ក្រុម​អតីត​បក្សប្រឆាំង​នៅ​អាមេរិក ប្រកាស​មិន​គាំទ្រ​សន្និសីទ​លោក​សម រង្ស៊ី​

01-12-2018 10:30 am 3884
  ស្តាប់
ស្តាប់ជាសំឡេង

​ក្រុម​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នៅ​សហរដ្ឋអាមេរិក បាន​ប្រកាស​គាំទ្រ​គោលជំហរ របស់ លោក កឹម សុខា ដែល​មិន​ទទួលស្គាល់ សន្និសីទ​នៅ​ទីក្រុង​អា​ត្លង់​តា ប្រទេស​អាមេរិក ដែល​រៀបចំ​ដោយ ក្រុម​របស់​លោក សម រង្ស៉ី​។​

​តាមរយៈ​សេចក្តីថ្លែងការណ៍ របស់​ក្រុម​អតីត​បក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា បានបញ្ជាក់​ថា​៖ «​ការរៀបចំ​សន្និសីទ នៅ​ទីក្រុង​អា​ត្លង់​តា ថ្ងៃទី​០១-០២ ខែ​ធ្នូ ខាងមុខនេះ បាន​បញ្ជាក់​ឱ្យ​ឃើញ​កាន់តែ​ច្បាស់​ថា អ្នកគាំទ្រ និង​ថ្នាក់ដឹកនាំ​មួយចំនួន ដែល​ជា​អតីត​មកពី​គណបក្ស​សម​រង្ស៉ី បាន​ចាកចេញ និង​បោះបង់​ចោល​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​ចំហរ ដើម្បី​ទៅ​ចូលរួម​ក្នុង​ចលនា​សង្គ្រោះ​ជាតិ​របស់ លោក សម រង្ស៉ី​»​។​

​សេចក្តីថ្លែងការណ៍ដដែល ក៏​បាន​អំពាវនាវ​ឱ្យ​សមាជិក អ្នកគាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងអស់ តាមដាន​សកម្មភាព​សន្និសីទ​នេះ ដែល​ចាត់ទុកថា ជា​ការបំបែកបំបាក់​ខ្មែរ នៅ​ក្រៅ​ស្រុក និង ស្មារតី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។​

​សូមបញ្ជាក់​ថា កាលពី​ពេល​ថ្មីៗ​នេះ លោក ចាន់ ចេ​ន មេធាវី​របស់​លោក កឹម សុខា បន្ទាប់ពី​បាន​ចេញពី​សួរសុខទុក្ខ​កូនក្តី​របស់​លោក​រួច​មក​នោះ បាន​បញ្ជាក់​ឲ្យដឹងថា លោក កឹម សុខា អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ រក្សា​ជំហរ​មិន​គាំទ្រ​ចំពោះ​សន្និសីទ​ដែល​រៀបចំ​ដោយ ក្រុម​របស់​លោក សម រង្ស៉ី នៅ​សហរដ្ឋអាមេរិក​នោះទេ​៕

ព័ត៌មានផ្សេងទៀត