លោក​ផែង ហេង​៖​លោក William Heidt​ពុំ​បាន​ជួប​លោក​កឹម សុខា​នោះ​ទេ​

02-12-2018 11:50 am 978
  ស្តាប់
ស្តាប់ជាសំឡេង

​លោក​ផែង ហេង មេធាវី​មួយរូប ក្នុងចំណោម​សហ​មេធាវី ៤​រូប​ដែល​ការពារ​ក្តី ជូន​លោក​កឹម សុខា ប្រធាន នៃ​អតីត​គណបក្ស​ស​ង្រោះ្គ​ជាតិ បានឲ្យ​ដឹង​តាមរយៈ​ហ្វេស ប៊ុក ផ្លូវការ​របស់​លោក កាលពី​ល្ងាច​ថ្ងៃទី ១ ខែ​ធ្នូ ឆ្នាំ​២០១៨ ថា​លោក​កឹម សុខា មិនបាន​ជួប​ពិភាក្សា​ជាមួយ​លោក William Heidt​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ចប់​អាណត្តិ​នោះទេ​។​

​លោក​ផែង ហេង បានលើកឡើង​ដូច្នេះ បន្ទាប់ពី​មាន​សារព័ត៌មាន​មួយ​ឈ្មោះថា អា​ម៉ា​ប៉ា​ប៉ា​ញ៉ូ​ស​(amapapa.news)​បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​៣០ វិច្ឆិកា​ថា «​លោក William Heidt​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ចប់​អាណត្តិ បាន​ចូលជួប​ពិភាក្សា​ជាមួយ​លោក​កឹម សុខា មុន​នឹង​ចាកចេញ ពី​ប្រទេស​កម្ពុជា​»​។​

​សារព័ត៌មាន​ដដែល​ក៏​បាន​ចុះផ្សាយ​បន្ថែមថា «​នៅ​វិនាទី​ចុងក្រោយ​មុន​បញ្ចប់​អាណត្តិ​នៅ​កម្ពុជា លោក William Heidt បាន​លាតត្រដាង​បេះដូង​ពិត កោតសរសើរ​លោក​កឹម សុខា ដែល​ការបង្ហាញ ការពិត​ដូច្នេះ​ហាក់ដូចជា​ផ្តល់​កិត្តិយស ដល់​អ្នក​សង្គ្រោះ​ជាតិ​និយម​»​។​

​គួរ​ជម្រាបជូន​ដែរ​ថា លោក​William Heidt​ធ្លាប់​បាន​ស្នើ​សុំ​ការអនុញ្ញាត​ចូលជួប​សួរសុខទុក្ខ​លោក​កឹម សុខា ជា​លក្ខណៈ​ឯកជន​ផងដែរ តែ​ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ពុំ​អនុញ្ញាត​ជូន​នោះទេ ដោយ​អះអាង​ថា សំណុំរឿង​លោក​កឹម សុខា កំពុងតែ​បន្ត​ស្រាវជ្រាវ​ស៊ើបសួរ​បុគ្គល​មួយចំនួនទៀត ដែល​ចៅក្រម​ត្រូវ​កោះហៅ​បំភ្លឺ​នៅ​ពេល​ខាងមុខ​។​

សូម​បញ្ជាក់​ដែរ​ថា លោក William Heidt​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា បានបញ្ចប់​មុខតំណែង​ជា​ឯកអគ្គរដ្ឋទូត​ចាប់ពី​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៨​ត​ទៅ​បន្ទាប់ពី​លោក​បាន​បំពេញ​ការងារ​នៅ​ប្រទេស​កម្ពុជា អស់​រយៈពេល​ជាង​៣​ឆ្នាំ​មក​៕

ព័ត៌មានផ្សេងទៀត