គណបក្សប្រជាធិបតេយ្យមូលដ្ឋាន របស់ក្រុមអ្នកប្រជាធិបតេយ្យ ដឹកនាំដោយលោកយ៉េង វីរៈ ដែលធ្លាប់មានទំនាក់ទំនងយ៉ាងជិតស្និទ្ធនឹងក្រុមលោកកឹម សុខា បានចេញសេចក្តីថ្លែងការណ៍របស់ខ្លួនមួយសាទរ ចំពោះសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាល ថាជាសញ្ញាវិជ្ជមាន ដោយបង្ហាញពីចេតនាសម្រួលស្ថានការណ៍ ដល់ប្រព័ន្ធផ្សព្វផ្សាយ សង្គមស៊ីវិល ដែលបានបិទ នាពេលកន្លងមក អាចបើកដំណើរការឡើងវិញបាន, បញ្ចប់រឿងក្តីក្តាំនៅតុលាការ របស់មេដឹកនាំសហជីព និងពិភាក្សាផ្លូវច្បាប់ ដើម្បីឲ្យអ្នកនយោបាយ ដែលត្រូវបានបិទសិទ្ធិនយោបាយ ទាំង១១៨រូប អាចមានសិទ្ធិធ្វើនយោបាយឡើងវិញ។
ប៉ុន្តែគណបក្សនេះ បានបង្ហាញនូវរបកគំហើញរបស់ក្រុមខ្លួន ពីរបៀបធ្វើនយោបាយបច្ចុប្បន្ន ថាជានយោបាយប្រកាន់យកវប្បធម៌ចាស់គំរឹល យកឈ្នះចាញ់គ្នា ដោយការគំរាមកំហែង តាមរយៈពាក្យសម្តី និងធ្វើច្បាប់រឹតត្បិត សេរីភាពបញ្ចេញមតិ និងសិទ្ធិធ្វើនយោបាយ ដែលបានដើរផ្ទុយពីច្បាប់កំពូល គឺច្បាប់រដ្ឋធម្មនុញ្ញ រួមទាំងច្បាប់អន្តរជាតិ ផង។
ការសាទរស្រដៀងគ្នានេះដែរ លោកកឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ តាមរយៈលោកមេធាវីចាន់ ចេន បានប្រកាសជំហរគាំទ្រចំពោះសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលកម្ពុជា ដោយចាត់ទុកថា ជាការបន្ធូរស្ថានភាព និងធ្វើឡើងដើម្បីលទ្ធិប្រជាធិបតេយ្យ។ នេះបើតាមការបញ្ជាក់ពីលោកចាន់ ចេន មេធាវីការពារក្តីជូនលោក កឹម សុខា។
យ៉ាងណាគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានជំរុញដល់ភាគីនយោបាយទាំងអស់ ត្រូវបើកទំព័រសករាជថ្មី តាមរយៈវប្បធម៌នយោបាយថ្មី ដោយលុបបំបាត់ហិង្សានយោបាយ ការរើសអើងនយោបាយ ការជេរប្រមាថ និងលាបពណ៌គ្នាគ្រប់រូបភាព និងត្រូវលើកស្ទួយការសន្ទនាមតិឡើងវិញ រវាងគណបក្សនយោបាយ និងគណបក្សនយោបាយ ដោយគោរពសេរីភាពនយោបាយ តាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សនៅកម្ពុជា៕