«​កំពង់សោម​ដួងចិត្ត​»​ទំនងលែង​ឋិត​ក្នុង​ចិត្ត​​ពលរដ្ឋ​ខ្មែរ​​ដូច​​មុន​?​

27-11-2018 12:51 pm 4618
  ស្តាប់
រូបតោ២ តំណាងឱ្យខេត្តព្រះសីហនុ។
ស្តាប់ជាសំឡេង

​ខេត្ត​ព្រះសីហនុ ជា​ខេត្ត​ធំ​បង្អស់​នៅ​ប៉ែក​ខាងត្បូង​នៃ​កម្ពុជា​។ ខេត្ត​នេះ​បង្កើត​ថ្មី​នៅ​ឆ្នាំ ១៩៦៤ ដើម្បី​រំលឹក​ដល់​ស្នា​ព្រះ​ហ​ស្ថ​របស់​ព្រះបាទ នរោត្តម​សីហនុ​។ ឈ្មោះ​ដើម​របស់​ក្រុងព្រះសីហនុ មុន​ឆ្នាំ​១៩៦៤​គឺ ខេត្ត​កំពង់សោម ។ កំពង់សោម ជា​ទីក្រុង​កំពង់​ផែ​សមុទ្រ​ធំ​បង្អស់ នៅ​ឆ្នេរសមុទ្រ​របស់​កម្ពុជា និង មាន​ឆ្នេរដ៏​ស្រស់ស្អាត​ជាច្រើន សម្រាប់​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង អន្តរជាតិ​ទៅ​កំសាន្ត ពេល​សម្រាក​ពី​ការងារ​។ ប៉ុន្តែ​ពេលនេះ​កំពង់សោម ត្រូវបាន​គេ​ត្អូញត្អែ​ថា លែង​ឋិត​ក្នុង​ដូង​ចិត្ត​របស់​ពលរដ្ឋ​ខ្មែរ​ទៀតហើយ ដោយសារតែ​កំណើន​ជន​ជាតិចិន និង បញ្ហា​អសន្តិសុខ​មួយចំនួន​។​

​បទ​ចម្រៀង​មួយ​បទ​មាន​ចំណង់ជើង​ថា «​កំពង់សោម​ដួងចិត្ត​»​ច្រៀង​ដោយ​លោក ណូយ វ៉ាន់ណេត អ្នកចម្រៀង​ជើងចាស់​។ ក្នុង​បទ​ម្រៀង​នេះ អ្នកនិពន្ធ​បាន​រាប់​ពី​ឆ្នេរ​ធម្មជាតិ​ដ៏​ស្រស់ស្អាត​របស់​ក្រុង​កំពង់សោម ក្នុង​ខេត្ត​ព្រះសីហនុ​។ ការរៀបរាប់​ក្នុង​អត្ថន័យ​នៃ​បទ​ចម្រៀង មិន​ខុស​នឹង​រូបភាព​ជាក់ស្តែង​នោះ​ឡើង​។​

​ខេត្ត​ព្រះសីហនុ ស្ថិតនៅ​ពាក់កណ្តាល ចន្លោះ​ប្រទេស​ថៃ និង វៀតណាម ។ ជា​កន្លែង​ដែល​គួរឱ្យ​ចាប់អារម្មណ៍​សម្រាប់​ទេស​ចរ​ជាតិ និង ទេសចរ​អន្តរជាតិ​។​ជា​ខេត្ត​តូច និង មាន​ឆ្នេរសមុទ្រ​ច្រើន​ហើយ​ស្ថិតនៅក្នុង​តំបន់​ត្រូពិច​ក្តៅ និង សើ​ម ងាយស្រួល​សម្រាប់​ដើរ​កំសាន្ត​។ ក្នុង​ខេត្ត​មាន​ឆ្នេរសមុទ្រ​ស្រស់ស្អាត​ដូចជា ឆ្នេរសមុទ្រ​ឯករាជ្យ ( អូរ​តែ​ល​ប្រាំពីរ​ជាន់​) ឆ្នេរ​សុខា ឆ្នេរ​អូរ​ឈើទាល អូរត្រេះ ឆ្នេរ​ហា​វៃ ឆ្នេរ​ម្លប់ជ្រៃ ទឺ​កធ្លាក់​ក្បាលឆាយ​ជាដើម​។ ឆ្នេរសមុទ្រ​ដែលមាន​ការពេញនិយម​ជាងគេ គឺ​ឆ្នេរ​អូ​ឈឺ​ទាល ឆ្នេរ​សុខា ឆ្នេរ​ឯករាជ្យ និង ឆ្នេរ​ជ័យជំនះ​។

​ជាទូទៅ​ភ្ញៀវទេសចរ​អាច​មុជទឹក​នៅក្បែ​រកោះ សម្រាក​លំហែកាយ និង ការ​ស្ទូចត្រី​កំសាន្ត​។ កាល​ដើម​ឡើង មាន​មនុស្ស​ជាច្រើន​ដែល​តែងតែ​ទៅ​ទស្សនា​នៅ​ទីនោះ ពិសេស ភ្ញៀវទេសចណ៍​អន្តរជា​តិ ព្រមទាំង​មាន​ប្រជាពលរដ្ឋ​ខ្មែរ​នៅក្រៅ​ស្រុក និង ក្នុងស្រុក​ផងដែរ​។ ដូច្នេះហើយ​បានជា មាន​បទ​ចម្រៀង​មួយ​មាន​ចំណង់ជើង​ថា «​កំពង់សោម​ដួងចិត្ត​»​។​

​ប៉ុន្តែ​មក​ពេលនេះ «​កំពង់សោម​ដួងចិត្ត​» ហាក់ដូចជា​ក្នុង​មន្ទិល​នៅ​ឡើង​។ មន្ទិល​ត្រង់​ថា ពលរដ្ឋ​មួយចំនួន​ហាក់​លែង​ហ៊ាន​ទៅលេង​កំសាន្ត​នៅ​កំពង់សោម​ដូច​មុន​ទៀតហើយ ដោយសារតែ​ចំនួន​ជនជាតិ​ចិន​កាន់តែច្រើន នាំគ្នា​សម្រុក​ទៅ​ខេត្ត​ជាប់​សមុទ្រ​មួយ​នេះ​។ ចំនួន​ជន​ជាតិចិន​កាន់តែច្រើន អ្វីៗ​កាន់តែ​ឡើងថ្លៃ​ដូចជា ផ្ទះសំណាក់ ចំណីអាហារ ការធ្វើដំណើរ ធ្វើឱ្យ​ពលរដ្ឋ​មាន​ជីវភាព​មិនសូ​វធូធា​រមិន​ហ៊ាន​ទៅលេង​ខេត្ត​នេះ​។​

​ក្រៅពី​ទំនិញ ផ្ទះសំណាក់ ស​ណ្ឋ​គា​ឡើងថ្លៃ​កប់​ពពក បញ្ហា​អសន្តិសុខ សណ្តាប់ធ្នាប់ ក៏បាន​កើតមាន​ផងដែរ ភាគច្រើន​បង្កឡើង​ដោយ​ជន​ជាតិចិន​។ កំណើន​ជន​ជាតិចិន​ធ្វើឱ្យមាន​ផលប៉ះពាល់​ផ្សេងៗ​។ ក្នុង​របាយការណ៍​របស់​អភិបាលខេត្តព្រះ​សីហនុ​ចុះ កាលពី​ថ្ងៃទី​២៤ ខែ​មករា ឆ្នាំ​២០១៨   ក្នុង​ឆ្នាំ​២០១៧​ជនបរទេស មក​ស្នើសុំ​សៀវភៅ​ការងារ​ក្នុង​ខេត្ត​ព្រះសីហនុ មាន​ជាង​៦​ពាន់​នាក់ ក្នុងនោះ​ជន​ជាតិចិន​មាន​ចំនួន​ជាង​៤​ពាន់​នាក់​ស្មើនឹង​ប្រមាណ​ជា​៧០​ភាគរយ​នៃ​ជនបរទេស​ចំនួន​៦១​សញ្ជាតិ​។​

​កម្ពុជា​រំពឹងថា​នឹង​ទទួលបាន​អ្នកទេសចរ​ចិន​ប្រមាណ​ជា​២​លាន​នាក់​នៅ​ឆ្នាំ​២០២០​។ កាលពី​ឆ្នាំ​២០១៦ កម្ពុជា​បានទទួល​ទេសចរ​ចិន​ប្រមាណ​៨៣​ម៉ឺន​នាក់​។ ចំណែក​នៅក្នុង​ឆ្នាំ​២០១៧ ទេសចរ​ជន​ជាតិចិន​មក​កម្ពុជា​មាន​ចំនួន​ជាង​៩​សែន​នាក់​។ នេះ​បើ​យោងតាម​តួលេខ​របស់​ក្រសួង​ទេសចរណ៍​កម្ពុជា​។​

​បើតាម​អ្នកជំនាញ កំណើន​ជននេះ បាន​ធ្វើឱ្យប៉ះពាល់​ដល់​ជីវភាព និង ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ខ្មែរ តាមរយៈ​ការរកស៊ី និង បើក​បន​ល្បែង​កាស៊ីណូ ប្រើ​ពាក្យសម្ដី​អសីលធម៌ ស្រែក​ឡូឡា មិន​គោរព​ច្បាប់​កម្ពុជា​ជាដើម​។ កត្តា​ទាំងនេះ បានធ្វើឱ្យ​ពលរដ្ឋ​ខ្មែរ និង ជនបរទេស​មួយចំនួន​លែង​នាំគ្នា​ទៅលេង​ខេត្ត​ព្រះសីហនុ​។​

​ជាក់ស្តែង​ក្នុង​ព្រះរាជ​ពិធី​បុណ្យអុំទូក រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​២១ ដល់​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ ភ្ញៀវទេសចរ​មក​កម្សាន្ត​ខេត្ត​ព្រះសីហនុ មាន​ការថយចុះ​ជាង​២៥​ភាគរយ ភាគច្រើន​ជា​ភ្ញៀវ​ជាតិ ខណៈ​ភ្ញៀវ​អន្តរជាតិ​កើនឡើង​។

​ជារួម​ទទួលស្គាល់ថា កំណើន​ជនបរទេស​មក​កម្ពុជា វា​ជា​ផ្នែក​នៃ​សេដ្ឋកិច្ច ប៉ុន្តែ​បើ​កម្ពុជា​មិនមាន​វិធានការ​តឹងរឹង​លើ​ការ​គ្រប់​គ្រោង​ជនបរទេស​ត្រឹមត្រូវ​ទេ កម្ពុជា​អាច​នឹង​គ្រោះថ្នាក់​ដោយ​ប្រការ​ណាមួយ​។​ដូច្នេះ​ដើម្បី​បំបាត់​បញ្ហា​នេះ អាជ្ញាធរ​ខ្មែរ គួរតែមាន​ការពិនិត្យ​ពិច្ច័យ​ពី​វត្តមាន​ជនបរទេ​ស ដែលជា​មុខសញ្ញា​បង្ក​ការលំបាក​ដល់​សង្គម​ខ្មែរ​។

​ការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់ និង វិធានការ​ក្តៅ ដើម្បី​ឆ្លើយ​បត​ភ្លាម​នឹង​ព្រឹត្តិការណ៍​ដែល​ផ្ទុះឡើង សុទ្ធសឹងតែ​ជាការ​ចង់ឃើញ​ពី​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុងនាម​ជា​ម្ចាស់​ស្រុក ព្រោះ​វា​ជា​ទំនុកចិត្ត​លើ​ការអនុវត្ត​ច្បាប់​របស់​អាជ្ញាធរ​។​ជាមួយគ្នានេះ​អាជ្ញាធរ​ក៏​មិនអាច​មើលរំលង​ពី បញ្ហា​ឡើងថ្លៃ​ផ្ទះសំណាក់ ម្ហូបអាហារ និង សេវា​ផ្សេងៗ​។​ការពិនិត្យ គឺ​ដើម្បី​ឱ្យមាន​តុល្យភាព​រវាង​អ្នកទេសចរ​មាន​លុយ និង អត់លុយ ក្នុងការ​មក​កំសាន្ត​នៅ​ក្រុង​កំពង់សោម​នៃ​ទឹកដី​កម្ពុជា​៕

(ដោយ ​គួន សំបូរ)

 ពាក្យគន្លឹះ  ខេត្តព្រះសីហនុ

ព័ត៌មានផ្សេងទៀត