លោកស្រីធីតា ឃឹះកើតនៅឆ្នាំ១៩៥១ នៅទីក្រុងភ្នំពេញ ក្នុងត្រកូលគ្រួសារមួយ ដែលមានឪពុកជាមន្ត្រីរាជការ បម្រើការក្នុងរបបសង្គមរាស្ត្រនិយម។ លោកស្រីជាកូនទី៨ ក្នុងចំណោមបងប្អូន១០នាក់។ លោកស្រីបានរៀបអាពាហ៌ពិពាហ៌នៅអាយុ១៧ឆ្នាំ ជាមួយបុរសម្នាក់ ដែលជាបណ្ឌិតផ្នែកគណិតសាស្ត្រ មកពីសហរដ្ឋអាមេរិក។
លោកស្រីធីតា ឃឹះបានចាកចេញ ពីប្រទេសកម្ពុជាទៅប្រទេសថៃ មុនពេលកម្ពុជា ធ្លាក់ចូលទៅក្នុងភ្នក់ភ្លើងសង្គ្រាម។ អំឡុងពេលស្នាក់នៅប្រទេសទីពីរបណ្តោះអាសន្ន លោកស្រីបានចូលបម្រើការងារ នៅស្ថានទូតអាមេរិកប្រចាំប្រទេសថៃ ផ្នែកសម្ភាសន៍ រៀបចំឯកសារ ជនភៀសខ្លួនខ្មែរ នៅព្រំដែនខ្មែរ-ថៃ។ ក្រោយមកនៅឆ្នាំ១៩៧៩ លោកបានចាកចេញពីប្រទេសថៃ បន្តដំណើរទៅអាមេរិក បង្កើតអង្គការក្រៅរដ្ឋាភិបាលមួយ ដើម្បីជួយជនភៀសខ្លួននៅទីនោះទៀត។ លោកស្រីធីតា ឃឹះបានត្រឡប់មកកម្ពុជាវិញ នៅក្រោយសន្ធិសញ្ញាក្រុងប៉ារីស ដើម្បីបន្តបេសកកម្មការងារ រហូតឆ្នាំ១៩៩៧ លោកស្រីបានក្លាយជាប្រធានអង្គការសីលការរហូតមកដល់បច្ចុប្បន្ន។
ដោយយសារតែមានភាពសកម្មយ៉ាងខ្លាំង នៅក្នុងការបំពេញការងារ ក្នុងនាមជាអង្គការសង្គមស៊ីវិលដោយផ្តោតសំខាន់ ទៅលើការលើកកម្ពស់សិទ្ធិស្ត្រី និងអភិបាលកិច្ចល្អ លោកស្រីធីតា ឃឹះ អាចត្រូវចាត់ទុកថា គឺជាស្ត្រីខ្មែរមួយរូប ដែលចូលរួមផ្លាស់ប្តូរផ្នត់គំនិតស្ត្រីឲ្យមានភាពក្លាហាន ហ៊ានចូលរួមនៅក្នុងកិច្ចការសង្គម និងកិច្ចការនយោបាយ។ យ៉ាងណា លោកស្រីធីតា ឃឹះដែលនៅពេលនេះមានវ័យ ៦៧ឆ្នាំ នឹងលាឈប់ពីនាយិកាអង្គការសីលការ នៅដំណាច់ឆ្នាំ២០១៨នេះ។
សូមស្តាប់កិច្ចសម្ភាសន៍រវាងអ៊ុន សុខឡានិងលោកស្រីធីតា ឃឹះនាយិកាអង្គការសីលការ នៅក្នុងនាទីភ្ញៀវប្រចាំសប្តាហ៍!
សំឡេង៖