ម៉ាឡេស៊ី​ប្តូរ​លក្ខខណ្ឌ​ការងារ​ថ្មី​ដើម្បី​ទាក់ទាញ​ពលករ​កម្ពុជា​

30-11-2018 2:03 pm 965
  ស្តាប់
ស្តាប់ជាសំឡេង

​ទីភ្នាក់ងារ​ជ្រើសរើស​ពលករ​ម៉ាឡេស៊ី​ចំនួន​បី បានឱ្យដឹងថា ខ្លួន​នឹង​ផ្លាស់ប្តូរ​នូវ​លក្ខខណ្ឌ​ការងារ​ថ្មីៗ​រួមមាន​៖ នីតិវិធី​ក្នុង​ការជ្រើសរើស​ពលក​រ និង​ការដំឡើង​ប្រាក់​ឈ្នួល​ខ្ពស់​ជាង​មុន ដើម្បី​ទាក់ទាញ​ពលករ​បរទេស ពិសេស​ពលករ​កម្ពុជា​។​ការលើកឡើង​បែប​នេះ នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង លោក​អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង ទីភ្នាក់ងារ​ជ្រើសរើស​ពលករ​ម៉ាឡេស៊ី នៅ​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៨​។ 

​ភាគី​ម៉ាឡេស៊ី​បានលើកឡើង​បន្ថែមថា សម្រាប់​នីតិវិធី​ក្នុង​ការជ្រើសរើស​ពលក​រ​ថ្មី​នេះ គឺ​ពលករ​មិនចាំបាច់​ចំណាយ​ពេលវេលា​យូរ​ដូច​មុន​ទេ ពោល​ឲ្យតែ​ភាគី​ម៉ាឡេស៊ី​ត្រូវការពលករ គឺ​អាច​បញ្ជូន​ទៅ​ធ្វើការ​បាន ។​ទន្ទឹមនឹងនេះ ក៏​មាន​ការ​ដំឡើង​ប្រាក់​ឈ្នួល​ដល់​ពលករ​បរទេស​ដែល​ទៅ​ធ្វើការ​នៅ​ម៉ាឡេស៊ី ដល់​ជាង ៣០០​ដុល្លារ ក្នុង​១​ខែ ផងដែរ​។​

​ក្នុងឱកាស​នោះ លោក​អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ ក៏​បាន​ស្នើឲ្យ​ទីភ្នាក់ងារ​ជ្រើសរើស​ពលករ​ម៉ាឡេ​ស៊ី​ទាំងបី ត្រូវ​សហការ​ជាមួយ​ទីភ្នាក់ងារ​ជ្រើសរើស​ពលករ​កម្ពុជា រួម​គ្នា​ជា​ឯកច្ឆ័ន ជាមុនសិន​ពាក់ព័ន្ធ​លក្ខខណ្ឌ​ការងារ​ថ្មីៗ​នេះ​។ បន្ទាប់ពី​បាន​លទ្ធផល ក្រុម​ការងារ​បច្ចេកទេស​នៃ​ប្រទេស​ទាំង​ពីរ ត្រូវ​ពិភាក្សា​គ្នា​ឡើងវិញ មុន​នឹង​ដាក់​ជូន​រដ្ឋ​មន្ត្រី​ប្រទេស​ទាំង​ពីរ​សម្រេច​ជា​ចុងក្រោយ​។​លោក​ថា ម៉ាឡេស៊ី​ត្រូវ​ផ្តល់​ផលប្រយោជន៍ ដល់​ពលករ​កម្ពុជា តាមរយៈ​ប្រាក់​ឈ្នួល​ខ្ពស់ និង​លក្ខខណ្ឌ​ការងារ​ល្អ ទើប​អាច​ទាក់ទាញ​ពលករ​កម្ពុជា ចេញ​ទៅ​ធ្វើការ​នៅ​ទីនោះ​បាន​។ 

​គួរបញ្ជាក់​ថា កន្លងមក​កម្ពុជា​បាន​ផ្អាក​ការបញ្ជូន​ពល​ការិនី​ផ្នែក​ជំនួយការ​មេផ្ទះ ទៅ​ធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ី តាំងពី​ឆ្នាំ​២០១១ មកម្ល៉េះ ដោយសារ​នៅពេល​នោះ​កម្ពុជា​និង​ម៉ាឡេស៊ី​មិនទាន់មាន​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្ដីពី​ការការពារ​ពល​ការិនី​ខ្មែរ ផ្នែក​ជំនួយការ​មេផ្ទះ ។ ហើយ​នៅ​ឆ្នាំ​២០១៥ កម្ពុជា​បាន​ចុះ​អនុស្សរណៈ​ជាមួយ​ម៉ាឡេស៊ី​សារជាថ្មី ហើយ​រហូត​មកដល់ពេលនេះ ភាគី​កម្ពុជា​-​ម៉ាឡេស៊ី បាន​ព្រមព្រៀង​គ្នា​ស្ដីពី​ការអនុវត្ត​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ដែល​បាន​ចុះហត្ថលេខា​ជា មួយ​គ្នា​កាលពី​ឆ្នាំ​២០១៥​នោះ​។​

​បច្ចុប្បន្ន​ទីភ្នាក់ងារ​ជ្រើសរើស​ឯកជន​កម្ពុជា ដែល​ទទួលបាន​កា​អនុញ្ញាត​ពី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​មាន​ចំនួន ១០៣ ឱ្យ​ធ្វើ​ការជ្រើសរើស បណ្តុះបណ្តាល បញ្ជូន និង​គ្រប់គ្រង​ពលករ​ខ្មែរ​ទៅ​ធ្វើការ​នៅ​បរទេស ក្នុង​នោះ​ប្រទេស​ម៉ាឡេស៊ី​មាន​ចំនួន ៦៩​ក្រុមហ៊ុន (​គិត​ត្រឹម ខែតុលា ឆ្នាំ​២០១៨)៕

 ពាក្យគន្លឹះ  ក្រសួងកាងារម៉ាឡេស៊ី

ព័ត៌មានផ្សេងទៀត