ការស្រាវជ្រាវ​៖​​នៅ​សិង្ហ​បុរី​​មាន​ប្រជាជន​​តែ​ពាក់កណ្ដាល​​ប៉ុណ្ណោះ​​អាច​គេង​បាន​​គ្រប់គ្រាន់​

12-12-2018 8:57 am 519
ប្រជាជនសិង្ហបុរីមានតែពាក់កណ្ដាលទេ ដែលសម្រាកបានគ្រប់គ្រាន់នៅពេលយប់

​តាម​ការស្ទង់មតិ​ដែល​បង្ហាញ​ដោយ​ក្រុមហ៊ុន​ស្រាវជ្រាវ​YouGov​កាលពី​ថ្ងៃ​អង្គារ បានឲ្យដឹងថា នៅ​ប្រទេស​សិង្ហ​បុរី​មាន​មនុស្សពេញវ័យ​តែ​ពាក់កណ្ដាល​ប៉ុណ្ណោះ ដែល​គេង​បាន​គ្រប់គ្រាន់​។ ខណៈដែល​មនុស្សពេញវ័យ​ជា​មធ្យម គួរ​គេង​ចន្លោះ​ពី​៧​ទៅ​៨​ម៉ោង​ក្នុង​មួយ​យប់ ក្នុងប្រទេស​សិង្ហ​បុរី​មាន​ប្រជាជន​ពេញវ័យ​តែ​៤៨​ភាគរយ​ប៉ុណ្ណោះ អាច​ធ្វើបាន​ដូច្នេះ​។ 

​ទិន្នន័យ​ផ្អែកលើ​ការស្ទង់មតិ​ប្រជាជន​សិង្ហ​បុរី​១,០២២​នាក់ បាន​បង្ហាញថា​មនុស្សពេញវ័យ​៤​នាក់​ក្នុងចំណោម​១០​នាក់ អាច​គេង​បាន​តិចជាង​៧​ម៉ោង​ក្នុង​មួយ​យប់​។ លោក​Jake Gammon​ប្រធាន​ក្រុមហ៊ុន​YouGov Omnibus ប្រចាំ​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក​បាន​និយាយថា នៅ​ក្នុងប្រទេស​ដែលមាន​ដំណើរការ​ជឿន​លឿន​ដូច​សិង្ហ​បុរី មាន​ប្រជាជន​តែ​ពាក់កណ្ដាល​ប៉ុណ្ណោះ អាច​សម្រាក​បាន​គ្រប់គ្រាន់​។ 

​ការស្ទង់មតិ​ធ្វើឡើង​កាលពី​ខែ​មុន​រកឃើញថា ខណៈដែល​៣​ភាគរយ​នៃ​ប្រជាជន​សិង្ហ​បុរី​គេង​តិចជាង​បួន​ម៉ោង សមាមាត្រ​នេះ​កើនឡើង​ទ្វេដង​ក្នុងចំណោម​អ្នកមាន​ចំណូល​ប្រចាំខែ តិចជាង​៤​ពាន់​ដុល្លារ​សិង្ហ​បុរី​។ លើសពីនេះទៅទៀត​ការស្ទង់មតិ​បង្ហាញ​ដែរថា បី​ភាគ​បួន​នៃ​ប្រជាជន​សិង្ហ​បុរី ភ្ញាក់​យ៉ាងហោចណាស់​ម្ដង​ក្នុង​មួយ​យប់​៕

 ពាក្យគន្លឹះ  ជិវិតសិង្ហបុរី

ព័ត៌មានផ្សេងទៀត