ឥណ្ឌូនេស៊ី​៖​​ឃើញ​ពស់ថ្លាន់​​ធំ​ពេក​​ស្មានថា​គល់ឈើ​​ទៅ​ប៉ះ​រួច​​ក៏ត្រូវ​ពស់​​រុំ​ខ្លួន​ស្ទើរ​ស្លាប់​

13-12-2018 9:13 am 22778
រូបភាពបុរសមួយក្រុមកំពុងចាប់ពស់ថ្លាន់

​ហេតុការណ៍​ដ៏​គួរឲ្យភ្ញាក់ផ្អើល​មួយ បាន​កើតឡើង​នៅ​ក្នុងប្រទេស​ឥណ្ឌូនេស៊ី​ថ្មីៗ​នេះ គឺ​បុរស​មួយក្រុម​បាន​ប្រយុទ្ធ​តតាំង​នឹង​ពស់ថ្លាន់​មួយ​ក្បាល​ប្រវែង​៨​ម៉ែត្រ ដើម្បី​ជួយសង្គ្រោះ​មិត្ដភក្ដិ​ពី​សេចក្ដីស្លាប់​។ ករណីនេះ​បង្ក​ជា​ការភ្ញាក់ផ្អើល ក្រោយ​មាន​វីដេអូ​មួយ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម ដែលមាន​មនុស្ស​ចូល​មើល​ជាង​មួយ​លាន​នាក់​។​

​ដំបូង​ឡើយ​អ្នកភូមិ​មួយក្រុម​គិតថា ពស់ថ្លាន់​មួយ​ក្បាល​ដែល​ដេក​តាម​ដង​ទន្លេ គឺជា​គល់ឈើ​ចាស់​មួយ មុនពេល​បុរស​ម្នាក់​បាន​ទៅ​ប៉ះ ក្រោយមក​ក៏មាន​ចលនា​ទើប​ដឹងថា​ជា​សត្វ​ពស់​។ ពស់ថ្លាន់​យក្ស​នេះ​បាន​វាយប្រហារ​បុរស​ម្នាក់ ដោយ​រុំ​ខ្លួន​បុរស​នោះ​ជាប់ ហើយ​ភ្លាមៗ​មិត្ដភក្ដិ​ធ្វើដំណើរ​រួមគ្នា បាន​ប្រយុទ្ធ​តតាំង​នឹង​សត្វ​ពស់​ដើម្បី​ជួយសង្គ្រោះ អស់​មួយ​សំទុះ​ទើប​ជួយ​បាន​។​

​ក្រោយមក​ពួកគេ​ក៏បាន​យក​សត្វ​ពស់​នោះ​ទៅ​ដាក់​ក្នុង​ទ្រង់ ហើយ​ផ្ដល់ដំណឹង​ឲ្យ​ខាង​សួត​សត្វ​មក​យកទៅដាក់​ក្នុង​សួន​។ ប៉ុន្ដែ​ដោយសារ​បញ្ហា​ខ្វះខាត ខាង​សួនសត្វ​មិនបាន​ទទួលយក​ពស់ថ្លាន់​នោះទេ​។ ក្រុម​អ្នកភូមិ​ដែល​ចាប់បាន ក៏​សម្រេច​ទុក​ពស់​នោះ​ក្នុង​ទ្រង់ ទុកឲ្យ​អ្នក​ចង់​ឃើញវា​អាច​ចូលទៅ​មើល​បាន​។​

​សូមបញ្ជាក់ថា ពស់ថ្លាន់​គឺជា​សត្វ​ពស់​ដែល​ធំជាងគេ​បំផុត​នៅក្នុង​ពិភពលោក ប៉ុន្ដែ​កម្រ​នឹងមាន​ប្រវែង​ជាង​៧​ម៉ែត្រ​ណាស់​។ នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​កាលពី​ខែមិថុនា ស្ដ្រី​ម្នាក់​ត្រូវបាន​រកឃើញ​ស្លាប់​នៅក្នុង​ពោះ​សត្វ​ពស់ថ្លាន់ បន្ទាប់ពី​ចាប់បាន​វា​នៅក្បែរ​កន្លែង​ស្ដ្រី​រងគ្រោះ​បាត់​ខ្លួន នៅក្នុង​សួន​បន្លែ ស្ថិត​លើ​កោះ​ស៊ូ​ឡា​វ៉េ​ស៊ី​៕

​សូម​ទស្សនា​វីដេអូ​ខាងក្រោម​៖

ព័ត៌មានផ្សេងទៀត