មន្ដ្រីជាន់ខ្ពស់​​អាមេរិក​៖​​ទ័ព​បរទេស​ទាំងអស់​​ត្រូវតែ​ដក​ចេញ​ពី​ស៊ី​រី​​លើកលែងតែ​​ទ័ព​រុស្ស៊ី​

21-11-2018 10:47 am 1472
  ស្តាប់
ទ័ព​បរទេសនៅស៊ីរី
ស្តាប់ជាសំឡេង

​បេសកជន​ពិសេស​អាមេរិក​ទទួលបន្ទុក​កិច្ចការ​ស៊ី​រី លោក​James Franklin Jeffrey បាន​និយាយ​ក្នុង​សន្និសីទកាសែត​មួយ​ថ្មីៗ​នេះ​ថា កងទ័ព​បរទេស​ដែល​កំពុង​ធ្វើ​ប្រតិ​បត្ដិការនៅ​ក្នុងប្រទេស​ស៊ីរី ត្រូវតែ​ដកចេញ​វិញ​ជាបន្ទាន់ លើកលែងតែ​កងទ័ព​រុស្ស៊ី​តែប៉ុណ្ណោះ​។ កន្លងមក​បេសកជន​ពិសេស​អាមេរិក​រូបនេះ ធ្លាប់​ចាត់ទុក​កងទ័ព​បរទេស​ដែល​កំពុង​ធ្វើ​ប្រតិ​បត្ដិការនៅ​ស៊ីរី ដូចជា​កងទ័ព​រុស្ស៊ី អាមេរិក អ៊ីស្រាអែល តួ​ក​គី និង​អ៊ីរ៉ង់ ជា​រឿង​គ្រោះថ្នាក់​មួយ​។ 

​លោក​មិន​ទាមទារ​ឲ្យ​ដកទ័ព​រុស្ស៊ី​ចេញ ក្រោម​ហេតុផល​ថា​រុស្ស៊ី​បានដាក់​មូលដ្ឋានទ័ព​នៅ​ទីនោះ តាំងពី​ស៊ី​រី​មិនទាន់​ផ្ទុះ​សង្គ្រាមស៊ីវិល​ឆ្នាំ​២០១១​មកម្ល៉េះ ដូច្នេះ​ទ័ព​រុស្ស៊ី​អាច​បន្ដ​វត្ដ​មាននៅ​ស៊ី​រី​បាន​។ ដោយឡែក​កងទ័ព​អាមេរិក​វិញ​លោក​Jeffrey​ពន្យល់ថា វត្ដ​មាន​ទ័ព​អាមេរិក​នៅ​ស៊ី​រី​មិន​ត្រឹមតែ​ដើម្បី​កម្ទេច​ក្រុម​រដ្ឋ​អ៊ីស្លាម​ប៉ុណ្ណោះ​ទេ តែ​ក៏​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ផ្នែក​នយោបាយ​មក​បញ្ចប់វិបត្ដិ​ស៊ី​រី និង​ដើម្បី​ធានា​ពី​ការ​ដកទ័ព​បរទេស​ចេញពី​ស៊ី​រី​ឲ្យបាន​ទាំងស្រុង​។​ តែកងកម្លាំង​អន្ដរជាតិ​ដទៃទៀត​ដែលអស់​ភារកិច្ច គួរ​ដល់ពេល​​ត្រូវ​ចាកចេញ​ពី​ទឹកដី​ស៊ី​រីហើយ​។​

​ឆ្លើយតប​នឹង​អ្វីដែល​មន្ដ្រី​អាមេរិក​និយាយ អ៊ីរ៉ង់​បាន​ទទូចថា​គេ​បញ្ជូន​តែ​មន្ដ្រី​ជា​ទីប្រឹក្សាយោធា​ប៉ុណ្ណោះ​ទៅកាន់​ប្រទេស​ស៊ី​រី ហើយ​ធ្វើតាម​ការស្នើសុំ​ពី​ស៊ី​រី​។ ដូច្នេះ​អ៊ីរ៉ង់​នឹង​បន្ដ​រក្សា​មន្ដ្រី​យោធា​នៅក្នុង​ប្រទេស​ស៊ី​រី​ដដែល ដរាបណា​នៅមាន​តម្រូវការ​។ ចំណែក​កងទ័ព​អាមេរិក​បច្ចុប្បន្នកំពុង​ធ្វើ​ប្រតិ​បត្ដិការនៅ​ក្នុង​តំបន់​ដែល​គ្រប់គ្រង​ដោយ​ក្រុមឃឺ​ដ​។ វត្ដ​មាន​កងទ័ព​អាមេរិក​នៅ​ស៊ី​រី​គ្មាន​ការបញ្ជា​ពី​អង្គការសហប្រជាជាតិ ឬក៏​ការយល់ព្រម​ពី​រដ្ឋាភិបាល​ទេ​។​

​នៅក្នុង​សន្និសីទកាសែត​លោក​បេសកជន​ពិសេស​ក៏​លើកឡើង​ពី​ប្រធានាធិបតី​ស៊ី​រី លោក​Bashar Assad​ផងដែរ​។ លោក​ថា​ទៅ​ថ្ងៃ​អនាគត​លោក​Assad​មិនគួរ​នៅ​គ្រប់គ្រង​ប្រទេស​ស៊ី​រី​ទៀត​ទេ តែ​ការសម្រេចចិត្ដ​ផ្លាស់ប្ដូ​រ​មេដឹកនាំ​ថ្មី​ស៊ីរី មិនមែនជា​ដែនសមត្ថកិច្ច​របស់​អាមេរិក​ជា​អ្នកសម្រេច​ឡើយ​៕

 ពាក្យគន្លឹះ  អាមេរិកស៊ីរីដកទ័ព

ព័ត៌មានផ្សេងទៀត