ស៊ើបអង្កេត​៖ កង្វះ​សហជីព​ឯករាជ្យ ធ្វើឱ្យ​មាន​ការរំលោភ​សិទ្ធិ​កម្មករ​

27-11-2018 4:49 pm 1225
  ស្តាប់
រូបភាពឯកសារ ។
ស្តាប់ជាសំឡេង

​របាយការណ៍​ស៊ើបអង្កេត​របស់​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) ដែល​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា បាន​រកឃើញថា កង្វះ​សហជីព​ឯករាជ្យ ធ្វើឱ្យ​មាន​ការរំលោភ​សិទ្ធិ និង​លក្ខខណ្ឌ​ការងារ​កម្មករ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ ។ របាយការណ៍​នេះ បាន​ចេញ​ផ្សាយ​ក្នុង​អត្ថន័យ​ស្រដៀង​គ្នា​ទៅ​នឹង​សលាក​ប័ត្រ​ព័ត៌មាន​របស់​អង្គការ​សិទ្ធិមនុស្ស ចុះ​ផ្សាយ​កាលពី​ថ្ងៃ​ទី​១​ខែតុលា អំពី តំបន់​សេដ្ឋកិច្ច​ពិសេស​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការរំលោភ​សិទ្ធិមនុស្ស ...

​របាយការណ៍​ស៊ើបអង្កេត​របស់​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ដែល​ចុះផ្សាយ​នៅថ្ងៃនេះ បានបង្ហាញ​ថា ក្រុមកម្មករ​ជាង​២០​នាក់ មកពី​រោងចក្រ​១០ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ រៀបរាប់ថា មាន​ការរំលោភបំពាន​សិទ្ធិ​កម្មករ ។ ពួកគេ​ស៊ូទ្រាំ​ធ្វើ​ការងារ បើទោះបីជា​មាន​ការបង្ខិតបង្ខំ ឬ​រំលោភ​បំពាន​កម្លាំង​ពលកម្ម​យ៉ាងណាក៏ដោយ ដោយសារតែ​ជំពាក់​បំណុល​ធនាគារ ។​

​របាយការណ៍​ដដែល​បញ្ជាក់ថា ភាគច្រើន​រោងចក្រ​ដែល​ស្ថិត​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ ពុំ​មាន​សហជីព​ទេ តែ​រោងចក្រ​ខ្លះ មាន​តំណាង​កម្មករ​មួយចំនួន​តូច​ដែរ ។​

​លោក អាន រ៉ា​ម៉ា មន្ត្រី​សម្របសម្រួល​ប្រចាំ​តំបន់​ខេត្ត​ព្រះសីហនុ​នៃ​សហភាព​ការងារ​កម្ពុជា បាន​លើកឡើង​ថា នៅពេលដែល​មាន​សហជីព​តិច​ធ្វើការ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ហើយ​គ្មាន​សហជីព​ឯករាជ្យ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស គឺ​សិទ្ធិ​កម្មករ​ត្រូវបាន​គេ​រំលោភបំពាន អត្ថប្រយោជន៍​របស់​ពួកគាត់​ត្រូវបាន​គេ​កេងប្រវ័ញ្ច ។ 

​យ៉ាងណាក៏ដោយ លោក​បាន​ឱ្យដឹងថា ថ្នាក់ដឹកនាំ​សហជីព​មួយចំនួន នា​ពេលកន្លងមក ត្រូវបាន​គេ​បញ្ឈប់ និង​ឈប់​ពី​ការងារ ក្នុង​ហេតុផល​មិន​អាច​ទ្រាំ​សម្ពាធ​ការងារ​បាន ម្យ៉ាង ពួកគេ​មិន​អាច​ជួយ​កម្មករ​ឱ្យបាន​ទូលំទូលាយ ព្រោះ​នៅពេល​មាន​នរណា​ម្នាក់​ចេញ​មុខ​ជួយ​កម្មករ ឬ​ដឹង​ថា​ជាប់​ពាក់ព័ន្ធ​សហជីព ខាង​រោងចក្រ​នឹង​បញ្ចប់​កិច្ចសន្យា​ការងារ ។​

​លោក ផៃ ស៊ីផា​ន អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា ត្រូវបាន​ស្រង់​សម្តី​ដោយ​ភ្នំពេញ​ប៉ុស្តិ៍ កាលពីដើម​ខែ​តុលា​ថា រដ្ឋាភិបាល​បើកចំហ និង​អនុញ្ញាត​ឱ្យ​កម្មករ​មាន​សហជីព​ផ្ទាល់​ដែល​អាច​ទាមទារ និង​ការពារ​ផលប្រយោជន៍​សមាជិករ​បស់​កម្មករ ។ ពួកគេ​មិន​ចាំបាច់​តវ៉ា​ទេ ព្រោះ​រដ្ឋាភិបាល​ដោះស្រាយ​រាល់​បញ្ហា​ទាំងអស់​ជា​ប្រព័ន្ធ ។ ភាគី​កម្មករ និង​ក្រុមហ៊ុន ជា​ដៃគូ​នឹង​គ្នា ។​

​យ៉ាងណាម៉ិញ លោក ប៉ុល ចាន់​ដា​រ៉ា អគ្គនាយករង​ការងារ នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ថ្លែង​ប្រាប់​វិទ្យុ​វាយោ​ថា ករណី​សិក្សា​ដែល​បាន​បង្ហាញ​នៅក្នុង​របាយការណ៍​ស៊ើបអង្កេត​ខាងលើ លោក​មិន​អាច​ចាត់ទុកថា​ជា​ការពិត​ទេ ដោយសារ​លោក​អះអាង​ថា បញ្ហា​ទាំងអស់​នោះ គឺ​សុទ្ធសឹងតែ​ជា​រឿង​ធ្លាប់​បាន​កើត​រួចរាល់ និង​ត្រូវបាន​ដោះស្រាយ​រួចរាល់ ។​

​ប៉ុន្តែ យ៉ាងណា​ក៏​ដោយ​លោក​សង្កត់ធ្ងន់​ថា ជាធម្មតា​រាល់​ចំណុច​អវិជ្ជមាន គឺជា​កញ្ចក់​ឆ្លុះបញ្ចាំង​នូវ​អ្វី​ដែល​ខ្វះខាត ក្រុមការងារ​តំណាង​ក្រសួង​នីមួយៗ នឹង​ពិនិត្យ​ដោះស្រាយ​តាម​ករណី​ជាក់ស្តែង ។​

​គូសបញ្ជាក់ថា បើ​តាម​របាយការណ៍​ស៊ើបអង្កេត​ដដែល​ខាងលើ​បាន​ឱ្យដឹងថា តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ ត្រូវបាន​អនុញ្ញាត​ឱ្យ​បើក កាលពី​ឆ្នាំ​២០០៨ ដោយ​រាជរដ្ឋាភិបាល​កម្ពុជា ។ រយៈពេល​១០​ឆ្នាំ​មកនេះ តំបន់​នេះ​បាន​ទទួល​រោងចក្រ សហគ្រាស ចំនួន​១២៥​កំពុងតែ​ដំណើរការ ។ ប៉ុន្តែ​កម្មករ និង​សហជីព​និយាយថា រោងចក្រ​ស្ទើរតែ​ទាំងអស់ គឺ​មាន​ការរើសអើង​សហជីព​ឯករាជ្យ ៕

ព័ត៌មានផ្សេងទៀត