​​បាតុកម្មនៅ​បារាំង៖មនុស្ស​១១០​នាក់​របួស​និង​ជិត​៣០០​នាក់​ត្រូវ​ចាប់ខ្លួន

02-12-2018 9:07 am 2014
  ស្តាប់
ស្តាប់ជាសំឡេង

​ការតវ៉ា​ប្រឆាំងនឹង​ប្រេងឥន្ធនៈ​ឡើងថ្លៃ ដោយ​ក្រុមបាតុករ​អាវកាក់​ពណ៌​លឿង​នៅក្នុង​ប្រទេស​បារាំង បាន​ឈានចូល​ដល់​សប្តាហ៍​ទី​៣ ​គិត​ត្រឹម​ថ្ងៃ​សៅរ៍​ទី​១​ខែធ្នូ​ឆ្នាំ​២០១៨​។ នៅក្នុង​ក្បួន​តវ៉ា​លើក​នេះ ក៏​មិន​ខុសពី​លើក​មុនៗ​ដែរ ដោយ​ក្រុម​បា​តុ​ករ​បាន​រង​នូវ​ការបង្ក្រាប​យ៉ាង​ចាស់ដៃ ពី​ប៉ូលិស​បង្ក្រាប​កុប្បកម្ម​បារាំង​។ ប៉ូលិស​បង្ក្រាប​កុប្បកម្ម បាន​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក គប់​គ្រាប់​បែកផ្សែង និង​បាញ់​ទឹក​ដាក់ ក្រុមបាតុករ​នៅលើ​ដង​មហាវិថី Champs-Elysées ខណៈ​ក្រុមបាតុក​រពាក់​ម៉ាស បាន​គប់​វត្ថុ​រឹង និង​ដុត​អាគារ​។​

​ការប៉ះទង្គិច​គ្នា​រវាង​ក្រុមបាតុករ​និង​ប៉ូលិស​បង្ក្រាប​កុប្បកម្ម​ជាថ្មី​នេះ បាន​បណ្តា​លឲ្យមនុស្ស​១១០​នាក់​រងរបួស នៅ​ក្នុងនោះ មាន​សមាជិក​កងកម្លាំង​សន្តិសុខ​១៧​នាក់ និង​មនុស្ស​២៧០​នាក់​ផ្សេងទៀត ត្រូវបាន​ចាប់ខ្លួន​។ នេះ​បើតាម​ការចុះផ្សាយ ដោយ​ទីភ្នាក់ងារសារព័ត៌មាន​BBC របស់​ចក្រភព​អង់គ្លេស នៅ​ថ្ងៃទី​២​ខែធ្នូ​ឆ្នាំ​២០១៨​។ ក្រៅពី​បណ្តាលឲ្យ​របួស​មនុស្ស ការប៉ះទង្គិច​គ្នា​នេះ ក៏បាន​ធ្វើឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​សាធារណៈ​មួយចំនួន ព្រមទាំង​ធ្វើឲ្យ​ទិដ្ឋភា​ពនៅ​កណ្តាល​រដ្ឋធា​នីប៉ា​រី​ស​នៃ​ប្រទេស​បារាំង រង​នូវ​ភាព​អួរ​អាប់ ដោយសារតែ​ផ្សែងហុយ​ទ្រលោម​ស្ទើរ​ពេញ​កណ្តាល​ទីក្រុង​។​

​ប្រធានាធិបតី​បារាំង លោក​អេ​ម៉ា​ណូអែល ម៉ា​ក្រុង​បាន​ថ្លែង​ចេញពី​ទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន កន្លែង​ដែល​លោក​ចូលរួម​កិច្ចប្រជុំ​G20​ថា អ្នក​ដែល​ចូលរួម​តវ៉ា មិនមែន​មានបំណង​ចង់បាន​ការផ្លាស់ប្តូរ ឬក៏​ដំណោះស្រាយ​ពី​រដ្ឋាភិបាល​នោះទេ ប៉ុន្តែ​ពួកគេ​ចង់​បង្កឲ្យមាន​ភាពវឹកវ​រ​ច្រើនជាង​។ ប្រធានាធិបតី​បារាំង នៅតែ​រក្សា​ជំហរ ការពារ​គោលនយោបាយ​ប្រេង​របស់គាត់​ថា ពិតជា​ចាំបាច់​នៅក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ការកើនឡើង​កម្តៅ​ផែនដី​។​

​ប្រធានាធិបតី​បារាំង​តំឡើង​ពន្ធ​លើ​ប្រេងឥន្ធនៈ ដើម្បី​កាត់បន្ថយ​ការប្រើប្រាស់​ប្រេង ជាពិសេស​ប្រេងម៉ាស៊ូត ក្នុង​គោលបំណង ប្រយុទ្ធប្រឆាំង​នឹង​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​។ គោលនយោបាយ​នេះ ធ្វើឲ្យ​ប្រេង​ឡើងថ្លៃ ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ជាពិសេស​ពលរដ្ឋ​ក្រីក្រ​។ ពួកគេ​បានចាប់ផ្តើម​ប្រមូលគ្នា​ធ្វើបាតុកម្ម នៅ​ទូទាំងប្រទេស​បារាំង កាលពី​ពាក់កណ្តាល​ខែវិច្ឆិកា​ឆ្នាំ​២០១៨ ដោយ​ដំបូង​ក្នុង​ទម្រង់​ប្រឆាំងនឹង​តម្លៃ​ប្រេងឥន្ធនៈ​ឡើងថ្លៃ​។ ប៉ុន្តែ ចលនា​តវ៉ា អាវកាក់​ពណ៌​លឿង​នេះ បាន​រីក​រាលដាល​ដល់​ការប្រឆាំង​នឹង​ទំនិញ​ឡើងថ្លៃ និង​សេវាសាធារណៈ​របស់​រដ្ឋ​មួយចំនួនទៀត ដែល​ធ្វើឲ្យ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក្រីក្រ កាន់តែ​លំបាកទៅៗ​។ សូមបញ្ជាក់ថា នយោបាយ​ដំឡើង​ពន្ធ ប្រេង​ត្រូវ​ចាប់ផ្តើម​នៅ​ខែ មករា ឆ្នាំក្រោយ​នេះហើយ​៕

ព័ត៌មានផ្សេងទៀត