NOCC​ត្រៀម​កីឡា​១១​ប្រភេទ ដើម្បី​សម្តែង​ក្នុង​ពិធីបុណ្យ​សមុទ្រ​

10-12-2018 3:12 pm 476
  ស្តាប់
ស្តាប់ជាសំឡេង

​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ដែល​ទទួលបាន​ការគាំទ្រ​ពី​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រសួង​ទេសចរណ៍ ក្នុង​ការរៀបចំ​សកម្មភាព​កីឡា បាន​ត្រៀម​កីឡា​ចំនួន​១១​ប្រភេទ ដើម្បី​ប្រកួត និង​សម្តែង​អបអរ​ព្រឹត្តិការណ៍ ពិធីបុណ្យ​សមុទ្រ លើក​ទី​៧ ជុំ​ទី​២ ចាប់ពី​ថ្ងៃ​ទី​១៤-១៦ ខែ​ធ្នូ នា​ខេត្តកោះកុង ...

​លោក វ៉ាត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​ថា ពិធីបុណ្យ​សមុទ្រ​ឆ្នាំនេះ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​ត្រៀម​ប្រភេទ​កីឡា​ច្រើន​ប្រភេទ ដើម្បី​ប្រកួត​និង​សម្តែង ជូន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ទស្សនា រួមមាន កីឡា​រត់​កម្សាន្ត​, ជិះ​កង់​កម្សាន្ត​, ទ្រី​យ៉ា​ត្លុង​, អុក​ចត្រង្គ​, ប្រដាល់​គុន​ខ្មែរ​, ទូក​ក្តោង​, ថា​សហោះ​, កីឡា​ម៉ូតូ​ធំ​, កីឡា​សី​ស្លាប​, រាំ​អន្តរជាតិ និង​កីឡា​ម៉ូតូ​ទឹក​ជាដើម ។​

​លោក​ថា អ្វី​ដែល​ពិសេស គឺ​កីឡា​ម៉ូតូ​ទឹក ដែល​នឹង​ត្រូវ​រៀបចំ​ការប្រកួត​មិត្តភាព​លក្ខណៈ​អន្តរជាតិ ដោយ​មាន​ការចូលរួម​ពី​កីឡាករ​ជើង​ខ្លាំងៗ មកពី​៤​ប្រទេស​រួមមាន​កីឡាករ សាលី អ៊ូ​មើ​ត របស់​កម្ពុជា​, កីឡាករ​ថៃ​, ឥណ្ឌូនេស៊ី និង​ម៉ាឡេស៊ី ។​

​រយៈពេល​៦​ឆ្នាំ​មកហើយ រាល់​ពេល​បុណ្យ​សមុទ្រ​ម្តងៗ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា តែង​ទទួលបាន​ការទុកចិត្ត​ពី​រាជរដ្ឋាភិបាល​កម្ពុជា រៀបចំ​សកម្មភាព​កីឡា​ផ្សេងៗ ។​

​បន្ថែម​ពីលើ​នេះ ក្រសួង​ទេសចរណ៍​និង​អាជ្ញាធរ​ពាក់ព័ន្ធ ដែល​មាន​បន្ទុក​រៀបចំ​ពិធីបុណ្យ​សមុទ្រ ដើម្បី​អបអរសាទរ​ឆ្នេរ​ស្អាត​នៅ​កម្ពុជា ក៏​នឹង​មាន​ការរៀបចំ​សម្តែង​ទស្សនីយភាព​សិល្បៈ​ខ្មែរ និង​អន្តរជាតិ​, ការប្រគំ​តន្ត្រី និង​ការបាញ់​កាំ​ជ្រួច អបអរសាទរ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៧, មហោស្រព​អន្តរជាតិ​ម្ហូបអាហារ តាំងពិព័រណ៍​ផលិតផល​-​ទេសចរណ៍ និង​ផលិតផល​ក្នុងស្រុក និង​គម្រោង​អភិវឌ្ឍ​ទេសចរណ៍​តំបន់​ឆ្នេរសមុទ្រ ព្រមទាំង​ក្បួនព្យុហយាត្រា និង​កម្មវិធី​ជា​ច្រើន ៕

 ពាក្យគន្លឹះ  NOCCបុណ្យសមុទ្រ

ព័ត៌មានផ្សេងទៀត