សារ​លោក​សម រង្ស៊ី ​ជូនទៅ​លោក​ហ៊ុន សែន​​«​មិនចាំបាច់​គិត​ពី​អ្នក​១១៨​នាក់​ទេ​​...»​

11-12-2018 10:53 am 2432
  ស្តាប់
ស្តាប់ជាសំឡេង

​លោក​សម រង្ស៊ី ប្រើ​ឋានៈ​ជា​ប្រធានស្តីទី គណបក្ស​សង្គ្រោះ​ជាតិ បាន​ផ្ញើ​សារ​បែប​ចំអកឡកឡឺយ ជូនទៅ​លោក​ហ៊ុន សែន ដែលជា​គូប្រកួត​នយោបាយ​ដ៏​ស្រួចស្រាវ​របស់ខ្លួន ទាក់ទង​នឹង​ជោគវាសនា​នៃ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​១១៨ រូប ដោយ​ផ្សារភ្ជាប់​ជាមួយ​សេរីភាព​លោក​កឹម សុខា​។​

​សារ​លោក​សម រង្ស៊ី និយាយ​ជំនួស​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​១១៨ រូប ដែល​តុលាការ​កំពូល បាន​ដកហូត​សិទ្ធិ​ធ្វើ​សកម្មភាព​នយោបាយ តាំងពី​ថ្ងៃ ១៦ វិច្ឆិកា ២០១៧ មក ប្រាប់​ទៅ​លោក​ហ៊ុន សែន ថា​«​មិនចាំបាច់​គិតគូ​ពី​ពួកយើង​ទេ ពីព្រោះ​ពួកយើង មិន​ត្រូវការ​ឲ្យគេ​ផ្តល់​សិទ្ធិ​ធ្វើ​សកម្មភាព​នយោបាយ​ឲ្យ​ពួកយើង​វិញ​ទេ ដរាបណា​លោក​កឹម សុខា ដែលជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មិនទាន់បាន​ទទួល​សេរីភាព​ពេញលេញ រួមទាំង​ការ​ទម្លាក់ចោល​នូវ​រាល់​ការ​ចោទ ទាំងអស់​លើ​លោក​ប្រធាន​កឹម សុខា​»​។​

​សារ​នេះ ធ្វើឡើង​ស្របពេល​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា បើក​កិច្ចប្រជុំ ដើម្បី​ពិនិត្យ​សេចក្តីស្នើ​វិសោធនកម្ម​ច្បាប់ បើកផ្លូវ​ឱ្យ​មន្ត្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​នយោបាយ​ឡើងវិញ បន្ទាប់ពី​រដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បានចេញ​សេចក្តីថ្លែងការណ៍​សំខាន់​មួយ សម្រួល​ដល់​ស្ថានការណ៍​អ្នកនយោបាយ​ក្រុមប្រឆាំង ដែល​ត្រូវ​តុលាការ​ហាមឃាត់​សិទ្ធិ​ធ្វើ​នយោបាយ​កន្លងទៅ​។​

ការណ៍​នេះ ទំនងជា​លោក​សម រង្ស៊ី យល់ថា លោក​ហ៊ុន សែន នឹង​ស្នើសុំ​ការផ្តល់​នី​ត​សម្បទា តែ​ក្រុម​ស្និទ្ធ​នឹង​លោក​កឹម សុខា ហើយ​ទុក​មន្ត្រី​ដែល​ស្និទ្ធ​នឹង​លោក​សម រង្ស៊ី ឲ្យ​ជាប់​បម្រាម​រហូតដល់​ផុត​កាលកំណត់​របស់​តុលាការ​។ ឯ​វាសនា​លោក​កឹម សុខា ក៏​ត្រូវបាន​អ្នកវិភាគ​លោក​មាស នី ប្រមើល​ឃើញថា អាច​នឹង​ត្រូវគេ​ទុក​ក្នុង​ទ្រុង​យូរ​ជាងនេះទៀត ដែល​នេះ លោក​ថា ជា​យុទ្ធសាស្ត្រ រុញរ​ទេះ​ចុះ​ភ្នំ​របស់លោក​ហ៊ុន សែន ដើម្បី​ធ្វើឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ បែកបាក់​កាន់តែខ្លាំង បើ​មិន​បង្កើន​ការប្រុងប្រយ័ត្ន​ទេនោះ​។​

​ស្ថានភាព​បែបនេះ មានការ​ចោទសួរ ពី​ក្រុមអ្នកតាមដាន​នយោបាយ​ថា តើ​«​ជា​គ្រោះ ឬ​ជា​លាភ​» សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ​? លោក​ហ៊ុន សែន ក៏​ធ្លាប់​ព្រលយ​ពាក្យ​ពី​យុទ្ធសាស្ត្រ​យក​ប្រៀប​លើ​គូប្រកួត ដោយ​ការប្រើ​យុទ្ធសាស្ត្រ​រុញ​ទូក​បណ្តោយ​ទឹក គឺ​ស្រប​នឹង​ស្ថានការណ៍​ផ្ទៃក្នុង​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​បែកបាក់​គ្នា​រវាង​ក្រុម​លោក​សម រង្ស៊ី និង​ក្រុម​លោក​កឹម សុខា ផង​នោះ​៕

ព័ត៌មានផ្សេងទៀត