ព្រឹត្តិការណ៍ « ៤០គីឡូម៉ែត្រទៅកាន់ប្រវត្តិសាស្ត្រ » ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានចេញដំណើរពីរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលត្រូវធ្វើដំណើរថ្មើជើង លើដងផ្លូវមួយ ចម្ងាយ ៤០គីឡូម៉ែត្រ ស្ថិតនៅក្នុងខេត្តក្រចេះ បានប្រាប់ពីអត្ថន័យនៃព្រឹត្តិការណ៍« ៤០គីឡូម៉ែត្រទៅកាន់ប្រវត្តិសាស្ត្រ » នេះថា ជាការចូលរួមចំណែកមួយ ក្នុងការរម្លឹកដល់ស្មារតី២ធ្នូ ប៉ុន្តែលើសពីនេះព្រឹត្តិការណ៍នេះ ក៏ឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែង ការតស៊ូ ការលះបង់ ដែលធ្វើឲ្យសម្រេចបាននូវការរំដោះជាតិមាតុភូមិ ចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម…
សូមស្តាប់ការលើកឡើងពីលោកហ៊ុន ម៉ានី៖
ការថ្លែងរបស់លោកហ៊ុន ម៉ានី ធ្វើឡើងនៅមុនពេល ធ្វើដំណើរចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តក្រចេះ ដើម្បីធ្វើដំណើរថ្មើជើងរួមគ្នាជាមួយយុវជន យុវនារីរាប់រយអ្នក នៅលើគន្លងផ្លូវដែលមានចម្ងាយ៤០គីឡូម៉ែត្រ។ ព្រឹត្តិការណ៍នេះ ចាប់ផ្តើមពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨ នៅក្នុងបរិវេណ ស្រុកស្នួល ខេត្តក្រចេះ។ តាមការគ្រោងទុក សហភាពសហព័ន្ធយុវជនកម្ពុជា រំពឹងថា នឹងមានការចូលរួមពីសំណាក់យុវជន និងមហាជនប្រមាណ៥០០នាក់៕