ក្រសួងទេសចរណ៍​ចេញ​សារាច​រ​៧​ចំណុច​ដើម្បី​ពង្រឹង​គុណភាព​និង​សេវាកម្ម​ក្នុង​ពិធីបុណ្យ​សមុទ្រ​

26-11-2018 6:43 pm 687
  ស្តាប់
ស្តាប់ជាសំឡេង

​ក្រសួង​ទេសចរណ៍ បាន​ចេញ​សារាចរ​ណែនាំ​ចំនួន ៧​ចំណុច ស្តីពី​ការ​ពង្រឹងគុណភាព សេវាកម្ម អាជីវកម្ម ឧស្សាហកម្ម​ទេស​ចរណ៍ សម្រាប់​ការអបអរ​ពិធីបុណ្យ​សមុទ្រ​លើក​ទី ៧ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៤ ដល់​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០១៨ នៅ​ខេត្ត​កោះកុង​។​

​សារាចរ​ណែនាំ​ទាំង​៧​ចំណុច​នោះ​រួមមាន​៖

១.​អំពី​សោភ័ណភាព​ទូទៅ សណ្តាប់ធ្នាប់ និង​អនាម័យ ក្រសួង​ស្នើអោយ​គ្រប់ ទីតាំង​អាជីវកម្ម​ទាំងអស់ ត្រូវ​រៀបចំ​ការតុបតែង​លំអ បង្ហាញ​ពី​លក្ខណៈ​វប្បធម៌ ប្រពៃណី​ខ្មែរ បំពាក់​ភ្លើង​បំភ្លឺ​នៅ​ពេលយប់ និង​ត្រូវ​លើក​ស្លាក​យីហោ​ធំៗ​ជា​ភាសា​ខ្មែរ ហើយ​នៅ​ខ្លោងទ្វារ​ចូល​ខាងមុខ ត្រូវ​មាន​ស្លាក ឬ​បដា​អបអរសាទរ​ពិធីបុណ្យ​សមុទ្រ​។​ចំណែក​ចំណត​យានជំនិះ ត្រូវ​រៀបចំ​អោយបាន​ត្រឹមត្រូវ បំពាក់​ស្លាក​សម្គាល់ មាន​បុគ្គលិក​ប្រចាំការ និង​អនុវត្ត​តាម​ការចង្អុល​បង្ហាញ​របស់​អាជ្ញាធរ​មូលដ្ឋាន​។​

២.​គុណភាព​សេវាកម្ម និង​បដិសណ្ឋារកិច្ច ចំពោះ​ផលិតផល និង​សេវាកម្ម​ត្រូវ​មាន​គុណភាព ផាសុខភាព អនាម័យ សុវត្ថិភាព​។​បុគ្គលិក​ត្រូវ​ឆ្លងកាត់​វគ្គ​បណ្តុះបណ្តាល ត្រូវមាន​ឯកសណ្ឋាន​ជា​លក្ខណៈ​ប្រពៃណី​ខ្មែរ ឬ​បង្ហាញ​ពី​លក្ខណៈពិសេស​របស់​តំបន់ រឺ​បុណ្យ​សមុទ្រ មាន​ភាព​រួសរាយ​រាក់ទាក់ មាន​ភាព​រហ័សរ​ហួស​បម្រើ​សេវាកម្ម​ជូន​ភ្ញៀវ និង​មាន​អនាម័យ​ខ្លួនប្រាណ​។​

៣.​បញ្ជីរាយនាម​សេវាកម្ម និង​តម្លៃ គឺ​ត្រូវមាន​ដាក់តាំង​បញ្ជីរាយនាម​សេវាកម្ម​នៅ​បរិវេណ​ខាងមុខ​អាជីវកម្ម ឬ​កន្លែង​ទទួលភ្ញៀវ ដោយ​ត្រូវ​សរសេរ​ជា​ភាសា​ខ្មែរ និង​បញ្ជាក់​ពី​ប្រភេទ តម្លៃ​អោយបាន​ច្បាស់លាស់​។​ជា​ពិសេស​ត្រូវ​រក្សា​តម្លៃ​សេវាកម្ម​របស់​ខ្លួន​មិនឲ្យ​លើស​ពី​ថ្ងៃ​ធម្មតា​។​

៤.​ការគ្រប់គ្រង​កាកសំណល់ ត្រូវ​មាន​ការបែងចែក​សំណល់​កែច្នៃ សំណល់​ផ្ទះបាយ និង​សំណល់​ផ្សេងៗ ហើយ​ត្រូវ​ផ្សព្វផ្សាយ​និង​ណែនាំ​ភ្ញៀវ​អំពី​ការកាត់បន្ថយ​ប្រើ​ថង់ប្លាស្ទិក ត្រូវ​ប្រើប្រាស់​ឧបករណ៍ រឺ​សម្ភារៈ​ដែល​អាច​ប្រើប្រាស់​ឡើងវិញ​។​ចំពោះ​អាជីវកម្ម ភោជនីយដ្ឋាន អាហា​រដ្ឋា​ន​ត្រូវមាន​ធុងសំរាម​នៅ​គ្រប់​តុ​។​

៥.​បង្គន់​អនាម័យ ត្រូវ​រៀបចំ​តាម​ស្តង់ដា​បង្គន់​សាធារណៈ​កម្ពុជា មាន​ប្រព័ន្ធ​ប្រព្រឹត្ត​កម្ម​សំណល់​រាវ និង​មាន​បុគ្គលិក​លាង​សម្អាត​ជាប្រចាំ​។​

៦.​មធ្យោបាយ​ដឹកជញ្ជូន យានយន្ត​ដឹក​ភ្ញៀវទេសចរ​ត្រូវ​ធានា​គុណភាព​ស្អាត មិន​អនុញ្ញាត​ឲ្យ​ដឹក​ភ្ញៀវ​លើសពី​កៅអី​កំណត់ ត្រូវ​មាន​ការណែនាំ​ពី​អនាម័យ សុវត្ថិភាព វិធី​បង្ការ​គ្រោះ​ថ្នាក់​ផ្សេងៗ ។​អ្នកបើកបរ​ត្រូវ​មាន​សំលៀក​បំពាក់​សមរម្យ អាកប្បកិរិយា​ថ្លៃថ្នូរ មាន​សុជីវធម៌ ត្រូវមាន​ផែនទី​បង្ហាញផ្លូវ តារាង​តម្លៃ ធុងសំរាម មិន​ត្រូវ​ពិសា​រគ្រឿង​ស្រវឹង ឬ​ពាក់​ព័ន្ធ​គ្រឿងញៀន​ខុសច្បាប់ គោរព​ច្បាប់​ចរាច​រណ៍ ត្រូវមាន​បណ្ណ​បើកបរ វិញ្ញាប​នប័ត្រ​បច្ចេកទេ​សយាន​យន្ត ត្រូវគោរព​លក្ខណៈ​បច្ចេកទេស​យានយន្ត មាន​អាជ្ញា​បណ្ណ​ទេសចរណ៍​។​ចំពោះ​ម៉ូតូ​ឌុប​ទេសចរ អ្នកបើកបរ​ត្រូវ​មាន​អាវកាក់​ដែលមាន​លេខ​សម្គាល់ ត្រូវមាន​មួកសុវត្ថិភាព សម្រាប់​ភ្ញៀវ និង​អ្នកបើកបរ​។​ចំពោះ​ទូក កាណូត ត្រូវ​ត្រួតពិនិត្យ​សុវត្ថិភាព និង​ពោង​សង្គ្រោះ ត្រូវ​មាន​លេខ​សម្គាល់ និង​មាន​អាជ្ញា​បណ្ណ​ទេសចរណ៍​។​

៧.​ចំពោះ​រមណីយដ្ឋាន​ទេសចរណ៍ ត្រូវ​មាន​បំពាក់​ស្លាក​សញ្ញា​សម្គាល់​នៅ​រាល់កន្លែង​កំសាន្ត ឬ​កន្លែង​ផ្តល់​សេវាកម្ម ត្រូវមាន​ផែនទី​បង្ហាញ​អំពី​ផ្នែក​ផ្សេងៗ​របស់​រមណីយដ្ឋាន ច្រកចេញចូល និង​តាម​ផ្លូវបំបែក​នីមួយៗ និង​ត្រូវ​មាន​ការណែនាំ​ពី​សុវត្ថិភាព ចំពោះ​រមណីយដ្ឋាន​ដែល​មាន​កន្លែង​លេង​ទឹកជ្រោះ និង​តំបន់​ព្រៃភ្នំ​៕

ព័ត៌មានផ្សេងទៀត