តើ​អ្វី​ទៅជា​«​រណសិរ្ស​រំដោះជាតិ ២ ធ្នូ​»?

01-12-2018 2:46 pm 10846

​ថ្ងៃទី​២​ធ្នូ ឆ្នាំ ១៩៧៨ គឺជា​ថ្ងៃ​នៃ​ចលនា​ផ្តួលរំលំ​របប​ដឹកនាំ​សម្លាប់​រង្គាល​របស់​ពួក​ខ្មែរក្រហម​។ រណសិរ្ស​រំដោះជាតិ​ដែល​គាំទ្រ​ដោយ​កងទ័ព​វៀតណាម បាន​ទទួល​ជ័យជម្នះ​នៅ​ថ្ងៃ​ទី​៧ មករា​១៩៧៩​។ ថ្ងៃ ២​ធ្នូ​ត្រូវបាន​គណបក្ស​ប្រជាជន​កម្ពុជា​ប្រារព្ធ​ទិវា​រម្លឹក​ខួប​ជា​រៀងរាល់ឆ្នាំ​មិន​ដែល​ខាន​។ ការ​រម្លឹក​នេះ​គណបក្សកាន់អំណាច​អះអាងថា ជា​សារ​មួយ​រម្លឹក​អំពី​ចលនា​រំដោះ​ជាតិ​ប្រឆាំង​នឹង​មេដឹកនាំ​ដែល​កាច់ចង្កូត​ប្រទេស​ទៅរក​ក្តី​វិនាសអន្តរា​យ​។ តើ​រណសិរ្ស​រំដោះជាតិ ២ ធ្នូ មានដំណើរ​ដើមទង​ដោយ​ដូចម្តេច​? 

២​ធ្នូ​១៩៧៨ -២​ធ្នូ ២០១៨ ជា​ខួប​ទី​៤០​ឆ្នាំ​នៃ​ចលនា​ផ្តួលរំលំ​របប​ដឹកនាំ​សម្លាប់​រង្គាល​របស់​ពួក​ខ្មែរក្រហម​ដែល​គាំទ្រ​ដោយ​កងទ័ព​វៀតណាម ។ ៤០​ឆ្នាំ​បាន​កន្លងផុតទៅ ២​ធ្នូ​ត្រូវបាន​គណបក្ស​ប្រជាជន​កម្ពុជា​ប្រារព្ធ​ទិវា​រម្លឹក​ខួប​ជា​រៀងរាល់ឆ្នាំ​មិន​ដែល​ខាន ។ តាម​គម្រោង គណបក្សកាន់អំណាច​គ្រោង​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤០ កំណើត​រណសិរ្ស​២ ធ្នូ នៅ​វិមាន​២​ធ្នូ ស្ថិត​ក្នុងស្រុក​ស្នួល ខេត្ត​ក្រចេះ ។​

​កាលពី​៤០​ឆ្នាំមុន តាម​ឯកសា​នានា មាន​ឱ្យដឹងថា នៅ​ឆ្នាំ​១៩៧៧ ប្រជាជន​ខ្មែរ​តាម​បណ្តា​ខេត្ត​មួយចំនួន​ដូចជា ខេត្តសៀមរាប បាត់ដំបង កំពង់ធំ មណ្ឌល​គី​រី កំពង់ឆ្នាំង បាន​ក្រោក​ឡើង​ប្រឆាំង​នឹង​របប​កម្ពុជា​ប្រជាធិបតេយ្យ ឬ​ខ្មែរក្រហម ។ របប​នេះ​បាន​បង្ខំ​ប្រជាជន​ខ្មែរ ធ្វើការ​ជា​ទម្ងន់ បង្អត់អាហារ គ្មាន​ថ្មាំ​ព្យាបាល ខ្វះ​សម្លៀកបំពាក់ គ្មាន​ជម្រក​រស់នៅ​សមរម្យ បំបិទ​សិទ្ធិសេរីភាព​គ្រប់យ៉ាង ពិសេស ពួក​ឃាតករ​អាវខ្មៅ​បានសម្លាប់​ប្រជាជន​កម្ពុជា​ដោយ​គ្មាន​កំហុស ។​

​ចលនា​បះបោរ​របស់​ប្រជាជន បាន​ធ្វើឱ្យ​ពួក​ខ្មែរក្រហម ចាប់ផ្តើម​សម្លាប់​ប្រជាជន​កាន់តែ​ច្រើន និង គ្រប់កន្លែង​ទូទាំងប្រទេស ពិសេស​ភូមិភាគ​និរតី ឧត្តរ ពាយ័ព្យ និង​បូព៌ា ។ ចលនា​បះ បោ​រ របស់​ប្រជាជន​កម្ពុជា​កើតមាន​កាន់តែ​ធំ​ឡើងៗ​ហើយ​រីក​រាលដាល​ពាសពេញ​ប្រទេស ដូចជា​ប្រជាជន នៅ​ស្រុក​ត្បូងឃ្មុំ កំពង់ចាម ស្រុក​សៀម​ប៉ាង ខេត្ត​ស្ទឹងត្រែង ស្រុក​ប​កែវ ខេត្ត​រតនគីរី ជាដើម ។​

​នៅ​ឆ្នាំ​១៩៧៨ នៅ​ភូមិភាគ​បូ​ព៌ា សម​មិត្ត ហេង សំរិន ជា​មេបញ្ជាការ​កងពលធំ​លេខ​៤ បាន​ដឹកនាំ​កុបកម្ម​មួយ​ប្រឆាំង​នឹង​ខ្មែរក្រហម ។ ពួក​កុបករ​ទាំងអស់ បាច​ខិតប័ណ្ណ​អំពាវនាវ​ឱ្យ​ប្រជាជន​កម្ពុជា​ទាំងអស់​គ្នា ក្រោក​ឡើង​រួម​សាមគ្គី​ជា​កម្លាំង ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​អំពើ​ប្រល័យពូជសាសន៍​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ។ 

​នៅ​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​១៩៧៨ មហាសន្និបាត​របស់​អ្នកស្នេហាជាតិ​គ្រប់​តំបន់ បាន​ធ្វើឡើង​នៅ​មូលដ្ឋាន​រំដោះ​។​មហាសន្និបាត​បាន​សម្រេច​ជា​ឯកច្ឆ័ន្ទ​បង្កើត​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា និង បោះឆ្នោត​ជ្រើសតាំង​គណកម្មាធិកា​រ​មជ្ឈិម​រណសិរ្ស​ដែល​មាន​សមាជិក​១៤​រូប ក្នុងនោះ​មាន សម​មិត្ត ហេង សំរិន ជា​ប្រធាន ហើយ​បាន​អនុម័ត​កម្មវិធី​នយោបាយ​ចំនួន​៣​ទី​១.​ផ្តួលរំលំ​របប​ប្រល័យ​ពួជ​សាសន៍​ខ្មែរ ក្រហម​រំដោះប្រជាជន​ទូទាំង​ប្រទេស​ឱ្យ​រួច​ពី​រណ្តៅ​មរណៈ ទី​២.​គោរព​ឆន្ទៈ​និង​គោលបំណង​របស់ ប្រជាជន​កម្ពុជា និង ទី​៣.​កសាង​ប្រទេស​កម្ពុជា​ប្រកបដោយ​សន្តិភាព​ឯករាជ្យ​ប្រជាធិបតេយ្យ​អព្យាក្រឹត​បូ​ណ​ភាព​ទឹកដី​និង​សម្បូរ​រុងរឿង ។ 

​ចាប់ពីពេលនោះ​មក​កម្លាំង​រណសិរ្ស​សង្គ្រោះ​ជាតិ​កម្ពុជា​កាន់តែ​រីក​ធំធាត់ និង ខ្លាំងក្លា​ឡើងៗ ទាំង​ក្នុង​និង ក្រៅប្រទេស​។​ដូច្នេះ​ហើយ​បាន​នៅ​ថ្ងៃ​ទី​០២ ធ្នូ​នេះ រាជរដ្ឋាភិបាល​កម្ពុជា បាន​ធ្វើ​ពិធី​ប្រារព្ធ​ខួប​ថ្ងៃ​បង្កើត រណៈសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ដែល​បច្ចុប្បន្ន​បាន​ប្រែ​មក​ឈ្មោះថា «​រណៈសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​» ដែលមាន លោក​ហេង សំរិន ប្រធានរដ្ឋសភា ។​

​យ៉ាង​ក៏​ដោយ​រណសិរ្ស​២​ធ្នូ មិនមែន​ជា​ចលនា​រំដោះ​ជាតិ​លើក​ដំបូង​ទេ សម្រាប់​ប្រទេស​កម្ពុជា ប៉ុន្តែ វា​ជា​ចលនា​តស៊ូ​មួយ​ដែល​ត្រូវបាន​បង្កើតឡើង​ក្នុងស្ថានភាព​ដែល​ប្រទេស​ជាតិ​ធ្លាក់​ក្នុង​គ្រោះ​មហន្តរាយ​ធ្ងន់ធ្ងរ​ជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​។​នៅ​ចាំបាន​ថា ក្រោយ​ចលនា​រណសិរ្ស​២​ធ្នូ​ឆ្នាំ​១៩៧៨ គេ​ក៏​ឃើញ​មាន​ដែរ​ចលនា​តស៊ូ​ជាយដែន​ក្នុង​ទសវត្សរ៍​ទី​៨០ និង ៩០​ដែល​ត្រូវ​គេ​បង្កើតឡើង​ក្នុង​បុព្វហេតុ​រំដោះ​ប្រទេស​ជាតិ​ដូចគ្នា ។ តែ​ក្រោយ​ពី​មាន​ដំណោះស្រាយ​នយោបាយ ទើប​ភាគី​ជម្លោះ​នយោបាយ​ខ្មែរ​ទាំងអស់​ឈានដល់​ការព្រមព្រៀង​គ្នា​ដាក់អាវុធ និង ជ្រើសរើស​យក​ការបោះឆ្នោត​ជា​ទីលាន​ប្រកួតប្រជែង​វិញ ។ 

​បច្ចុប្បន្ននេះ កម្ពុជា​ការបោះឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ និង បាន​ស្គាល់​ការអភិវឌ្ឍន៍​ឡើងវិញ ។ បើ​ក្រឡេក​កាលពី​៤០​ឆ្នាំមុន ពលរដ្ឋ​ខ្មែរ​ដែល​រស់​ក្នុង​របប​ខ្មែរក្រហម​រស់ក្នុង​ភាពអត់ឃ្លាន និង បន់ស្រន់​ឱ្យ​របប​ដ៏​ខ្មៅ​ងងឹត​មួយ​នេះ​រលត់រលាយ​ឆាប់ៗ ។ ប៉ុន្តែ​បើ​ទោះបីជា​របប​ខ្មែរក្រហម​បាន​រលាយ​នៅ​ថ្ងៃទី​៧ មករា ឆ្នាំ​១៩៧៩ ហើយ​ផ្តើម​ការបោះឆ្នោត​ដំបូង​នៅ​ឆ្នាំ​១៩៩៣ បញ្ហា​ជាច្រើន​នៅ​តែ​បង្ក​ភាព​អាប់អួ​នៅក្នុង​សង្គម​នៅ​ឡើយ​នោះ គឺ បញ្ហា​ធនធានមនុស្ស ជនពិការ បញ្ហាដីធ្លី ប្រព័ន្ធយុត្តិធម៌ និង ការប្រឆាំង​អំពើ​ពុករលួយ​ជាដើម ។ ទាំងនេះ​នៅ​តែ​ជា​ប្រធានបទ​ក្តៅគគុក​សម្រាប់​សង្គម​ខ្មែរ​មក​ដល់ពេល​បច្ចុប្បន្ន ។​

​រីឯ​ទំនាស់​រវាង​អតីត​គណបក្សប្រឆាំង និង បក្ស​កាន់​អំណាច នៅតែ​មាន​លក្ខណៈ​ស្រួចស្រាល់ នាំឱ្យ​មាន​ការព្រួយបារម្ភ​លើ​វាសនា​ប្រទេសជាតិ ខណៈ​ដែល​អន្តរជាតិ​មួយចំនួន​មើល​មក​កម្ពុជា​ក្នុង​ផ្លូវ​មិនល្អ និង គ្រោង​ដាក់​សម្ពាធ​សេដ្ឋកិច្ច ។​

​ដូច្នេះ​រំពឹងទុក​ថា អ្នកនយោបាយ​ខ្មែរ​គ្រប់​និន្នាការ​នឹង​មាន​ភាព​វៃឆ្លាត ដកស្រង់​បទពិសោធន៍​ពី​អតីតកាល ហើយ​ចៀសវាង​កុំឲ្យ​ប្រវត្តិសាស្ត្រ​ច្រំ​ដែល ។ ច្រំ​ដែល​មានន័យថា ធ្វើយ៉ាងណា​កុំ​នាំ​ប្រទេស​ឆ្ពោះទៅរក​ភាព​ខ្មៅ​ងងឹត​ឡើងវិញ ហើយ​ត្រូវ​នាំគ្នា​គិតគូរ​ផលប្រយោជន៍​ប្រទេសជាតិ និង ប្រជាជន​ជា​ធំ ដោយ​មិន​ទុក​ឱ្យ​ពួកគេ​ទទួលរង​ទុក្ខវេទនា​លើ​បញ្ហា​ណាមួយ​ឡើយ ៕

ព័ត៌មានផ្សេងទៀត