រឿង​មូលដ្ឋានទ័ព​បរទេស​៖ លោក​ហ៊ុន សែន ប្រាប់​ទូត​អាមេរិក​សូម​កុំ​បារម្ភ​

20-11-2018 3:23 pm 769
  ស្តាប់
ស្តាប់ជាសំឡេង

​ដើម្បី​បញ្ជាក់​ឲ្យ​ច្បាស់​ពី​គោលជំហរ​របស់​កម្ពុជា លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ប្រាប់​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា ចប់​អាណត្តិ​ថា កុំ​ឲ្យ​ព្រួយបារម្ភ​អ្វី​ទាំងអស់ កម្ពុជា​មិន​អនុញ្ញាត​ឲ្យមាន​មូលដ្ឋា​ន​ទ័ព​បរទេស នៅលើ​ទឹកដី​កម្ពុជា​ដាច់ខាត​។​

​ការអះអាង​ពី​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​នេះ ធ្វើឡើង​ក្នុង​ឱកាស​ដែល​លោក បានអនុញ្ញាត​ឲ្យ​លោក William A. Heidt ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ នៅ​កម្ពុជា ចប់​អាណត្តិ​ចូល​ជួប​សំណេះសំណាល មុនពេល​លោក​ត្រូវ​បញ្ចប់​បេសកកម្ម​ការងារ នៅក្នុង​ប្រទេស​កម្ពុជា ហើយ​នឹង​ត្រូវ​ចាកចេញ​ពី​កម្ពុជា នា​ចុង​ខែ​វិច្ឆិកា​នេះ​។​

​លោក កៅ គឹមហួន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី បាន​ថ្លែង​ប្រាប់​ក្រុម​អ្នកព័ត៌មាន​នៅក្រោយ​ជំនួប​ថា «​នៅក្នុង​ជំនួប​ព្រឹក​នេះ លោកនាយក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ដែរ​ថា នៅលើ​ទឹកដី​កម្ពុជា គឺ​យើង​មិន​អនុញ្ញាត​ឲ្យ​ទ័ព​បរទេស មិន​ថា​ប្រទេស​ណា​នោះ​ទេ មក​ឈរជើង​នៅ​លើ​ទឹកដី​កម្ពុជា​ឡើយ​។ នេះ​គឺ​បានចែង​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា ហាម​ដាច់ខាត​។ ប្រមុខ​រដ្ឋាភិបាល បាន​គូសបញ្ជាក់ លើ​ចំណុច​នេះ កុំឲ្យ​អាមេរិក​មាន​ការ​ឆ្ងល់ ឬ​ព្រួយបារម្ភ​»​។​

​ស្របពេល​ជាមួយ​គ្នា​នោះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់​ដែរ​ថា លោក​បាន​សរសេរ​លិខិត​មួយច្បាប់ ផ្ញើ​ទៅកាន់​អនុ​ប្រធានាធិបតី​អាមេរិក Mike Pence ដោយ​រៀបរាប់​បង្ហាញ​ពី​ជំហរ និង​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា ស្តី​ពី​អធិបតេយ្យភាព និង​ការមិន​អនុញ្ញាត​ឲ្យមាន​មូលដ្ឋា​ន​កងទ័ព​បរទេស​នៅ​កម្ពុជា​។ នេះ​បើ​តាម​ការ​បញ្ជាក់បន្ថែម​ពី​លោក កៅ គឹមហួន​។​

​លោក William A. Heidt ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា ចប់​អាណត្តិ​បាន​សម្តែង​ការជឿជាក់ និង​ទទួលស្គាល់​ប្រសាសន៍​លោកនាយក​រដ្ឋមន្ត្រី ដែល​បាន​បញ្ជាក់​ជុំវិញ ការ​មិន​អនុញ្ញាត​ឲ្យមាន​មូលដ្ឋា​ន​យោធា​បរទេស នៅលើ​ទឹកដី​កម្ពុជា​។ នេះ​បើ​តាម​ការផ្សព្វផ្សាយ​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​។​

គួររម្លឹកថា ថ្លែង​នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី កាលពីថ្ងៃច័ន្ទ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា កម្ពុជា​មិន​អនុញ្ញាត​ដាច់ខាត ឲ្យ​កងទ័ព​បរទេស​ណា មក​បោះ​មូលដ្ឋានទ័ព នៅលើ​ទឹកដី​កម្ពុជា​នោះទេ​។ លោកនាយក​រដ្ឋមន្ត្រី បាន​សង្កត់ធ្ងន់ថា តើ​ចាំបាច់​អី​ដែល​កម្ពុជា ត្រូវ​រំលោភ​រដ្ឋ​ធ​ម្មនុ​ញ្ញា​របស់ខ្លួន​? តើ​ចាំបាច់​អី​ដែល​កម្ពុជា ត្រូវការ​កងទ័ព​បរទេស ដើម្បី​ច្បាំង​ជាមួយ​អ្នក​ណា​?

​ប្រមុខ​រដ្ឋាភិបាល បាន​បន្ថែមថា លោក​មិន​ត្រូវការ​ឲ្យ​បរទេស មក​ច្បាំង​គ្នា​នៅលើ​ទឹកដី​កម្ពុជា​ដូច​កាលពី​អតីតកាល​ទេ  និង​មិន​ត្រូវការ​ឲ្យ​យក​កម្ពុជា ធ្វើ​ជា​ទីលាន​សាកល្បង​មនោគមន៍វិជ្ជា ឬ អាវុធ​ឡើយ​។

សំឡេង​

​ផ្ទុយ​មកវិញ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ថ្លែង​គាំទ្រ​ចំពោះ​ការប្រកួតប្រជែង​របស់​បណ្តា​ប្រទេស​នានា ទៅលើ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម នៅ​កម្ពុជា​។ បន្ថែម​លើ​នេះ លោក​ហ៊ុន សែន បានបញ្ជាក់​ថា កងទ័ព​កម្ពុជា​ដាច់ខាត មិន​ចូលរួម​ក្នុង​កិច្ច​ប្រតិបត្តិការ​យោធា ជាមួយ​ប្រទេស​ណា​ទាំងអស់ លើកលែង​តែ​ក្រោម​ឆ័ត្រ​របស់​អង្គការ​សហប្រជាជាតិ​។​

​សំឡេង​

​ការ​ថ្លែង​ប្រតិកម្ម ពី​ប្រមុខ​រដ្ឋាភិបាល​នេះ ធ្វើឡើង​បន្ទាប់​ពី​សារព័ត៌មាន​ប​រទេស​មួយចំនួន បាន​ផ្សព្វផ្សាយ​ថា កម្ពុជា​បាន​អនុញ្ញាត​ឲ្យ​បរទេស ដែល​ទំនង​សំដៅ​ដល់​ប្រទេស​ចិន ប្រើប្រាស់​ទឹកដី​របស់​ខ្លួន ដើម្បី​ធ្វើ​ជា​មូលដ្ឋាន​យោធា​។​

​ជុំវិញ​បញ្ហា​នេះ លោក​ឈុំ សុជាតិ អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ ក៏​បាន​ចេញ​សេចក្តីថ្លែងការណ៍​ទាត់ចោល នូវ​ការចុះផ្សាយ​របស់​សារព័ត៌មាន​បរទេស​ទាំង​នោះ ដោយ​ចាត់ទុកថា ជា​ព័ត៌មាន​ក្លែងក្លាយ ញុះញង់ ដើម្បី​បំភាន់​សាធារណជន​ជាតិ​-​អន្តរជាតិ ក្នុង​ការបំផ្លាញ ឯករាជ្យ និង​ភាព​អព្យាក្រឹត្យ​អចិន្ត្រៃយ៍ របស់​កម្ពុជា​តែ​ប៉ុណ្ណោះ​៕

ព័ត៌មានផ្សេងទៀត