ភាពតានតឹងបានផ្ទុះឡើងជាថ្មីរវាងអ៊ុយក្រែននិងរុស្ស៊ី គឺរុស្ស៊ីបានរឹបអូសនាវាកងទ័ពជើងទឹកអ៊ុយក្រែនបីគ្រឿងកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍មុន។ មុនឈានដល់ការឃាត់ឃាំងនាវាអ៊ុយក្រែនទាំងបីគ្រឿង នាវារុស្ស៊ីបានបើកការបាញ់ប្រហាររបួសទាហានអ៊ុយក្រែន៦នាក់ផងដែរ។ ម្ខាងៗចោទដាក់គ្នាទៅវិញទៅមកជុំវិញករណីនេះ រហូតប្រធានាធិបតីអ៊ុយក្រែនប្រកាសដាក់ចេញនូវច្បាប់អាជ្ញាសឹកក្នុងប្រទេស។ មានសំណួរជាច្រើនបានចោទសួរឡើងថា កាលផ្ទុះសង្គ្រាមនៅតំបន់ភាគខាងកើតអ៊ុយក្រែន កាលនោះអ៊ុយក្រែនចោទថាកងទ័ពរុស្ស៊ីរាប់ពាន់នាក់ និងរថក្រោះរុស្ស៊ីរាប់រយគ្រឿងឈ្លានពានចូលទឹកដី ចុះហេតុអ្វីមិនប្រកាសច្បាប់អាជ្ញាសឹក? តែការប៉ះទង្គិចគ្នាតិចតួចនៅដែនសមុទ្រពេលនេះ ម៉េចបានជាចេញច្បាប់អាជ្ញាសឹកទៅវិញ? ពិតជាមានរឿងអ្វីនៅពីក្រោយឬយ៉ាងណា?
ជាបន្ដសូមស្ដាប់សេចក្ដីរាយការណ៍ពីពេញ ផេង នៅក្នុងនាទីវិភាគព្រឹត្ដិការណ៍អន្ដរជាតិដូចតទៅ៖
សំឡេង៖
ឧបទ្ទវហេតុផ្ទុះអាវុធនិងការឃាត់ឃាំងនាវាកងទ័ពជើងទឹកអ៊ុយក្រែនបីគ្រឿងធ្វើឡើងដោយរុស្ស៊ី កំពុងក្លាយជាប្រធានបទក្ដៅថ្មីមួយទៀតរវាងប្រទេសទាំងពីរ។ កាលពីថ្ងៃទី២៥វិច្ឆិកានាវាយោធាអ៊ុយក្រែនបីគ្រឿងបានព្យាយាមបើកឆ្លងកាត់ដែនទឹកKerch ជាដែនភ្ជាប់សមុទ្រខ្មៅទៅនឹងសមុទ្រអាហ្សូវ ហើយក៏ជាដែនខណ្ឌចែកតំបន់គ្រីមេពីដែនដីរុស្ស៊ី។ រុស្ស៊ីថានាវាយោធាអ៊ុយក្រែនមិនបានជូនដំណឹងពីចេតនានៃការឆ្លងកាត់ដែនទឹកមួយនេះទេ ដែលធ្វើដូច្នេះរំលោភលើសន្ធិសញ្ញាចុះហត្ថលេខារួមគ្នាកាលពីឆ្នាំ២០០៣ ស្ដីពីការប្រើប្រាស់ដែនទឹករួម។ ប៉ុន្ដែអ៊ុយក្រែនបានបកស្រាយថា កងកម្លាំងរុស្ស៊ីបានបើកការវាយប្រហារដោយបំពានលើពួកគេតែម្ដង។
ក្រោយកើតហេតុប្រធានាធិបតីអ៊ុយក្រែនលោកPetro Poroshenko បានថ្កោលទោសរុស្ស៊ីនិងប្រកាសចេញច្បាប់អាជ្ញាសឹករយៈពេល៦០ថ្ងៃ ដើម្បីការពារផលប្រយោជន៍ ការពារប្រជាជន និងការពារប្រទេសជាតិ។ ប៉ុន្ដែដោយសារច្បាប់អាជ្ញាសឹករយៈពេល៦០ថ្ងៃប្រឈមនឹងការតវ៉ាជាសាធារណៈ ពីផលប៉ះពាល់ដែលអាចកើតមានឡើងលើការបោះឆ្នោតនៅខែមីនាឆ្នាំក្រោយ លោកប្រធានាធិបតីក៏ស្នើឲ្យសមាជិកសភាគាំទ្រច្បាប់អាជ្ញាសឹករយៈពេល៣០ថ្ងៃវិញ។ លោកPoroshenkoស្នើឲ្យអង្គការណាតូនិងសហភាពអឺរ៉ុបជួយអន្ដរាគមន៍ផងដែរ និងចាត់ទុកហេតុការណ៍ពេលនេះជាការឈ្លានពានដ៏គ្រោះថ្នាក់បំផុត។
ការប្រកាសច្បាប់អាជ្ញាសឹករបស់លោកប្រធានាធិបតីអ៊ុយក្រែនPetro Poroshenko កំពុងមានសំណួរសំខាន់ៗជាច្រើនត្រូវអ្នកវិភាគលើកឡើង ចោទសួររកមូលហេតុ។ តាមពិតក្នុងអំឡុងឆ្នាំ២០១៤-២០១៥ រុស្ស៊ីនិងអ៊ុយក្រែនក៏មានការប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរ ដូចជារុស្ស៊ីក្ដោបក្ដាប់យកតំបន់គ្រីមេរបស់អ៊ុយក្រែន សង្គ្រាមនៅតំបន់ភាគខាងកើតប្រទេសអ៊ុយក្រែនសម្លាប់មនុស្សរាប់សិបនាក់។ កាលនោះប្រធានាធិបតីអ៊ុយក្រែនចោទថាកងទ័ពរុស្ស៊ីរាប់ពាន់នាក់ និងរថក្រោះរុស្ស៊ីរាប់រយគ្រឿង បានឈ្លានពានចូលទឹកដីអ៊ុយក្រែន ចុះហេតុដូចម្ដេចបានជាលោកមិនប្រកាសចេញច្បាប់អាជ្ញាសឹក បែរជាចេញនៅពេលនេះគ្រាន់តែប៉ះទង្គិចតិចតួចទៅវិញ?
មានការបកស្រាយផ្សេងៗគ្នា អ្នកខ្លះថាភាពតានតឹងរវាងរុស្ស៊ីជាមួយអ៊ុយក្រែននៅដែនសមុទ្រ ជាផែនការរៀបចំទុកជាមុន ជាវិធីសាស្ដ្រមួយមានបំណងមិនឲ្យការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅឆ្នាំក្រោយអាចធ្វើទៅបាន ព្រោះលោកប្រធានាធិបតីPetro Poroshenkoកំពុងធ្លាក់ប្រជាប្រិយភាពខ្លាំង។ បើតាមការស្ទង់មតិឃើញថាការគាំទ្រលោកធ្លាក់ចុះ ហើយនៅពីក្រោយបេក្ខជនគណបក្សប្រឆាំង។ ជាការពិតដែលត្រូវដឹងថានៅពេលស្ថិតក្នុងស្ថានភាពសង្គ្រាម នោះអាចជួយដល់ការក្ដោបក្ដាប់អំណាចរបស់មេដឹកនាំ ក្រោមលេសការពារប្រទេសជាតិពីភាពវឹកវរនិងការគំរាមកំហែងពីខាងក្រៅ។
ច្បាប់អាជ្ញាសឹកផ្ដល់អំណាចយ៉ាងធំធេងដល់រដ្ឋាភិបាលអ៊ុយក្រែន ក្នុងការកំណត់សេរីភាពស៊ីវិលរួមទាំងសេរីភាពសារព័ត៌មាន និងសេរីភាពនៃការជួបជុំ។ មានន័យថាការចេញផ្សាយព័ត៌មាននានា មិនថាកាបោះពុម្ពឬតាមទូរទស្សន៍ អាចត្រូវបិទប្រសិនបើរដ្ឋាភិបាលគិតថាជាការគំរាមកំហែងសន្ដិសុខជាតិ។ ច្បាប់អាជ្ញាសឹកក៏អនុញ្ញាតឲ្យអាជ្ញាធរហាមឃាត់ការធ្វើបាតុកម្មអហិង្សានិងសកម្មភាពប្រមូលផ្ដុំទ្រង់ទ្រាយធំផ្សេងៗទៀត ដែលគិតថាជាការគំរាមកំហែង។ ទីក្រុងគៀវអាចដាក់កំហិតលើការធ្វើដំណើររបស់ប្រជាជន និងហាមឃាត់មិនឲ្យពួកគេចាកចេញទៅក្រៅប្រទេសឡើយ។
អ្នកខ្លះទៀតលើកឡើងថា លោកប្រធានាធិបតីPetro Poroshenko កំពុងទាញការចាប់អារម្មណ៍ពីប្រទេសលោកខាងលិច មុនកិច្ចប្រជុំG20ចាប់ផ្ដើមក្នុងប្រទេសអាហ្សង់ទីនសប្ដាហ៍នេះ ពិសេសគឺមុនកិច្ចជំនួបកំពូលរវាងប្រធានាធិបតីអាមេរិកជាមួយប្រធានាធិបតីរុស្ស៊ី។ ការចាត់វិធានការមុនពេលបោះឆ្នោតដូច្នេះ អាចជាសញ្ញាដែលថាលោកPoroshenkoដឹងច្បាស់ថា តំណែងប្រធានាធិបតីរបស់លោកបានបរាជ័យ។ រយៈពេល៥ឆ្នាំមកហើយប្រជាជនអ៊ុយក្រែនឥលូវនេះ កំពុងស្ថិតក្នុងចំណោមប្រទេសក្រីក្របំផុតក្នុងពិភពលោក ខណៈអំពើពុករលួយកំពុងកើនឡើង។ លោកPoroshenkoទំនងជាចង់ក្ដោបក្ដាប់អំណាចដោយប្រើល្បិចកលគ្រប់យ៉ាង ហើយលោកខាងលិចបិទភ្នែកធ្វើមិនឃើញ។ យុទ្ធនាការរបស់លោកPoroshenko ពឹងផ្អែកទាំងស្រុងលើការគាំទ្រផ្នែកយោធា។ ពាក្យស្លោកនៃយុទ្ធនាការរបស់លោកគឺកងទ័ព ភាសា និងសាសនា។ ដូច្នេះមិនមានអ្វីប្លែកទេដែលលោកអាចប្រើប្រាស់យោធា ដើម្បីបង្កើនពិន្ទុនយោបាយ៕