ក្រសួង​ការងារ​​កំណត់​ត្រឹម​ថ្ងៃទី​១០​ធ្នូ​​ឱ្យ​មេ​សហជីព​​ផ្ដល់​សំណុំរឿង​​ដែល​ជាប់​ក្ដីក្ដាំ​នៅ​តុលាការ​​

29-11-2018 12:12 pm 1532
  ស្តាប់
ស្តាប់ជាសំឡេង

​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ តាមរយៈ​សេចក្ដីជូនដំណឹង ចុះ​ថ្ងៃទី​២៩ ខែវិច្ឆិកា ជំរុញ​ឱ្យ​អង្គការ​វិជ្ជាជីវៈ ជាពិសេស​ថ្នាក់ដឹកនាំ​សហជីព​ផ្ដល់​របាយការណ៍​អំពី​សំណុំរឿង ដែល​ជាប់​ក្ដីក្ដាំ​នៅ​តុលាការ មក​ខ្លួន​ឱ្យបាន​មុន​ថ្ងៃ​១០ ធ្នូ ឆ្នាំ​២០១៨ ដើម្បី​សហការ​ជាមួយ​ក្រសួងយុត្តិធម៌​ក្នុង​ការផ្ដល់​សេវាកម្ម​ផ្នែក​ច្បាប់ នៅក្នុង​ដំណើរការ​នីតិវិធី​តុលាការ សំដៅ​ឈានទៅដល់​ការ​ពន្លឿ​ន និង​បញ្ចប់​សំណុំរឿង​ឱ្យបាន​ឆាប់រហ័ស​ស្របតាម​បទបញ្ញត្តិ​ជា​ធរមាន​។​

​ការជំរុញ​បែបនេះ​របស់​ក្រសួង​ការងារ គឺ​យោងតាម​អនុសាសន៍ របស់លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ដែល​លោក​បានលើកឡើង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ​កម្មការិនី ជាង​១​ម៉ឺន​នាក់ នៅ​ខេត្តកណ្ដាល​កាលពី​ថ្ងៃទី​២៨​ខែវិច្ឆិកា​។ បើតាម​លោក​ហ៊ុន សែន ការស្នើឲ្យ​ទម្លាក់ចោល​ការចោទប្រកាន់ និង​តម្កល់​សំណុំរឿង​មិន​ចាត់ការ​លើ​មេ​សហជីព​ទាំងឡាយណា ដែល​ជាប់​បណ្តឹង នៅ​តុលាការ គឺ​ដើម្បីឲ្យ​ពួកគេ បាន​បន្ត​បំពេញការងារ​ដោយ​ស្ងប់ចិត្ត និង​មិនមាន​ការ​ខ្លាចរអា ជុំវិញ​រឿង​ក្តីក្តាំ​នៅ​តុលាការ​។​

​យ៉ាងណាក៏ដោយ​លោក​អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា លោក​ជាប់​បណ្តឹង​នៅ​តុលាការ​ប្រមាណ​ជិត​៥០​បណ្ដឹង​។ ចំណែក​លោក​ប៉ាវ ស៊ីណា ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា​វិញ ជាប់​បណ្ដឹង​នៅ​តុលាការ​ចំនួន​៧​បណ្តឹង​ផងដែរ​។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក​ទាំងពីរ​ប្រាប់​វិទ្យុ​វាយោ​កន្លងទៅនេះ​។ ទាំង​លោក​អាត់ ធន់ និង​លោក​ប៉ាវ ស៊ីណា បានបង្ហាញ​ភាព​សប្បាយចិត្ត ចំពោះ​កិច្ច​អន្តរាគមន៍ ពី​ប្រមុខ​រដ្ឋាភិបាល​ផងដែរ​។ 

​លោក​អាត់ ធន់ និង​លោក​ប៉ាវ ស៊ីណា បាន​អះអាងថា កន្លងមក​ពួក​បាន​រង​ការចោទប្រកាន់​ទាំង​អយុត្តិធម៌ ពី​សំណាក់​មន្ត្រី​មួយចំនួន ដោយ​មិនមាន​ការស៊ើបអង្កេត​ច្បាស់លាស់​។ សម្រាប់​កិច្ច​អន្តរាគមន៍​នេះ គឺជា​ការបើកឱកាស​ឲ្យ​សហជីព មាន​កម្លាំងចិត្ត​បំពេញការងារ​ជូន​កម្មករ​-​កម្មការិនី​បន្តទៀត​ដែរ​៕

 ពាក្យគន្លឹះ  ក្រសួងការងារសហជីព

ព័ត៌មានផ្សេងទៀត