ប្រវត្តិ​​នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក ​បណ្តែត​ប្រទីប​ សំពះ​ព្រះ​ខែ ​និង​អកអំបុក​​

20-11-2018 11:13 am 2077
  ស្តាប់
ស្តាប់ជាសំឡេង

​ពិធី​បុណ្យអុំទូក បណ្ដែត​ប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក ជា​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ ដែលជា​មរតក​វប្បធម៌​ដូនតា​បាន​បន្សល់ទុក​តាំងពី​សម័យបុរាណ​យូរលង់​ណាស់​មកហើយ​។ សព្វថ្ងៃ ពិធីបុណ្យ​នេះ ត្រូវបាន​ពលរដ្ឋ​ប្រតិបត្តិ​បន្ត​រាល់​ឆ្នាំ និង​ចាត់ទុកថា​ជា​បុណ្យប្រពៃណី​វប្បធម៌​ជាតិ​ដ៏​ធំ​មួយ ក្នុងចំណោម​ពិធីបុណ្យ​សំខាន់ៗ​ជាច្រើន​ទៀត​។​ពិធី​នេះ គេ​ប្រារព្ធ​ធ្វើឡើង​នៅ​ចំពេល​រដូវ​ទឹកសម្រក​ក្នុង​ខែកត្តិក ពេល​ព្រះ​ចន្ទ​រះ​ពេញ​រង្វង់ ត្រូវ​នឹង​ថ្ងៃ​១៥ កើត ខែ​កត្តិក​។​តើ​ពិធី​បុណ្យអុំទូក បណ្ដែត​ប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក មាន​ប្រវត្តិ​យ៉ាងណា​? 

​ព្រះរាជ​ពិធី​បុណ្យអុំទូក បណ្ដែត​ប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក តែង​ប្រព្រឹត្ត​ទៅជា​ផ្លូវការ​រយៈពេល ៣​ថ្ងៃ​នៅ​រាជធានី​ភ្នំពេញ គឺ​ចាប់ផ្ដើម​ពី​ថ្ងៃទី​១៤ កើត ដល់​ថ្ងៃ​១ រោច ខែ​កត្តិក ដោយមាន​បណ្ដែតប្រទីប​នៅ​ពេលយប់ ធ្វើ​នៅតាម​ដង​ទន្លេសាប​នា​កំពង់ផែ​មុខ​ព្រះបរមរាជវាំង​។​

​ប្រវត្តិ​នៃ​បុណ្យអុំទូក មាន​តាំងពី​បរម​បុរាណ​ដ៏​យូរលង់​មកហើយ ដែលមាន​ចងក្រង​នៅក្នុង​ឯកសារ​ប្រវត្តិ​វិទូ និង​មាន​នៅតាម​សិលាចារឹក​នៃ​ប្រាសាទ​អង្គរ​។​
​បុណ្យអុំទូក​មាន​ការបកស្រាយ​ប្លែកៗ​គ្នា​ជាច្រើន ហើយ​ពិធី​ធ្វើ​ក៏​ប្លែកៗ​គ្នា​ដែរ​។​

​សៀវភៅ​ជ័យ​វរ្ម័នទី​៧ នៅក្នុង​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ បាន​ចងក្រង​ថា នៅ​សម័យអង្គ​រនា​គ្រិស្ត​សករាជ សតវត្ស​ទី​១២ នៅ​កម្ពុជា មាន​សេចក្ដីសុខក្សេមក្សាន្ត​រុងរឿង​ណាស់ ដោយ​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ ស្ដេច​ចេញ​ធ្វើសង្គ្រាម​ជើង​ទឹក​ដើម្បី​បង្ក្រាប​ពួក​ចាម ដោយ​កងទ័ព​ទូក​ជា​ចម្បាំង​រំដោះ​ក្រុង​កម្ពុជា ឲ្យ​រួចផុត​ស្រឡះ​ចេញពី​ខ្មាំងសត្រូវ​នៅ​គ្រិស្ដ​សករាជ​១១៧៧ ដល់​ឆ្នាំ​១១៨១ រឿង​ចម្បាំង​គ្រានោះ​មាន​ឆ្លាក់​នៅលើ​ជញ្ជាំង​ប្រាសាទ​បាយ័ន និង​ប្រាសាទបន្ទាយឆ្មារ​។ ក្នុង​ចម្លាក់​នោះ​មាន​កងទ័ព​ទូក​យ៉ាងច្រើន​មហិមា ដែលមាន​ព្រះឆាយាល័ក្ខណ៍​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ ប្រថាប់​ឈរលើ​ទីតាំង​នាវាចម្បាំង​ដោយ​ទ្រង់​ធ្នូ និង​ដំបង​ដ៏​ស្វាហាប់​ក្នុងចំណោម​កងទ័ព​ទូក​ទាំងឡាយ​។​

​គ្រានោះ​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ បាន​បង្រួបបង្រួម​ជាតិ និង​ចំណាយ​ពេលវេលា​រៀបចំ​យុទ្ធសាស្ត្រ​កងទ័ព ដើម្បី​ប្រយុទ្ធប្រឆាំង​ចំពោះ​ពួក​ចាម រហូត​ទទួលបាន​ជ័យជម្នះ ហើយ​ព្រះអង្គ​បាន​ឡើង​គ្រង​រាជសម្បត្តិ​ដឹកនាំ​ប្រទេសជាតិ នៅ​ឆ្នាំ​១១៨១ និង​បានធ្វើឱ្យ​ប្រទេសជាតិ​មាន​ការរីកចម្រើន រុងរឿង​ដល់​កម្រិត​កំពូល​ថែមទៀត​។ 

​ប្រវត្តិសាស្ត្រ​ត្រង់​នេះហើយ ទើប​នាំឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា ប្រារព្ធ​ពិធីបុណ្យ​នេះ​ឡើង ដើម្បី​រម្លឹក​ដល់​គំរូ​វីរភាព​ដ៏​អង់អាច​ក្លាហាន​របស់​កងទ័ពជើងទឹក​របស់​ខ្មែរ ដែល​បាន​រំដោះ​ទឹកដី ឲ្យ​រួច​ផុតពី​ការជិះជាន់​របស់​ពួក​ចាម ដែលជា​ខ្មាំងសត្រូវ​របស់​ខ្មែរ​នា​សម័យ​នោះ​។ 

​ចំណែក​ឯកសារ​ល្បែង​ប្រណាំងទូក​របស់​ក្រុម​ជំនុំ​ទំនៀមទម្លាប់​ខ្មែរ​ដែល​និពន្ធ​ដោយ​លោក​ថាច់ ប៉ែន ហៅ ប៉ាង ជា​អាចារ្យ​នៅ​ពុទ្ធសាសនបណ្ឌិត្យ​រង​ខេត្ត​ឃ្លាំង ទឹកដី​កម្ពុជា​ក្រោម បាន​ចែងថា សម័យ​លង្វែក ព​.​ស​២០៧១ គ​.​ស​១៥២៨ ព្រះបាទ​អង្គចន្ទ​ទី​១ ទ្រង់​តាំង​ពញា​តាត ងារ​ជា​ស្និទ្ធិ​ភូបាល​ជា​ស្ដេចត្រាញ់​នៅ​កម្ពុជា​ក្រោម ស្រុក​បាសាក់​។ ស្ដេច​ត្រាញ់​នេះ​បាន​ចាត់​របៀប​រៀបចំ​ការពា​រ​ស្រុក​ឲ្យមាន​ទាហានជើងទឹក​ចែកជា ៣​ក្រុម​។ ក្រុមទី​១ ហៅ​ទ័ពស្រួច ហាត់​ច្បាំង និង​ទូក​ដែលមាន​ទ្រង់ទ្រាយ​ដូច​ទូកប្រណាំង​សព្វថ្ងៃ​។ ក្រុមទី​២ ហៅ​ទ័ព​ជំនួយ ហាត់​ច្បាំង និង​ទូក​ចែវ​ពីរ​ជួរ​ ដែលមាន​ទ្រង់ទ្រាយ​ដូច​ទូកប្រណាំង​សព្វថ្ងៃ​។ ឯ​ក្រុមទី​៣ ហៅ​ទ័ព​បាសាក់ គឺ​ទូក​ធំ​មាន​ដំបូល​មាន​ចែវ មាន​ក្ដោង​ មាន​ទ្រង់ទ្រាយ​ដូចជា​ទូក​បាសាក់ ហៅ​ទូក​ប៉ុកចាយ តែ​រាង​ស្ដួច​វែង​មាន​ដំបូល​តែមួយ​កាត់​ខាងមុខ ឥត​ជញ្ជាំង ជា​ទូក​ដាក់​ស្បៀងអាហារ​សម្រាប់​កងទ័ព​។​

​របៀប​ហាត់​ចំបាំង​តាម​ទំនៀមទម្លាប់់​ស្តេចត្រាញ់កម្ពុជា​ក្រោម ​មន្ត្រី​៤​ទិស ចតុ​ស្តម្ភ ដែល​នៅក្រោម​ឱវាទ​លោក​សិទ្ធិ​ភូបាល​ស្តេចត្រាញ់ គ្រប់ជំពូក​ដែល​បញ្ញតិ​ច្បាប់​សម្រាប់ស្រុក ។​ល​។ កំណត់​ថ្ងៃពេញបូណ៌មី ខែ​កត្តិត​រដូវ​អកអំ​បុកនោះ មន្ត្រី​ទាំង​៤​ទិស ​ត្រូវ​កេណ្ឌ​ទាហានជើងទឹក ទាំង​ជើងគោក​សមយុទ្ធ មួយថ្ងៃ​មួយ​យប់​រាល់​ឆ្នាំ ។​​ចំណែក​ទាហានជើងទឹក​ឱ្យទៅ​ប្រឡង​ឫទ្ធិ​ឯ​ទន្លេ​ពាម​កន្ថោ​ក្នុង​ខេត្ត​ឃ្លាំង ដ្បិត​ទីនោះ​ជា​ទីប្រជុំ​ទឹក​គ្រប់​ខេត្ត និង​ទៅមក​បាន​ស្រួល ។​

​តាមរយៈ​ប្រភព​ឯកសារ​ទាំងពីរ​នេះ បាន​សន្និដ្ឋានថា ប្រទេស​កម្ពុជា សម័យបុរាណ​ជា​ប្រទេស​មាន​កងទ័ពជើងទឹក​យ៉ាង​ខ្លាំងពូកែ និង​មាន​ពិធី​ហ្វឹកហ្វឺន ពិធី​សមយុទ្ធ​កងទ័ព​នេះ ហើយ​អាចសន្និដ្ឋាន​ទៀតថា ប្រទេស​កម្ពុជា ធ្វើ​ពិធី​នេះ​រៀង​រហូតមក គឺ​ជាប់​តំណ​មកពី​សម័យ​សមយុទ្ធ​ក្នុង​សម័យបុរាណ​នេះឯង ទើប​មាន​ការប្រកួត​ប្រណាំងទូក​ង​ជាប់​មកដល់​សព្វថ្ងៃនេះ​។​

ប្រពៃណី​ខ្លះ​មាន​ប្រវត្តិ​ជាប់ទាក់ទង​យ៉ាង​ជិតស្និទ្ធ​ទៅនឹង​ប្រវត្តិ​នៃ​ព្រះពុទ្ធ​ជា​ម្ចាស់ ។ ប៉ុន្តែ​ការបកស្រាយ​មួយ​ដែល​អាច​យកជាការ​គ្រប់គ្រាន់​គឺ​ក្នុង​បំណង​ដឹងគុណ​ដល់​ព្រះ​គង្គា និង​ព្រះធរណី​ដែល​បានផ្តល់​ដល់​ជីវភាព​រស់នៅ និង​សុខុមាលភាព​ចំពោះ​ទឹកដី​វិញ​ដែល​យើង​នាំគ្នា​ធ្វើឱ្យ​កករ​ល្អក់ ។​

​ការបកស្រាយ​ចុងក្រោយ​នេះ​គឺ​វា​ដូចគ្នា​បេះបិទ​ទៅនឹង​ទំនៀមទម្លាប់​ព្រហ្មញ្ញសាសនា​ហើយក៏​ស្របទៅនឹង​ស្ថានភាព​ភូមិសាស្ត្រ​ជាក់ស្តែង និង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាកសិករ​យើង ។ ពិធី​បុណ្យអុំទូក​ប្រព្រឹត្ត​ទៅនា​ថ្ងៃ ពេញបូណ៌មី​ខែកត្តិក​ស្របទៅនឹង​ពេល​បញ្ចប់​រដូវ​ទឹកជំនន់​ដែល​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​មកនេះ​បានធ្វើឱ្យ​បឹងបួរ ទន្លេ​ទាំងឡាយ​ក្លាយទៅជា​សមុទ្រ​ដ៏​ធំ​ល្វឹងល្វើយ ហើយក៏​បញ្ជាក់ថា​ប៉ុន្មាន​សប្តាហ៍​កន្លងមកហើយ​ដែល​ទឹក​ទន្លេសាប​ហូរ​ត្រឡប់មកវិញ និង​ជាក្តី​បញ្ជាក់ទៀតផង​ថា​ពេលនេះ​ស្រូវ​ក្នុងស្រែ​កំពុងតែ​ទុំ​ហើយ ។​

​នៅពេលដែល​ទឹក​ទន្លេមេគង្គ​លិច​ជន់ ខែ​សីហា ខែវិច្ឆិកា ទឹកជំនន់​ដ៏​សន្ធឹកសន្ធាប់​ហូរ​ស្រោចស្រព​បឹងបួរ​តាមរយៈ​ទន្លេសាប ដែល​ហូរ​ពី​ត្បូង​ទៅ​ជើង ។ ដល់​រដូវ​ទឹក​ស្រក​ដែល​ចាប់ផ្តើម​នៅ​ខែវិច្ឆិកា ទឹក​បឹងបួរ​ហូរ​ត្រឡប់​តាម​ទន្លេសាប ដដែល​ពី​ជើង​មក​ត្បូង​វិញ ។ ទឹកជំនន់​ទន្លេមេគង្គ ពិសេស​ជំនន់​នៅតាម​បឹងបួរ​មាន​ប្រភពពី​ប្រទេស​ទីបេ​ដ៏​សែនឆ្ងាយ បានផ្តល់​ដល់​ជីវភាព​ស្រែចម្ការ​នៅ​ប្រទេស​កម្ពុជា​យើង ។ ដីល្បាប់​ដែល​បាន​ដោយសារ​ទឹកជំនន់ ទន្លេមេគង្គ និង​បឹងបួរ​ទាំងឡាយ​បានធ្វើឱ្យ​ដី​មាន​ជីជាតិ​បង្ក​បាន​នូវ​ធនធាន​សម្បូរបែប​។ ដំណាំ​ទាំងឡាយ​ដែល​កសិករ​ខ្មែរ​ធ្វើតាម​សង្វាក់​នៃ​ទឹកសម្រក​បាន​ផ្តល់នូវ​ផល​យ៉ាងច្រើន​រាំង​ស្កាត់​គ្រោះ​ទុរភិក្ស ។ ដូច្នេះហើយ​បានជា​ដល់​រដូវ​ទឹកសម្រក បុរាណ​ខ្មែរ​យើង​ក៏​កំណត់​យក​ថ្ងៃពេញបូណ៌មី​ខែកត្តិក​រៀងរាល់ឆ្នាំ​រៀបចំ​ពិធី​អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក ដើម្បី​សម្តែង​មនោសញ្ចេតនា​ដឹងគុណ​ចំពោះ ទន្លេមេគង្គ និង​ទន្លេសាប​ដែល​បានផ្តល់​ជីជាតិ​យ៉ាងសំខាន់ បម្រើ​វិស័យ​កសិកម្ម ។​

​ឯ​ប្រភព​ពិធី​បណ្តែតប្រទីប គម្ពីរ​ទា​ថា​វង្ស ភាសាបាលី​ចែងថា ព្រះ​ចង្កូម​កែវ​ទាំង​៤​នៃ​ព្រះសម្មាសម្ពុទ្ធ ប្រតិស្ឋាន​នៅ​ទី​ទាំង​៤​គឺ ៖១-​នៅ​ត្រៃត្រឹង្ស​សួគ៌​,២-​នៅ​ពិភពនាគ​,៣-​នៅ​ស្រុក​គន្ធា​,៤-​នៅ​ទន្ត​បុរះ កលិង្គ​រដ្ឋ​
​ពាក្យ​សរសើរព្រះបាទ យស​បា​ទេ ទាំង​បាលី​ទាំង​សម្រាយ​ចែងថា ព្រះបាទ​នៃ​ព្រះសម្មាសម្ពុទ្ធ​ប្រតិស្ឋាន​នៅ​ទី​ទាំង​៥​ដូច​ក្នុង​ភាណវា​រៈដែរ ។

ដោយហេតុ​មាន​គម្ពីរ​ដីកា​ជា​ប្រភព​យ៉ាងនេះ​បានជា​ពុទ្ធបរិស័ទ ខេ​មរ​ជាតិ​តែង​ធ្វើ​ពិធី​បណ្តែតប្រទីប​នៅ​រាត្រី​ពេញបូណ៌មី​ខែអស្សុជ ក្រោយមក​គេ​ប្រារព្ធ​ធ្វើ​ពិធី​បណ្តែតប្រទីប នៅ​រាត្រី​១៤, ១៥, និង ១​រោច​ខែកត្តិក​បូជា​ចំពោះ​ព្រះ​ចង្កូម​កែវ​នៅ​ពិភពនាគ ព្រះ​ពុទ្ធបាទ​នៅ​ស្ទឹង​នម្ម​ទា និង​នៅ​ទី ឯទៀតៗ​ដូច​ពោល​ខាងលើ ដោយ​ជឿថា ជា​កុសល​យ៉ាង​ធំ​បាន​ផល​យ៉ាង​ប្រសើរ ដើម្បី​សុខ​ចម្រើន រុងរឿង​ដល់​ខ្លួន ដល់​រាស្ត្រ និង​ដល់​ប្រទេសជាតិ ។​

​ចំណែកឯ ប្រភព​ពិធី​បុណ្យសំពះព្រះខែ អក​អំបុក តាម​គម្ពីរ​បរមត្ថ​ទីប​នី​អដ្ឋកថា​ចរិយា​បិដ​ក ភាសាបាលី​ចែងថា​៖ ក្នុង​ដើម​ភទ្ទកប្ប​នេះ​ព្រះ​បរម​ពោធិសត្វ​នៃ​យើង​ទ្រង់​យោង​យកកំណើត​ជា​សស​បណ្ឌិត កំណើត​ជា​ទន្សាយ ថ្ងៃមួយ​ខែពេញបូណ៌មី សស​បណ្ឌិត បាន​អធិដ្ឋាន​ឧបោសថសីល​ហើយ​ឧទ្ទិស​សមំ​សៈជាទាន​បរមត្ត​បារមី​ដើម្បី​បំពេញ ពោធិសម្ភារ​ឱ្យបាន​ត្រាស់​ជា​ព្រះពុទ្ធ ។ ព្រះឥន្ទ​បាន​ទ្រង់​ជ្រាប​ពី​ហេតុការណ៍​នោះ​ក៏​ទ្រង់​កាឡា​ព្រះអង្គ​ជា​ព្រាហ្មណ៍​ចាស់​មកសុំ​មំសា សស​បណ្ឌិត​ជា​អាហារ ។ សស​បណ្ឌិត​ពោធិសត្វ​បានឱ្យ​ព្រា​ហ្ម​ចាស់​នោះ​បង្កាត់ភ្លើង​ភ្នក់ ហើយ​ក្នុងពេលដែល​ភ្លើង​កំពុង​ឆេះ​សន្ធោសន្ធៅ សស​បណ្ឌិត ក៏រ​លាស់​ខ្លួន​បី​ដង​ដើម្បីឱ្យ​សត្វល្អិត​ដែល​ជាប់​នឹង​រោម​ជ្រុះ​ចេញ រួច​ក៏​លោត​ចូលទៅក្នុង​ភ្នក់ភ្លើង​ភ្លាម ។ អស្ចារ្យ​ភ្លើង​នោះ​ពុំបាន​ឆេះ សស​បណ្ឌិត​សោះ ឥន្ទ​ព្រាហ្មណ៍ ក៏​ស្ទុះ​ទៅ​ព​ព្រះ ពោធិសត្វ​ឡើង​ទៅដល់​មណ្ឌល​ព្រះ​ចន្ទ ហើយ​ទ្រង់​យក​ម្នាងសិលា​គូររូប​ទន្សាយ ហើយ​ឥន្ទព្រាហ្មណ៍ អធិដ្ឋាន​ថា​«​សូមឱ្យ​រូប​ទន្សាយ​ពោធិសត្វ​ដែល​យើងខ្ញុំ​គូរ​នេះ​នៅ ជាប់​រហូតដល់​ទីបំផុត​ក​ប្ប​» ។ ដោយ​អានុភាព​ទាន​បរមត្ត​បារ​មីនៃ ព្រះ​ពោធិសត្វ​ផង និង​សេចក្តី​អធិដ្ឋាន​របស់​ព្រះឥន្ទ​ផង រូប​ទន្សាយ​ក៏​ឃើញ​ប្រាកដ​ក្នុង​មណ្ឌល​ព្រះ​ចន្ទ​រហូតដល់​សព្វថ្ងៃ ។​ដោយមាន​ជំនឿ​តាមរយៈ​រឿង​នេះហើយ បានជា​នៅវេលា​រាត្រី​ពេញបូណ៌មី​ខែកត្តិក​រៀងរាល់ឆ្នាំ​ខ្មែរ​យើង​យក​នំចំណី មាន​អំបុក ចេក ជាដើម​មក​បូជា​ព្រះ​ចន្ទ​ហៅថា​ពិធី​បុណ្យសំពះព្រះខែ អក​អំបុក​។​

​រឿងរ៉ាវ​នៃ​ព្រះ​ពោធិសត្វ​នេះហើយ ដែល​នាំឲ្យ​អ្នកស្រុ​កតែងតែ​រៀបចំ​ប្រារព្ធ​ពិធី​នេះ​ជា​រៀងរាល់ឆ្នាំ នៅតាម​វត្ត​អារាម ភូមិ​ស្រុក និង​ទីប្រជុំជន​នានា ដោយមាន​ចេក អំ​បុក ទឹកដូង ផ្លែឈើ ជាដើម ដើម្បី​រម្លឹក​ដល់​ព្រះ​ពោធិ​សត្វ ដោយសារតែ​មាន​ជំនឿ​បែប​នេះឯង​៕

ព័ត៌មានផ្សេងទៀត