អាមេរិក​​គាំទ្រ​​ជំហរ​កម្ពុជា​​ដែល​សន្យា ​មិន​ឲ្យមាន​​មូលដ្ឋាន​​យោធា​បរទេស ​លើ​ទឹកដី​ខ្លួន​​

27-11-2018 2:40 pm 1040
  ស្តាប់
ឯកអគ្គរដ្ឋទូត​ផុត​អាណត្តិ​របស់​សហរដ្ឋអាមេរិក លោក​William A. Heidt និងលោក​នាង ផាត រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ
ស្តាប់ជាសំឡេង

​ក្នុងជំនួប​ជាមួយ​លោក​នាង ផាត រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ ឯកអគ្គរដ្ឋទូត​ផុត​អាណត្តិ​របស់​សហរដ្ឋអាមេរិក លោក​William A. Heidt បាន​ពិភាក្សា​ពី​បញ្ហា​ប្រឈម និង​ឱកាស ក្នុង​ការកសាង​ឡើងវិញ​នូវ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​យោធា​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក ក្នុងពេលដែល​ប្រទេស​កម្ពុជា កាលពី​ខែមករា ឆ្នាំ​២០១៧ បាន​ផ្អាក​នូវ​សមយុទ្ធ​យោធា​ទាំងអស់ ជាមួយ​សហរដ្ឋអាមេរិក​។ លោក​William A. Heidt ក៏បាន​ប្រកាស​ស្វាគមន៍ នូវ​សេចក្តីថ្លែងការណ៍​ជា​សាធារណៈ របស់​រដ្ឋាភិបាល​កម្ពុ​ជា ដែល​អះអាងថា កម្ពុជា​នឹងមិន​អនុញ្ញាតឲ្យ​មាន​មូលដ្ឋា​ន​យោធា​បរទេស​ណាមួយ លើ​ទឹកដី​កម្ពុជា​នោះឡើយ​។​

​សេចក្តីថ្លែងការណ៍​មួយ​របស់​កម្ពុជា ធ្វើឡើង បន្ទាប់ពី​សារព័ត៌មាន Asia Times បាន​ចុះផ្សាយ​ថា កម្ពុជា​អនុញ្ញាតឲ្យ​ចិន​កសាង​មូលដ្ឋាន​ទ័ពជើងទឹ​កនៅ​ខេត្តកោះកុង​។ រដ្ឋាភិបាល​កម្ពុជា ចាត់ទុក​អត្ថបទ​របស់​កាសែត​ភាសា​អង់គ្លេស ឌឹ អេ​ស៊ា ថា​មស៍ (The Asia Times) ដែល​សរសេរថា កម្ពុជា​អាច​ក្លាយជា​ចំណុចកណ្តាល​នៃ​សង្គ្រាមត្រជាក់​ថ្មី​មួយទៀត​រវាង​អាមេរិក និង​ចិន​នោះ​ថា ជា​អត្ថបទ​បំផ្លើស ខុសពី​ការពិត និង​បង្កប់​ចេតនា​ទុច្ចរិត​។ 

​ក្រោយ​ការចុះផ្សាយ អនុ​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក Mike Pence ក៏បាន​សរសេរ​លិខិតផ្លូវការ​មួយច្បាប់​ប្រាប់​ទៅ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក​ហ៊ុន សែន អំពី​កង្វល់​ចំពោះ​ព័ត៌មាន​នេះ និង​ព្រមាន​ថា បើ​មានរឿង​បែបនេះ​កើតឡើង​មែន​នោះ ការណ៍​នេះ​នឹង​ធ្វើឲ្យប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ទំនា​ក់​ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ កម្ពុជា អាមេរិក មិន​ខាន​។​

​រដ្ឋាភិបាល​កម្ពុជា បាន​តប​វិញ​ថា នេះ​គ្រាន់តែ​ជា​លេស​មួលបង្កាច់ និង​ចង់​ទម្លាក់កំហុស​ដាក់​រដ្ឋាភិបាល​កម្ពុជា​តែប៉ុណ្ណោះ​៕


ព័ត៌មានផ្សេងទៀត