«កម្ពុជា»​អាច​ជា​តំបន់​​ប្រជែង​​ឥទ្ធិពល​​វាង អាមេរិក ​និង ចិន​​

10-12-2018 10:03 am 10667
រាប់ឆ្វេង គឺលោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីអាមេរិក និង ប្រធានាធិបតីចិន លោក ស៊ី ជិនពីង (Xi Jinping)។

​កម្ពុជា គឺជា​ប្រទេសមួយ​ស្ថិតនៅ​ផ្នែក​ខាងត្បូង​នៃ​ទៀបកោះ​ឥណ្ឌូចិន​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។​ប្រទេស​នេះ​មាន​ព្រំប្រទល់​ជាប់​ថៃ ឡាវ  វៀតណាម និង ឈូង​សមុទ្រ​ថៃ​។​កន្លងទៅ​មាន​សារព័ត៌មាន​បរទេសមួយ​បាន​ចុះផ្សាយ​ថា កម្ពុជា​កំពុង​ស្ថិតនៅ​ចំណុចកណ្ដាល​នៃ​សង្គ្រាមត្រជាក់​ថ្មី​មួយ រវាង​ចិន និង អាមេរិក​។ តើ​កម្ពុជា​ពិតជា​តំបន់​នៃ​សង្គ្រាមត្រជាក់​ថ្មី​មួយ រវាង​ចិន និង អាមេរិក​មែនឬ​?

«​កម្ពុជា​កំពុង​ស្ថិតនៅ​ចំណុចកណ្ដាល​នៃ​សង្គ្រាមត្រជាក់​ថ្មី​»​។​ជា​ចំណងជើង​អត្ថបទ​សារព័ត៌មាន​អន្តរជាតិ​មួយ​ចុះផ្សាយ​កាលពី​ថ្ងៃទី​១៥ វិច្ឆិកា​។​ក្នុង​ខ្លឹមសារ​ព័ត៌មាន​បានលើកឡើង​ថា នៅពេល​ឆាប់​ខាងមុខនេះ លើ​ទឹកដី​កម្ពុជា​នឹង​ក្លាយជា​មូលដ្ឋាន​យោធា​ចិន​។​រដ្ឋាភិបាល​កម្ពុជា បាន​ច្រានចោល​ការចុះផ្សាយ​នេះ និង បាន​ចាត់ទុកថា ជា​ការផ្សាយ​មាន​ចេតនា​បង្ខូច​កិត្តិយស​រដ្ឋាភិបាល​កម្ពុ​ជា តាមរយៈ​ជនបរទេស​មួយចំនួន​ដោយ​មិន​ចំឈ្មោះ​។

​ការចុះផ្សាយ​របស់​សារព័ត៌មាន​បរទេស ធ្វើឡើង​ខណៈពេលដែល​ទំនាក់ទំនង​ការទូត​រវាង រដ្ឋាភិបាល​កម្ពុជា និង ចិន កំពុងតែ​ល្អ​ដោយ​បង្ក​ការងាយស្រួល​អ្នកវិនិយោគ​របស់​ចិន​មក​កម្ពុជា​។ ប៉ុន្តែ​ទំនាក់​ទង​ការទូត​រវាង កម្ពុជា​ជាមួយ​មហាអំណាច​អាមេរិក ហាក់ដូចជា​ធ្លាក់ចុះ​។

​បច្ចុប្បន្ន​គេ​មើ​ឃើញថា ឥទ្ធិពល​មហា​យ​ក្យ​ចិន កំពុងតែ​ឡើង​ខ្លាំង​មែនទែន​។ មេដឹកនាំ​មហា​យ​ក្យ​មួយនេះ កំពុងមាន​គោលនយោបាយ​សំខាន់​មួយ គឺ​គម្រោង «​ផ្លូវ​មួយ​ខ្សែក្រវ៉ាត់​មួយ​» ជា​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ ខ្សែ​រថភ្លើង បំពង់​បង្ហូរ​ឧស្ម័ន និង កំពង់ផែ​ជាច្រើន ដើម្បី​ផ្សារផ្ជាប់​ចិន ជាមួយនឹង​ទ្វីបអឺរ៉ុប អាស៊ី និង​អាហ្វ្រិក នឹង​ជាពិសេស​ពង្រីក​ដែន​ឥទ្ធិពល​ពាណិជ្ជកម្ម​របស់ខ្លួន ទូទាំង​សកលលោក​។​

​គម្រោង​របស់​ចិន​នេះ បាន​ទាក់ទាញ​បណ្តា​ប្រទេស​ក្រីក្រ ឬ​ប្រទេស​កំពុង​អភិវឌ្ឍ ដែល​ត្រូវការ​ខ្ចីលុយ​ចិន​ក្នុង​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ ដោយ​មិនមាន​លក្ខខណ្ឌ​អ្វី​ច្រើន ដូច​កម្ចី​ពី​ប្រទេស​ផ្សេង ឬ​កម្ចី​ពី​ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ​។ លុយ​ដ៏​ច្រើន​សន្ទឹក​សន្ទាប់​របស់​ចិន បាន​ទាក់ចិត្ត​មេដឹកនាំ​ប្រទេស​មួយចំនួន ជាពិសេស នៅ​តំបន់​អាស៊ាន​។​

​ទឹកដី​នៃ​តំបន់​អាស៊ាន​សម្បូរ​ទៅដោយ​ធនធានធម្មជាតិ និង ប្រកបដោយ​សក្ដានុពល​លើ​ការវិនិយោគ និង ពាណិជ្ជកម្ម​។ ជម្លោះ​ដែនទឹក​នៅ​សមុទ្រ​ចិន​ខាងត្បូង​រវាង​ប្រទេស​ចិន ជាមួយ​ប្រទេស​មួយចំនួន​នៅ​អាស៊ីអាគ្នេយ៍ បាន​ជំរុញ​ឱ្យ​សហរដ្ឋអាមេរិក ក្នុង​នាំ​ជា​ប្រទេស​មហាអំណាច​ពិភពលោក ងាក​មក​តំបន់​អាស៊ីអាគ្នេយ៍​ឡើងវិញ​ក្នុង​របប​លោក​ដូណាល់​ត្រាំ​។​

​ភ្លាមៗ​បន្ទាប់ពី​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​អាមេរិក លោក​ត្រាំ​ផ្តើមធ្វើ​ទស្សនកិច្ច​នៅ បណ្តា​ប្រទេស​នៅ​អាស៊ី​ដូចជា​៖ ជប៉ុន កូរ៉េខាងត្បូង ចិន វៀតណាម និង ហ្វីលីពីន​។ ជា​ទស្សនកិច្ច​ដែល​ក្រុមអ្នកវិភាគ​យល់ថា ដើម្បី​ពង្រីក​ឥទ្ធិពល​របស់​អាមេរិក​នៅ​អាស៊ី​កាន់តែខ្លាំង ដើម្បី​ទប់​ឥទ្ធិពល​ចិន​។​ក្រុមអ្នកតាមដាន​មួយចំនួន​មើលឃើញថា តំបន់​អាស៊ាន​បច្ចុប្បន្ន ជា​សមរភូមិ​ប្រជែង​ឥទ្ធិពល​របស់​ពួក​មហាអំណាច​។​ប្រទេស​សមាជិក​អាស៊ាន​នី​មួយៗ កំពុងតែ​ព្យាយាម​ទាញយក​ផលចំណេញ​រៀងៗ​ខ្លួន ពី​ការ​ប្រជែង​គ្នា​នេះ​តាមរយៈ​គោលនយោបាយ ពាណិជ្ជកម្ម ការវិនិយោគ នយោបាយ​ការបរទេស និង​ជាពិសេស​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​។​

​ចំពោះ​កម្ពុជា ជា​ប្រទេស​កាន់​ជំហ​អព្យាក្រឹត​មិន​ចូល​បក្សសម្ព័ន្ធ​វិញ មួយរយៈ​មកនេះ​ហាក់ដូចជា គាំទ្រ​នយោបាយ​ចិន​។​មេដឹកនាំ​កម្ពុជា ធ្លាប់​ប្រកាស​គាំទ្រ​គោលនយោបាយ «​ផ្លូវ​មួយ​ខ្សែក្រវ៉ាត់​មួយ​»​របស់​ចិន ដែលជា​ចំណុច​ក្តីបារម្ភ​របស់​អាមេរិក​។ ដ្បិតអី​អាមេរិក​មិន​ចង់ឱ្យ​ផ្លូវ​សូត្រ​របស់​ចិន​ដំណើរការបាន​ឡើង ជាពិសេស នៅ​ជ្រោយ​ដែន​ម៉ា​ឡា​កា​នៃ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វីក​។ ម្លោះ​ហើយ​បានជា​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង អាមេរិក​ហាក់​មិនសូវ​ល្អ​។​ហើយ​អាមេរិក​តែងតែ​រិះរក​វិធីសាស្ត្រ  ដាក់​គំនាប​មកលើ​កម្ពុជា​តាម​រួប​ភាព​ផ្សេងៗ​។​

​គំនាប​របស់​អាមេរិក ស្តែង​ឱ្យឃើញ​គោលបំណង​អាមេរិក​មកលើ​កម្ពុជា ក្នុង​គោលបំណង​ទប់​ឥទ្ធិពល​របស់​ចិន​។​ប៉ុន្តែ​គំនាប​នេះ កម្ពុជា​ហាក់ដូចជា​ចុះ​ញ៉ម​។ ការមិន​ចុះ​ញ៉ម​នេះ​កម្ពុជា​ទំនងជា​គិតថា ខ្លួន​ត្រូវការ​ប៉ូល​មួយ ដើម្បី​ការពារ​អធិបតេយ្យ និង ការអភិវឌ្ឍ​ប្រទេស ខណៈដែល​សមាជិក​ប្រទេស​អាស៊ាន​ដូចជា វៀតណាម ថៃ ម៉ាលេស៊ី សិង្ហ​បុរី ជាដើម​សុទ្ធតែ​មាន​ប៉ូល​រៀងៗ​ខ្លួន ដើម្បី​ការពារ និង​ផលប្រយោជន៍​។​

​ម្ប៉ាង​វិញ​ទៀត ទំនាក់ទំនង​ជាមួយ​អាមេរិក ប្រហែលជា​កម្ពុជា​យល់ថា ​អាមេរិក​ឱ្យ​តម្លៃ​មក​កម្ពុជា​តិចពេក​លើ​ភូមិសាស្ត្រ​នយោបាយ ហើយ​អាមេរិក​និយាយ​តែ​បញ្ហា​សិទ្ធិមនុស្ស និង លទ្ធិប្រជាធិបតេយ្យ មិន​និយាយ​អំពី​វិនិយោគ​លើ​វិស័យ​ធំៗ​ដែល​កម្ពុជា​ចង់បាន​ដូច​ប្រទេស​ក្នុង​តំបន់​។ ដូច្នេះ​កម្ពុជា​សំឡឹង​ឃើញ​លុយ​ចិន អាចជួយ​ឱ្យ​កម្ពុជា​ទទួលបាន​ទំហំ​ពាណិជ្ជកម្ម និង វិនិយោគ​កាន់តែ​ធំ​នឹង​ធ្វើឱ្យ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​របស់ខ្លួន​រីកចម្រើន​បាន​យ៉ាង​ឆាប់រហ័ស​។​

​ជា​រូ​ម​កម្ពុជា​បច្ចុប្បន្ន គេ​មើលឃើញថា អាច​កំពុង​ក្លាយជា​ផ្ទាំង​ស៊ី​ប​ដ៏​សំខាន់​នៃ​ពួក​មហាអំណាច និង សម្ព័ន្ធមិត្ត ក្នុង​តំបន់​អាស៊ាន​លើ​ឆាក​អន្តរជាតិ ដោយសារតែ​នយោបាយ​ការបរទេស​របស់ខ្លួន​រឹងមាំ​។ ពេល​កម្ពុជា ចូល​ជា​សមាជិក​អាស៊ាន​នៅ​ថ្ងៃទី​៣០ ខែ​មេសា ឆ្នាំ​១៩៩៩ កម្ពុជា​ត្រូវបាន​គេ​ចាត់ទុកថា ជា​ប្រទេស​ទន់ខ្សោយ និង មិនសូវ​បារម្ភ​។ តែ​ពេលនេះ​កម្ពុជា​បាន​ឈរលើ​ចំណុច​មួយ​ដែល​ប្រទេស​ក្នុង​តំបន់​មួយចំនួន​ដូចជា ឡាវ ភូមា កំពុង​មើល​តម្រាប់​តាម​៕

 ពាក្យគន្លឹះ  កម្ពុជាអាមេរិកចិន

ព័ត៌មានផ្សេងទៀត