សភាពការណ៍​ផ្សេងៗ​ដែល​កើតឡើង​ក្នុង​ពិធី​បុណ្យ​អុំទូក​រយៈពេល​បី​ថ្ងៃ​

25-11-2018 10:45 am 686
  ស្តាប់
ស្តាប់ជាសំឡេង


​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ និង​អន្តរជាតិ បាន​ចេញ​របាយការណ៍​បូក​សរុប​សភាពការណ៍ និង​កិច្ចសហប្រតិបត្តិកា​រ​រយៈពេល ៣​ថ្ងៃ នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទុក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក ដែល​បាន​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៨​។

​នៅក្នុង​របាយការណ៍​បាន​បង្ហាញ​អោយដឹងថា រយៈពេល​បី​ថ្ងៃ នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក មាន​ប្រជាពលរដ្ឋ​ចូលរួម​កំសាន្ត​សប្បាយ​ប្រមាណ​ជា​៤,៥​លាន​នាក់ ។​ចំពោះ​ទូក​ដែល​ចូលរួម​ប្រកួតប្រជែង​មាន​ចំនួន ២៩៥​ទូក​(​ទូក​អន្តរជាតិ ៩៨​ទូក ស្រី​២​ទូក​) ដែល​មាន​ចំណុះ​ទូក​សរុប ១៩,០១៧​នាក់​។​

​របាយការណ៍​ដដែល​បាន​បញ្ជាក់បន្ថែម​ថា ចំពោះ​សភាពការណ៍​សន្តិសុខ​រយៈពេល ៣​ថ្ងៃ សមត្ថកិច្ច​បាន​ឃាត់ខ្លួន និង​អប់រំ​ពលរដ្ឋ ៣៣​នាក់ ដែល​បាន​ពាក់​អាវ​ដែល​មាន​អក្សរ POLICE និង ARMY ដកហូត​អាវ និង​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​វិញ​។​ចំណែក​សភាពការណ៍​ប​ទ​ល្មើស​បាន​កើតឡើង ៨​លើក​ឃាត់ខ្លួន ៣​នាក់​ក្នុងនោះ​ករណី​លួច ៥​លើក ឆក់ ២​លើក ហិង្សា​ដោយ​ចេតនា ១​លើក បាត់​ម៉ូតូ ២​គ្រឿង ទូរស័ព្ទដៃ ១​គ្រឿង និង​សម្ភារ​មួយចំនួនទៀត​។​ចំពោះ​សកម្មភាព​ល្មើស​ផ្សេងៗ​វិញ ឃាត់ខ្លួន​អប់រំ​ចំនួន ៨​នាក់ ក្នុង​នោះ​ជិះ​បំពាន​ប៉ា​រ៉ា​ស​សមត្ថកិច្ច ៤​នាក់ បង្ហោះ​ដ្រូ​ន​(Drone) ៣​នាក់​(​ចិន​២​នាក់​) និង​ដើរ​យក​ភាស៊ី​តាម​ស្តង់​លក់​ដូរ ១​នាក់ ដោយ​គ្មាន​ការអនុញ្ញាត​។​

​ចំណែក​សភាពការណ៍​គ្រោះថ្នាក់​ផ្សេងៗ ក្នុង​តំបន់​ប្រារព្ធ​ពិធី​បុណ្យ កើតឡើង​ចំនួន ២៧​លើក ក្នុងនោះ​លិច​ទូក​១១​គ្រឿង សង្គ្រោះ​កីឡា​ទូក​បាន​ចំនួន ១១៥​នាក់ ដោយ​សុវត្ថិភាព ខ្យល់គរ ៤​លើក ផ្ទុះ​កំប៉ុង​ហ្គាស ១០​លើក របួស​ម្នាក់ គ្រោះថ្នាក់​ចរាចរណ៍ ១​លើក ឡាន​ឆ្លង​ចរន្ត​អគ្គិសនី ១​លើក  ។​

​ដោយឡែក​ចំពោះ​លទ្ធផល​ប្រតិបត្តិការ អន្តរាគមន៍ និង​សង្គ្រោះ ក្រុម​គ្រូពេទ្យ​បាន​ជួយ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ដល់​ប្រជាពលរដ្ឋ​ចំនួន ២៥,២៩៧​នាក់ និង​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​ចំនួន ៤៩​នាក់​។​ជួយ​សង្គ្រោះ​អ្នក​វង្វេង​គ្រួសារ ១៨២​នាក់ ស្រី​៥៩​នាក់​(​ក្មេង ១៧៣​នាក់ មនុស្ស​ចាស់ ៨​នាក់ )​។​ក្នុងនោះដែរ មាន​ករណី​កីឡាករ​អុំទូក​ប្រទះឃើញ​ក្បាល​គ្រាប់​ត្បាល​ទំហំ ៨១​មី​លី​ម៉ែត្រ (​មិន​ទាន់​ផ្ទុះ​)​នៅ​ចំណុច​ច្រាំង​ទន្លេសាប ទល់មុខ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ជ្រោយចង្វារ រាយការណ៍​ជូន​សមត្ថកិច្ច និង​CMAC  យក​មក​រក្សាទុក​កន្លែង​មាន​សុវត្ថិភាព​។​

​ចុះ​អប់រំ​ផ្សព្វផ្សាយ​និង​ណែនាំ ចំពោះ​ការប្រើប្រាស់​សារធាតុ​ផ្ទុះ ឧស្ម័ន​ចំហេះ​ដែល​អាច​បង្ក​ជា​អគ្គីភ័យ ដល់​ម្ចាស់​សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និង​អ្នកលក់ដូរ​ចល័ត ក្នុង​តំបន់​ប្រារព្ធ​ពិធី​ចំនួន ៧២២​គោលដៅ និង​ចែក​ខិតប័ណ្ណ​ចំនួន ១០០៤​សន្លឹក ចុះ​ត្រួតពិនិត្យ និង​ដកហូត​កំប៉ុង​ហ្គាស​ចាស់ៗ​តាម​ស្តង់​លក់ដូរ​ម្ហូប​បាន​ចំនួន ២៨​កំប៉ុង​។​

សរុប​ជា​រួម​ក្នុង​របាយការណ៍​បាន​វាយតម្លៃថា បរិយាកាស​សន្តិសុខ សណ្តាប់ធ្នាប់​ជាទូទៅ រយៈពេល​បី​ថ្ងៃ​នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក មាន​លក្ខណៈ​ល្អប្រសើរ និង​មាន​ប្រជាពលរដ្ឋ​ចូលរួម​យ៉ាងច្រើន​កុះករ ប្រកបដោយ​ក្តី​រីករាយ​៕

 ពាក្យគន្លឹះ  ពិធីបុណ្យអុំទូក

ព័ត៌មានផ្សេងទៀត