លោក​​កឹម សុខា ប្រកាស​​មិន​គាំទ្រ​សន្និសីទ​​ពិភពលោក​​របស់​លោក​​ស​ម រង្ស៊ី​​

03-12-2018 9:19 am 1695
  ស្តាប់
រាប់ឆ្វេង គឺលោកសម រង្ស៊ី និង លោកកឹម សុខា។
ស្តាប់ជាសំឡេង

​ក្រុម​អ្នកគាំទ្រ​បក្សប្រឆាំង​នៅ​ក្រៅប្រទេស​បានរៀបចំ សន្និសីទ​មួយ នៅ​ថ្ងៃទី​១ ខែ​ធ្នូ នៅ​ទីក្រុង​អា​ត្លង់​តា សហរដ្ឋអាមេរិក​ដោយ​មាន​ការចូលរួម​ពី​លោក សម រង្ស៊ី​។ ប៉ុន្តែ​ស​ន្និសិទ​នេះ ត្រូវបាន​សហ​មេធាវីរ​បស់​លោក កឹម សុខា អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃទី​០២ ខែ​ធ្នូ បានចេញ​សេចក្តីថ្លែងការណ៍​ប្រកាស​ជំហរ​របស់ លោក កឹម សុខា​ថា មិន​ទទួលស្គាល់​សន្និសីទ​របស់​ក្រុម​លោក សម រង្ស៉ី​ទេ​។ ជំហរ​នេះ​ត្រូវបាន​មតិ​ខ្លះ​យល់ឃើញថា អតីត​គណបក្សប្រឆាំង​ផ្តើម​បែកបាក់​ផ្ទៃក្នុង​។

​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក​កឹម សុខា តាមរយៈ​មេធាវី​បាន​អះអាងថា លោក​មិន​គាំទ្រ​នូវ​ការរៀបចំ​សន្និសីទ​ពិភពលោក​របស់​សាខា​អតីត​បក្សប្រឆាំង​នៅ​ក្រៅប្រទេស​នៅ​ថ្ងៃទី​១ និង​ទី​២ ខែ​ធ្នូ នៅ​អាមេរិក​ឡើយ​។​ហើយ​ការសម្រេច​នេះ​មិន​ស្ថិតនៅក្រោម​ការបង្ខិតបង្ខំ​នោះទេ​។ នេះ​បើ​យោងតាម​សេចក្តីថ្លែងការណ៍​របស់​សហ​មេធាវី​របស់លោក កឹម សុខា​។​

​សេចក្តីថ្លែងការណ៍​ធ្វើឡើង ខណៈដែល​សន្និសីទ​របស់​អ្នកគាំទ្រ​បក្សប្រឆាំ​ង​នៅ​ក្រៅប្រទេស បាន​ប្រព្រឹត្តិ​ទៅតាម​ការគ្រោងទុក​ដោយ​មាន​ការគាំទ្រ​ពី​លោក សម រង្ស៊ី​។ សហ​មេធាវី​៤​រូប​របស់លោក កឹម សុខា បាន​គូសបញ្ជាក់ថា ទោះជា​លោក កឹម សុខា ស្ថិតក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​ក៏ដោយ​ក៏​លោក នៅតែមាន​សិទ្ធិ​ក្នុង​ការតវ៉ា ការពារ ទាមទារ និង បដិសេធ នូវ​អ្វីដែល​ប៉ះពាល់​ដល់​សិទ្ធិ​ស្របច្បាប់​របស់គាត់​។ លោក កឹម សុខា មាន​សិទ្ធិ​បញ្ចេញមតិ​ដោយ​ខ្លួន​គាត់​ផ្ទាល់ ឬ​តាមរយៈ​មេធាវី​ស្របតាម​បញ្ញត្តិ​ច្បាប់​។​

​ក្រុម​មេធាវី​បាន​ពន្យល់​យ៉ាង​ដូច្នេះ​ថា ជា​សហ​មេធាវី​ដែល​ទទួល​សិទ្ធិ​ការពារ​ក្តី​ជូន លោក កឹម សុខា គឺ​អនុវត្ត​ស្របតាម​ក្របខណ្ឌ​វិជ្ជាជីវៈ តាម​ឆន្ទៈ​កូនក្តី និង មាន​ការទទួលខុសត្រូវ​។ ដូច្នេះ​ក្នុងករណី​សហ​មេធាវី បំពេញបេសកកម្ម​ណាមួយ ដោយ​បំពាន​ឆន្ទៈ​របស់ លោក​កឹម សុខា ដែលជា​កូនក្តី លោក​មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការបញ្ឈប់​បេសកកម្ម​ក្រុម​មេធាវី បាន​គ្រប់ពេលវេលា​។

​បន្ថែម​លើ​សេចក្តីថ្លែងការណ៍ លោក​កឹម សុខា តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុន​របស់លោក បានបញ្ជាក់​យ៉ាងខ្លី​អម​ជាមួយ​រូបភាព​ប្រជុំ​ជា​មួយក្រុម​មេធាវី​របស់លោក​ថា លោក​មាន​សិទ្ធិ​ឱ្យ​មេធាវី​នាំ​ពាក្យ និង បង្ហាញ​ពី​ឆន្ទៈ​របស់លោក ដែលជា​កូនក្តី​ជា​ផ្លូវការ​ស្រប តាម​បញ្ញត្តិ​ច្បាប់​។​

​គួរ​បញ្ជាក់ថា សន្និសីទ​របស់​អ្នកគាំទ្រ​បក្សប្រឆាំង​នៅ​ក្រៅប្រទេស​បាន​ប្រព្រឹត្តិ​ទៅតាម​ការគ្រោងទុក​នៅ​ថ្ងៃទី​១​ខែធ្នូ​នេះ នៅ​ទីក្រុង​អា​ត្លង់​តា សហរដ្ឋអាមេរិក​។ ជា​សន្និសីទ​ដែល​អ្នករៀបចំ​អះអាងថា ដើម្បី​ស្វែងរក​យុទ្ធសាស្ត្រ​ថ្មី​ជំរុញ​ឱ្យ​ដោះលែង​លោក កឹម សុខា និង​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិរស់​ឡើងវិញ​។ ប៉ុន្តែ​ស​ន្និសិទ​នេះ អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​មួយក្រុម​ប្រចាំ​សហរដ្ឋអាមេរិក ក៏​បានចេញ​សេចក្តីថ្លែងការណ៍​មួយ​នៅ​ថ្ងៃទី​៣០​វិច្ឆិកា ដោយ​បដិសេធ​ចំពោះ​សន្និសីទ​នេះ ហើយ​ថា អ្នក​ដែល​ទៅ​ចូលរួម​សន្និសីទ​នេះ គឺជា​ការចាក​ចេញពី​គណបក្ស​សង្គ្រោះ​ជាតិ​ដោយ​ចំហ​ដើម្បី​ទៅ​ចូល​រួមជាមួយ​ចលនា​របស់លោក សម រង្ស៊ី​។​

​យ៉ាងណាក៏ដោយ​មន្ត្រី​អតីត​គណបក្សប្រឆាំង​មួយចំនួន​អះអាងថា នេះ គ្រាន់តែ ជា ការខ្វែងគំនិត​គ្នា មិនមែនជា​សញ្ញា​បែកបាក់​ផ្ទៃក្នុង ខណៈដែល​អ្នកតាមដាន​ផ្សេងទៀត​យល់ថា អតីត​ក្រុម​ឆាំង​ផ្តើម​ចែកផ្លូវ​គ្នា​បណ្តើរៗ ក្រោយ​រូបរាង​បក្ស​ត្រូវ​កាស​រំលាយ​កាលពី​ចុងឆ្នាំ​២០១៧៕

 ពាក្យគន្លឹះ  លោកកឹមសុខា

ព័ត៌មានផ្សេងទៀត