លោក​ផៃ ស៊ីផា​ន ឆ្លើយតប​ជុំវិញ​ការបារម្ភ​របស់​លោក​រ៉ុង ឈុន រឿងពន្ធ​​EBA

10-12-2018 5:14 pm 2779
  ស្តាប់
ស្តាប់ជាសំឡេង

លោក​ផៃ ស៊ីផា​ន អ្នកនាំពាក្យ​រដ្ឋាភិបាល បាន​អះអាង​ជាថ្មី ជុំវិញ​បញ្ហា​នៃ​ការព្រមាន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា ពី​សំណាក់​សហភាព​អឺរ៉ុប​។ អ្នកនាំពាក្យ​រូប​នេះ មានប្រសាសន៍ថា រាជរដ្ឋាភិបាល មាន​សមត្ថភាព​គ្រប់គ្រាន់ ក្នុង​ការវាយតម្លៃ និង​បាន​ត្រៀមលក្ខណៈ​រួចស្រេច ក្នុង​ការដោះស្រាយ​បញ្ហា​នេះ​។

​ការអះអាង​ជា​ថ្មី​ពី​សំណាក់​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​នេះ ធ្វើឡើង​បន្ទាប់​ពី​លោក​រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា បាន​សម្តែង​ការព្រួយបារម្ភ​យ៉ាងខ្លាំង ជុំវិញ​ការព្រមាន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA លើ​ទំនិញ​កម្ពុជា​។ ការបាត់បង់​ការអនុគ្រោះ​ពន្ធ នឹង​ធ្វើ​ឲ្យ​កម្មករ​ប្រឈម​នឹង​វិបត្តិ​ការ​ការងារ​នៅពេល​ខាងមុខ​។​

​យ៉ាងណាមិញ លោក​ផៃ ស៊ីផា​ន បានបញ្ជាក់​ថា ការលើកឡើង​នេះ ក្រោម​និន្នាការ​នយោបាយ និង​មិនមែន​ជា​មនុស្ស​សុច្ចរិត ក្នុង​ការដោះស្រាយ ដើម្បី​ផលប្រយោជន៍​កម្មករ​ទេ​។

​លោក​អះអាង​ថា បច្ចុប្បន្ន​កម្ពុជា​បាន​នឹង​កំពុង​បន្ត​កិច្ច​សហប្រតិបត្តិកា​រយ៉ា​ង​ល្អ និង​ជិតស្និទ្ធ​ជាមួយ​សហភាព​អឺរ៉ុប ទាំង​ផ្នែក​ពាណិជ្ជកម្ម សេដ្ឋកិច្ច និង​ផ្នែក​ផ្សេងៗ​ទៀត ដើម្បី​ផលប្រយោជន៍​រួម​គ្នា​ទៅវិញទៅមក​។ នៅក្នុង​ស្ថានភាព​នេះ សហភាព​អឺរ៉ុប និង​កម្ពុជា នៅតែ​បន្ត​រក្សា​ភាព​ជា​ដៃគូ ក្នុង​កិច្ចសន្ទនា ដើម្បី​ថែរក្សា​ផលប្រយោជន៍​រួម ដែល​កើតចេញ​ពី​ការ​អនុគ្រោះ​ពន្ធ (EBA) ជាមួយនឹង​កិច្ចធានា នូវ​អធិបតេយ្យភាព និង​ឯករាជ្យភាព​រៀងៗ​ខ្លួន​។

​សូមបញ្ជាក់​ថា សហភាព​អឺរ៉ុប បាន​ទុក​ពេល​ឲ្យ​រដ្ឋាភិបាល​កម្ពុជា រយៈពេល​មួយ​ឆ្នាំ ដើម្បី​ស្តារឡើងវិញ​នូវ​ស្ថានភាព នៃ​ការគោរព​សិទ្ធិមនុស្ស និង​ដំណើរការ​ប្រព័ន្ធ​ប្រជាធិយតេយ្យ​សេរី​ពហុបក្ស និង​ការ​ចងក្រង​ព័ត៌មាន​ចាំបាច់​នានា នៅ​មុន​ពេល​ខ្លួន សម្រេច​ដក​ជា​បណ្តោះអាសន្ន​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នេះ​៕

ព័ត៌មានផ្សេងទៀត