លោក​សម​រង្ស៊ី​អំពាវនាវ​ឱ្យ​សមាជិក​បក្ស​កុំ​បែកបាក់​គ្នា​

13-12-2018 9:04 am 2156
  ស្តាប់
ស្តាប់ជាសំឡេង

​លោក សម រង្ស៊ី តាមរយៈ​លិខិត​អំពាវនាវ​របស់​ខ្លួន​នៅថ្ងៃនេះ បាន​សង្កត់ធ្ងន់​កុំឱ្យ​សមាជិក​នៃ​អតីត​គណបក្ស​ខ្លួន កុំ​បែកបាក់​គ្នា តាមរយៈ​យុទ្ធសាស្ត្រ​ដែល​លោក​ហ៊ុន សែន បាន​ព្រាងទុក ។ លោក​ថា សមាជិក​ទាំងអស់ ត្រូវតែ​ច្រានចោល​ដំណោះស្រាយ ទទួល​សិទ្ធិ​នយោបាយ​ពី​លោក ហ៊ុន សែន ដែល​ផ្លូវ​នេះ គ្មានអ្វី​ក្រៅពី​ទៅ​បម្រើ​នយោបាយ​លោក​ហ៊ុន​សែន ដោយផ្ទាល់ ឬ​ប្រយោល...

​លោក សម រង្ស៊ី នៅ​ព្រឹក​ថ្ងៃទី​១៣ ខែ​ធ្នូ បាន​អំពាវនាវ​ពី​ប្រទេស​បារាំង ឱ្យ​សមាជិក​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ គ្រប់​ជាន់ថ្នាក់ ទាំង​ក្នុងប្រទេស​និង​ក្រៅ​ប្រទេស​ទាំងអស់ ត្រូវ​រួបរួម​គ្នា​ជា​ធ្លុង​មួយ កុំ​បែកបាក់​គ្នា ហើយ​កុំ​ចាញ់​ការ​សម្លុត និង​បោក​បញ្ឆោត​របស់លោក ហ៊ុន សែន ។​

​លោក​ថា បើ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បែកបាក់​គ្នា នោះ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន នឹង​ទទួលបាន​ជ័យជំនះ​លើ​ក្រុម​លោក ដោយ​លោក​ហ៊ុន សែន គ្រាន់តែ​ផ្តល់​សិទ្ធិ​ធ្វើ​នយោបាយ ឱ្យ​អតីត​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន​តែប៉ុណ្ណោះ ។​

​គាត់​ថា អ្នក​ដែល​ទទួល​សិទ្ធិ​ពី​លោក ហ៊ុន សែន ឱ្យ​ធ្វើ​នយោបាយ​បន្តទៀត ក៏​មិនដឹង​ជា​ធ្វើ​នយោបាយ​យ៉ាង​ម៉េច ក្នុង​គ្រា​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវបាន​គេ​រំលាយ ហើយ​ប្រធាន​គណបក្ស​លោក កឹម សុខា ត្រូវបាន​ចាប់​ឃុំឃាំង ។ 

​លោក សម រង្ស៊ី អះអាងថា អ្នក​ដែល​ទទួល​សិទ្ធិ​ពី​លោក​ហ៊ុន សែន គ្មាន​ផ្លូវ​ណា​ធ្វើ​នយោបាយ​តទៅទៀត ក្រៅ​ពី​ទៅ​បម្រើ​នយោបាយ លោក ហ៊ុន សែន ដោយផ្ទាល់ ឬ​ដោយ​ប្រយោល ។​

​លោក​អំពាវនាវ​ឱ្យ​សមាជិក​ទាំងអស់ ត្រូវតែ​ច្រានចោល​ដំណោះស្រាយ តែ​មួយ​ជ្រុង​នេះ ដែល​ជា​ដំណោះស្រាយ​ក្លែងក្លាយ មាន​លោក ហ៊ុន សែន នៅ​ពីក្រោយ ។​

​យ៉ាងណាក៏ដោយ លោក​អះអាង​ថា អតីត​ថ្នាក់ដឹកនាំ​បក្ស​ទាំងអស់ នឹង​ទទួលបាន​សិទ្ធិ​ធ្វើ​នយោបាយ​តទៅទៀត​ដោយ​ស្វ័យប្រវត្តិ ក្រោម​សម្ពាធ​អន្តរជាតិ បើលោកហ៊ុនសែន​មិន​ចង់​ឱ្យ​របប​របស់​គាត់ ត្រូវ​បាន​ដួលរលំ នៅក្នុង​ឆ្នាំ​២០១៩​ខាង​មុខ​ទេ ។​

​លោក អ៊ូ ច័ន្ទ​រ័ត្ន អតីត​មន្ត្រីជាន់ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃ​ទី​១១ ខែ​ធ្នូ បាន​អះអាង​ប្រាប់​វិទ្យុ​វាយោ​ថា ស្ថានការណ៍​នយោបាយ​នឹង​ប្រសើរឡើង ប្រសិនបើ​មាន​ការផ្តល់​សិទ្ធិ​នយោបាយ ដល់​តំណាងរាស្ត្រ​ទាំង​១១៨​រូប ។ 

​តែ​លោក​ថា វា​នឹង​ក្លាយ​ជា​យុទ្ធសាស្ត្រ​បំបែកបំបាក់ ប្រសិនបើ​តំណាងរាស្ត្រ​ខ្លះ ត្រូវបាន​បើក​សិទ្ធិ និង​ខ្លះទៀត បន្ត​បិទ​សិទ្ធិ​នយោបាយ​ដដែល ។​

​គាត់​បន្ត​ថា បើ​សង្គ្រោះ​ជាតិ​បែកបាក់​គ្នា​មែន នោះ​មិនមែន​ជា​កំហុស​របស់​គណបក្ស​កាន់អំណាច​ទេ តែ​ជា​កំហុស​របស់​បក្ស​សង្គ្រោះ​ជាតិ​ខ្លួនឯង​ផ្ទាល់ ដែល​ឱ្យ​គេ​បំបែក​បាន ៕​

ព័ត៌មានផ្សេងទៀត