អាមេរិក​​ចង់​បំបាត់​ប្រជាប្រិយភាព​​ក្រុមហ៊ុន​Huawei​​ដែល​កំពុង​មាន​ការគាំទ្រ​ខ្លាំង​?

11-12-2018 5:45 pm 15505
រូបភាពអ្នកស្រី​Meng Wanzhouនិងឡូហ្គោក្រុមហ៊ុន​Huawei

​ក្រោយ​ស្ងប់ស្ងាត់​ពី​ជម្លោះ​ពាណិជ្ជកម្ម អាមេរិក​និង​ចិន​កំពុង​ផ្ទុះ​ភាព​តានតឹង​លើ​ករណី​ថ្មី​មួយទៀត នោះ​គឺ​ការចាប់ខ្លួន​ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​ក្រុមហ៊ុន​ចិន​Huawei​។ ចិន​ចោទថា​អាមេរិក​ធ្វើ​ដូច្នេះ ចង់ឲ្យ​ក្រុមហ៊ុន​Huawei​បាត់បង់​ប្រជាប្រិយភាព ព្រោះ​ក្រុមហ៊ុន​កំពុង​ទទួល​ការគាំទ្រ​ខ្លាំង ហើយក៏​កំពុង​ប្រជែង​នឹង​ក្រុមហ៊ុន​អាមេរិក​ដែរ​។ ប៉ុន្ដែ​អាមេរិក​មិន​បានបង្ហាញ​ចេតនា​ដូច​ចិន​លើកឡើង​ទេ ផ្ទុយទៅវិញ​ការចាប់ខ្លួន​នេះ ដោយសារ​ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ រំលោភ​លើ​ទណ្ឌកម្ម​របស់​អាមេរិក​។ 

​ជា​បន្ដ​សូម​ស្ដាប់​សេចក្ដីរាយការណ៍​ពី​ពេញ ផេង នៅក្នុង​នាទី​វិភាគ​ព្រឹត្ដិការណ៍​អន្ដ​រ​ជាតិ​ដូចតទៅ​៖

​សំឡេង​៖

​ករណី​ចាប់ខ្លួន​ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​ក្រុមហ៊ុន​ចិន​Huawei អ្នកស្រី​Meng Wanzhou កំពុង​បង្ក​ភាពចម្រូងចម្រាស​រវាង​ចិន​ជាមួយ​អាមេរិក និង​ចិន​ជាមួយ​កាណាដា​។ រដ្ឋាភិបាល​ចិន​រួមទាំង​ក្រុមហ៊ុន​Huawei បាន​ស្នើឲ្យ​កាណាដា​ដោះលែង​អ្នកស្រី​Meng​ជាបន្ទាន់ បើ​មិន​ចង់​ជួប​ផលវិបាក​ធ្ងន់ធ្ងរ​។ ម្យ៉ាង​អ្នកស្រី​មិនបាន​ប្រព្រឹត្ដអ្វី​ខុស​នឹង​ច្បាប់​កាណាដាឬ​អាមេរិកទេ​។ សម្រាប់​អាមេរិក ចិន​លើកឡើងថា អាមេរិក​ចង់​បំបាត់​ប្រជាប្រិយភាព​ក្រុមហ៊ុន​Huawei ដោយសារតែ​ក្រុមហ៊ុន​នេះ​កំពុង​ប្រជែង​ខ្លាំង​ជាមួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​អាមេរិក​។ ចន្លោះពេល​មាន​ការចាប់ខ្លួន​អ្នកស្រី​Meng បាន​ធ្វើឲ្យប៉ះពាល់​ដល់​ស្ថានភាព​ទីផ្សា​ររបស់​ក្រុមហ៊ុន​Huawei​លើ​ពិភពលោក​ផងដែរ​។ 

​អ្នកស្រី​Meng Wanzhou​ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី​០១​ធ្នូ នៅក្នុង​ទីក្រុង Vancouver​ប្រទេស​កាណាដា តប​តាម​សំណើ​អាមេរិក​។ អាមេរិក​ចោទថា អ្នកស្រី​Meng​លួច​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​អ៊ីរ៉ង់ រំលោភ​ទណ្ឌកម្ម​ដែល​អាមេរិក​បានដាក់​។ អ្នកស្រី​ក៏​រង​ការចោទប្រកាន់ថា បាន​កុហក​ធនាគារ​ជាច្រើន​ពី​ទំនាក់ទំនង​រវាង​ក្រុមហ៊ុន​Huawei និង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​Skycom លួច​ផ្ទេរប្រាក់​ទៅកាន់​ប្រទេស​អ៊ីរ៉ង់​។ ហេតុនេះ ទើប​អាជ្ញាធរ​កាណាដា​ធ្វើតាម​ការស្នើសុំ​ពី​អាជ្ញាធរ​អាមេរិក​។​

​ក្រោយ​ចាប់ខ្លួន តុលាការ​កាណាដា​បាន​បើកសវនាការ​កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន ទាក់ទង​នឹង​សំណើសុំ​នៅក្រៅ​ឃុំ​របស់​អ្នកស្រី​។ ប៉ុន្ដែ​តុលាការ​បាន​លើក​ពេល​រហូតដល់​ថ្ងៃ​ចន្ទ​និង​ថ្ងៃ​អង្គារ​សប្ដាហ៍​នេះ​វិញ ដើម្បី​សម្រេច​ថា​នឹងត្រូវ​ឲ្យ​អ្នកស្រី​Meng នៅក្រៅ​ឃុំ​បណ្ដោះអាសន្ន​ឬ​យ៉ាងណា​។ ចំពោះ​មេធាវី​រដ្ឋាភិបាល​កាណាដា​លើកឡើងថា មិនគួរ​អនុញ្ញាតឲ្យ​អ្នកស្រី​ស្ថិតនៅក្រៅឃុំ​បណ្ដោះអាសន្ន​ទេ ព្រោះ​អ្នកស្រី​មានលទ្ធភាព​គ្រប់គ្រាន់​អាច​លួច​គេចខ្លួន​ចេញពី​កាណាដា​។ 

​សម្រាប់​អ្នកស្រី​Meng បាន​ទទូច​ស្នើសុំ​តុលាការ​នៅក្រៅ​ឃុំ ដោយសារតែ​បញ្ហា​សុខភាព​។ អ្នកស្រី​ថា​ពិតជា​ព្រួយបារម្ភ​ពី​ស្ថានភាព​សុខភាព​ក្នុងអំឡុងពេល​ជាប់ឃុំ ដោយសារ​នៅពេលនេះ​សុខភាព​អ្នកស្រី​កាន់តែ​យ៉ាប់យ៉ឺន​ជាង​មុន​។ អ្នកស្រី​ធ្លាប់​វះកាត់​ជំងឺមហារីក​កាលពី​ឆ្នាំ​២០១១ ហើយ​មេធាវី​អ្នកស្រី​ថា​ចាំបាច់​ត្រូវ​ប្រើប្រាស់​ថ្នាំ​ជាប្រចាំ​។ អ្នកស្រី​សន្យា​នឹងមិន​ចាកចេញ​ពី​កាណាដា ហើយនឹង​ប្រគល់​លិខិតឆ្លងដែន ដើម្បីឲ្យ​អាជ្ញាធរ​ត្រួតពិនិត្យ​។ អ្នក​Meng​មាន​លិខិតឆ្លងដែន​រហូតដល់​៧​ក្នុងពេល​តែមួយ ក្នុងនោះ​៤​ជា​លិខិតឆ្លងដែន​ចិន និង​៣​ទៀត​ជា​លិខិតឆ្លងដែន​ហុងកុង​។ បញ្ហា​នេះ​កំពុង​បង្ក​ចម្ងល់​យ៉ាងខ្លាំង ថា​ហេតុអ្វី​បានជា​អ្នកស្រី​មាន​លិខិតឆ្លងដែន​ច្រើន​ដូច្នេះ ព្រោះ​បើ​តាមច្បាប់​ចិន ពលរដ្ឋ​ចិន​បើ​ចង់​ធ្វើ​លិខិតឆ្លងដែន​នៅ​តំបន់​ផ្សេង​ឬ​ប្រទេស​ផ្សេង ត្រូវតែ​បោះបង់​លិខិតឆ្លងដែន​ជន​ជាតិចិន​។​

​តាម​ការបញ្ជាក់​ពី​មន្ដ្រី​អាមេរិក អ្នកស្រី​Meng​ធ្លាប់ប្រើ​លិខិតឆ្លងដែន​ហុងកុង​ចូល​ទឹកដី​អាមេរិក​៣៣​លើក ចន្លោះ​ពី​ឆ្នាំ​២០១៤​ដល់​ឆ្នាំ​២០១៧​។ តាម​ព័ត៌មាន​ទទួលបាន កូនប្រុស​ទី​ពីរ​របស់​អ្នកស្រី​កំពុង​សិក្សា​នៅ​សហរដ្ឋអាមេរិក ប៉ុន្ដែ​អ្នកស្រី​Meng​បានគេច​មិន​ចូល​ទឹកដី​អាមេរិក​ឡើយ ចាប់តាំងពី​ខែ​មីនាឆ្នាំ​២០១៧ ក្រោយ​ដឹងថា​អាមេរិក​ចាប់ផ្ដើម​ស៊ើបអង្កេត​លើ​ក្រុមហ៊ុន​Huawei​។ 

​ការចាប់ខ្លួន​អ្នកស្រី​Meng Wanzhou​ស្របពេល​អាមេរិក​និង​ចិន​ផ្អាក​សង្គ្រាម​ពាណិជ្ជកម្ម​

​ការចាប់ខ្លួន​អ្នកស្រី​Meng Wanzhou ធ្វើឡើង​ស្របពេល​អាមេរិក​និង​ចិន​ផ្អាក​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយគ្នា បន្ទាប់ពី​ប្រធានាធិបតី​ប្រទេស​ទាំងពីរ បាន​ជួបពិភាក្សា​នៅក្រៅ​កិច្ចប្រជុំ​G20​ក្នុងប្រទេស​អា​ហ្សង់​ទីន​។ លោក​ស៊ី ជីន​ពីង​និង​លោក​ដូណាល់ ត្រាំ បាន​កំណត់ពេល​៩០​ថ្ងៃ​ឲ្យ​មន្ដ្រី​អាមេរិក​និង​ចិន​រៀបចំ​កិច្ចចរចា​ដោះស្រាយ​ភាព​តានតឹង​ពាណិជ្ជកម្ម​។ ក៏មាន​សំណួរ​ចោទឡើង​ថា តើ​អ្នកស្រី​Meng អាច​ក្លាយជា​ចំណាប់ខ្មាំង អាមេរិក​ប្រើប្រាស់​ដាក់​លក្ខខណ្ឌ​ពេល​ចរចា​ជាមួយ​ចិន​ឬទេ​?

​មន្ដ្រីជាន់ខ្ពស់​អាមេរិក​ម្នាក់​ធ្លាប់​និយាយថា ករណី​អ្នកស្រី​Meng​អាច​នឹង​ដាក់បញ្ចូល​ក្នុង​កិច្ចពិភាក្សា ប៉ុន្ដែ​មន្ដ្រី​រូបនោះ​មិន​បានបង្ហាញ​សញ្ញា​ថា ចង់យក​រឿងនេះ​ដោះដូរ​នឹង​លក្ខខណ្ឌ​ណាមួយ​ជាមួយ​ចិន​ឡើយ​។ ពេលនេះ​មន្ដ្រី​អាមេរិក​និង​ចិន​កំពុង​រៀបចំ​ដំណើរការ​កិច្ចចរចា​ជំហាន​ថ្មី តាម​ការ​កំណត់ពេល​៩០​ថ្ងៃ ដើម្បី​ដោះស្រាយ​ភាពជាប់គាំង​ពាណិជ្ជកម្ម​។​

​ក្រុមហ៊ុន​Huawei​ធ្លាប់​រង​ការចោទប្រកាន់​ករណី​មួយ​ពី​អាមេរិក​

​មុន​ចាប់ខ្លួន​ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​អ្នកស្រី​Meng Wanzhou ក្រុមហ៊ុន​Huawei​ធ្លាប់​រង​ការចោទប្រកាន់​ពី​អាមេរិក​ករណី​មួយ ប៉ុន្ដែ​ត្រូវ​ក្រុមហ៊ុន​ច្រានចោល​។ កាលនោះ​អាមេរិក​ថា​ផលិតផល​របស់​ក្រុមហ៊ុន​នេះ មាន​បំពាក់​ឧបករណ៍​ស៊ើបការណ៍​សម្ងាត់ ហើយ​អាមេរិក​បាន​ហាមឃាត់​មន្ដ្រី​ក្នុង​ជួ​រដ្ឋាភិបាល ពិសេស​មន្ដ្រី​យោធា មិនឲ្យ​ប្រើប្រាស់​ទូរស័ព្ទ​ក្រុមហ៊ុន​Huawei​ឡើយ​។ អាមេរិក​ក៏​ហាមឃាត់​ការប្រើប្រាស់​ឧបករណ៍​ក្រុមហ៊ុន​Huawei​ផងដែរ ព្រោះ​ជា​ក្រុមហ៊ុន​ស្និទ្ធ​នឹង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​។​

​បន្ទាប់ពី​អាមេរិក មាន​ប្រទេស​មួយចំនួនទៀត​ដូចជា អង់គ្លេស អូស្ដ្រាលី ណូវែល​ហ្សេ​ឡង់ និង​ថ្មីៗ​នេះ​ប្រទេស​ជប៉ុន ក៏​ហាមឃាត់​មិនឲ្យ​ប្រើប្រាស់ឧ​បករ​ណ៍​ក្រុមហ៊ុន​Huawei ពិសេស​ក្នុង​គម្រោង​5G​។ មូលហេតុ​ប្រទេស​ទាំងនេះ​បង្ហាញ​ការព្រួយបារម្ភ​ថា ខ្លាច​បែកធ្លាយ​ព័ត៌មាន​សម្ងាត់ និង​បារម្ភ​ពី​សន្ដិសុខ​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេត តែ​មិន​បញ្ជាក់ថា​ឧបករណ៍​ក្រុមហ៊ុន​Huawei មាន​បំពាក់​គ្រឿង​ស៊ើបការណ៍​សម្ងាត់​ដូច​អាមេរិក​ធ្លាប់​អះអាង​ទេ​។ ប៉ុន្ដែ​ទោះបី​មិន​បញ្ជាក់​ក្នុងន័យនេះ ប្រទេស​ទាំង​បួន​គិត​រួចជាស្រេច ខ្លាច​ឧបករណ៍​ក្រុមហ៊ុន​Huawei អាច​ស៊ើប​យកការណ៍​ដូច​អាមេរិក​និយាយ​មែន​។​

​គ្រាន់តែ​ទទួលបាន​ដំណឹង​ចាប់ខ្លួន​អ្នកស្រី​Meng​ភ្លាម រដ្ឋាភិបាល​ចិន​បាន​ចេញមុខ​អន្ដរាគមន៍​ភ្លែត ដែល​ធ្វើឲ្យមាន​ទស្សនៈ​លើកឡើងថា អ្នកស្រី​Meng​មិនមែនជា​មនុស្ស​ធម្ម​តា​ទេ​។ ការចេញមុខ​អន្ដរាគមន៍​របស់​ចិន ក៏​មិនមែន​ដោយសារ​ហេតុផល​ការពារ​ពលរដ្ឋ​ចិន​មួយ​ដែរ អាចជា​ការការពា​រ​មន្ដ្រីជាន់ខ្ពស់​ក្រុមហ៊ុន ដែល​ចិន​បញ្ជា​ឲ្យ​លួច​បំពាក់​ឧបករណ៍​ស៊ើបការណ៍​សម្ងាត់​។ 

​ជារួម​មក អ្នកស្រី​Meng Wanzhou​ដែលមាន​វ័យ​៤៦​ឆ្នាំ ជា​ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ ជា​អនុប្រធាន​ក្រុមហ៊ុន និង​ជា​កូនស្រី​បង្កើត​លោក​Ren Zhengfei ស្ថាបនិក​ក្រុមហ៊ុន​Huawei​ផង​នោះ ពេលនេះ​កំពុង​ស្ថិតនៅ​ចំណុចកណ្ដាល នៃ​ការកើនឡើង​ជម្លោះ​ភូមិសាស្ដ្រ​នយោបាយ​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ផុត​លេខ​អាមេរិក​-​ចិន​។ អាមេរិក​មិន​បញ្ជាក់​ទេ​ថា ការចាប់ខ្លួន​អ្នកស្រី​ក្នុង​គោលបំណង​បំបាត់​ប្រជាប្រិយភាព​ក្រុមហ៊ុន​Huawei ប៉ុន្ដែ​ជា​ករណី​រំលោភ​លើ​ទណ្ឌកម្ម​អាមេរិក ដូចដែល​អាមេរិក​ធ្លាប់​ចាត់វិធានកា​រលើ​ប្រទេស​ផ្សេង​រួចមកហើយ​៕

ព័ត៌មានផ្សេងទៀត