នាយករដ្ឋមន្ដ្រី​​អង់គ្លេស​​ប្រកាស​​ពន្យារពេល​​បោះឆ្នោត​​លើ​កិច្ចព្រមព្រៀង​​ចាកចេញ​ពី​អឺរ៉ុប​

11-12-2018 9:32 am 999
  ស្តាប់
នាយករដ្ឋមន្ដ្រីអង់គ្លេសពេលថ្លែងទៅកាន់សភា
ស្តាប់ជាសំឡេង

​នាយករដ្ឋមន្ដ្រី​អង់គ្លេស​លោកស្រី​ថេរ៉េសា ម៉េ​(Theresa May) បាន​លើក​ពេល​បោះឆ្នោត​ក្នុង​សភា ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​១១​ធ្នូ​នេះ​ទៅ​ថ្ងៃក្រោយ​វិញ​។ ជា​ការបោះឆ្នោត​សម្រេច ទាក់ទង​នឹង​ដំណើរ​ចាកចេញ​របស់​អង់គ្លេស ពី​សហភាព​អឺរ៉ុប​។ ការសម្រេច​ពន្យារពេល​របស់​លោកស្រី​ម៉េ ធ្វើឡើង​បន្ទាប់ពី​មាន​ការប្រមើលមើល​ឃើញ​ថា នឹង​មិនអាច​មានការ​គាំទ្រ​ឡើយ​។ លោកស្រី​ម៉េ​បានប្រកាស​ពន្យារពេល​បោះ​ឆ្នោត នៅក្នុង​សេចក្ដីថ្លែងការណ៍​បន្ទាន់​មួយ​ទៅកាន់​កិច្ចប្រជុំសភា​កាលពី​ថ្ងៃទី​១០​ធ្នូ​។​

​លោកស្រី​នាយករដ្ឋមន្ដ្រី​អង់គ្លេស​សារភាពថា លោកស្រី​អាច​ប្រឈម​នឹង​ការបរាជ័យ​។ “​ប្រសិនបើ​យើង​នៅ​បន្ដ​រៀបចំ​ការបោះឆ្នោត​តាម​ការគ្រោងទុក​នៅ​ថ្ងៃស្អែក កិច្ចព្រមព្រៀង​ស្ដីពី​ការចាកចេញ​ពី​អឺរ៉ុប នឹងត្រូវ​ទទួល​បានកា​រ​ច្រានចោល​ច្រើន​មិន​ខាន​។ យើង​នឹង​ពន្យារពេល​ការបោះឆ្នោត​ទៅធ្វើ​នៅពេល​ក្រោយ ហើយនឹង​គ្មាន​ដំណើរការ​នៃ​ការបែងចែក​សភា​ក្នុង​ពេលនេះ​ទេ​”​។ នេះ​ជា​សម្ដី​លោកស្រី​ម៉េ​។ លោកស្រី​គូសបញ្ជាក់ថា នឹង​ស្វែងរក​ការធានា​ពី​សភាព​អឺរ៉ុប​បន្ថែមទៀត លើ​គោលនយោបាយ​ដែល​អាច​ចៀសវាង​ការ​ត្រឡប់​ទៅ​ត្រួតពិនិត្យ​ព្រំដែន រវាង​ខេត្ដ​អៀឡង់​ខាងជើង​របស់​អ​គ្លេស ជាមួយនឹង​អៀឡង់​ដែលជា​សមាជិក​អឺរ៉ុប​។​

​ការប្រកាស​ពន្យារពេល​បោះឆ្នោត សមាជិកសភា​បានបង្ហាញ​ក្ដី​ព្រួយបារម្ភ​ថា ការគាំទ្រ​ពី​ខាងក្រោយ​អាចធ្វើឲ្យ​អៀឡង់​ខាងជើង កាន់តែ​ជិតស្និទ្ធ​ជាមួយ​សហភាព​អឺរ៉ុប​ជាង​ប្រទេស​អង់គ្លេស​។ សម្រាប់​ក្រុម​តាមដាន​ស្ថានការណ៍​និយាយថា សមាជិក​ប្រហែល​១០០​នាក់​នៃ​សម្ព័ន្ធភាព​របស់​លោកស្រី​ម៉េ អាច​នឹង​ប្រឆាំង​កិច្ចព្រមព្រៀង​។ បើ​ដូច្នេះ​មែន​កិច្ចព្រមព្រៀង​នឹងត្រូវ​ច្រានចោល អ្នកស្រី​ម៉េ​ក៏អាច​ប្រឈម​នឹង​ការបង្ខំ​ឲ្យ​ចុះ​ចេញពី​តំណែង​។​

​លោកស្រី​ម៉េនិ​យាយថា ពេលនេះ​លោកស្រី​នឹង​ជួបប្រជុំ​ជាមួយ​មេដឹកនាំ​អឺរ៉ុប ដើម្បី​ព្យាយាម​ចរចា​ពី​លក្ខខណ្ឌ​ឡើងវិញ ហើយ​លទ្ធផល​នឹង​អាចជួយ​កំណត់ថា​តើ​នៅពេលណា កិច្ចព្រមព្រៀង​នេះ​ត្រូវ​ដាក់ឲ្យ​បោះឆ្នោតជា​ផ្លូវការ​។ រឿងរ៉ាវ​នៃ​ការប្រកាស​ផ្អាក​រៀបចំ​ការបោះឆ្នោត​ក្នុង​សភា កើតឡើង​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ បន្ទាប់ពី​តុលាការ​កំពូល​សហភាព​អឺរ៉ុប​និយាយថា ចក្រភព​អង់គ្លេស​អាច​លុបចោល​កា​រ​ផ្ដាច់ខ្លួន​ពី​អឺរ៉ុប ហើយ​បន្ដ​ស្ថិតនៅក្នុង​សភាព​អឺរ៉ុប​ដោយ​មិន​ត្រូវបាន​ដាក់ពិន័យ​៕

ព័ត៌មានផ្សេងទៀត