ទៅ​លេង​បុណ្យ​សមុទ្រ ដែល​គ្មាន​លិខិតឆ្លងដែន អាច​ឆ្លង​ទៅ​លេង​ដល់​ខេត្ត​ត្រាត ប្រទេស​ថៃ​បានដែរ គ្រាន់តែ​យក​អត្តសញ្ញាណប័ណ្ណ​ទៅ​ជាមួយ ។ 

​លោក​ថា បើ​ចង់​បើក​រថយន្ត​ផ្ទាល់ខ្លួន​ចូល ត្រូវ​មាន​ប័ណ្ណ​សម្គាល់​យានយន្ត និង​ប័ណ្ណបើកបរ ហើយ​បើ​មាន​ក្មេង​តូចៗ​ទៅ​ជាមួយ ត្រូវ​យក​រូបថត​ទៅ​ផង ។ យ៉ាងណាក៏ដោយ លោក​បញ្ជាក់ថា បើសិនជា​មាន​លិខិតឆ្លងដែន ក៏​គួរ​យក​តាម​ជាមួយ​ផង វា​កាន់តែ​ងាយស្រួល ។​

​បុណ្យ​សមុទ្រ នឹង​ត្រូវ​ប្រារព្ធ​ធ្វើឡើង​រយៈពេល​បី​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៤-១៥-១៦ ខែ​ធ្នូ នៅ​ខេត្ត​កោះកុង ក្រោម​ប្រធានបទ «​ឆ្នេរ​ស្អាត ពលរដ្ឋ​រមណី​» ។ តាម​ការរំពឹងទុក ពិធីបុណ្យ​សមុទ្រ​ឆ្នាំនេះ នឹង​ទទួលបាន​ភ្ញៀវទេសចរ​យ៉ាងតិច​៩​ម៉ឺន​នាក់ ៕

ព័ត៌មានផ្សេងទៀត