ក្រសួង​បរិស្ថាន​សុំឱ្យ​ពលរដ្ឋ​អនុវត្ត​វិធីសាស្ត្រ​៥​ចំណុច​ដើម្បី​លុបបំបាត់​បញ្ហា​សំរាម​

19-11-2018 5:10 pm 954
  ស្តាប់
ស្តាប់ជាសំឡេង

​លោក នេត្រ ភ​ក្ត្រា រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន នៅ​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា នៅក្នុង​កម្មវិធី «​គម្រោង​ភ្នំពេញ​ទីក្រុង​ស្អាត​» ដោយ​លោក បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​អនុវត្ត វិធីសាស្ត្រ​ចំនួន​៥​ចំណុច ដើម្បី​ចូលរួម​ធ្វើឱ្យ​ទីក្រុង ក្លាយជា​កន្លែង​ដែល​គួរ​រស់នៅ និង​ប្រកបដោយ​អនាម័យ​បរិស្ថាន​ល្អ​។​

​ចំពោះ​វិធីសាស្ត្រ​ទាំង​៥​ចំណុច សម្រាប់​កាត់បន្ថយ​នៃ​បញ្ហា​កំណើន​សំរាម​ក្នុង​ទីក្រុង​រួមមាន ៖

១.​ធ្វើការ​ញែក​សំរាម​តាម​ប្រភេទ​សំរាម​ជា​សំណល់​សរីរាង្គ សំរាម ប្លា​ស្ទិក និង​សារធាតុ​គ្រោះថ្នាក់ និង​វេច​ខ្ចប់ និង​គ្រប់គ្រង​សំរាម ដែល​ខ្លួន​បង្កើត​ឱ្យបាន​ត្រឹមត្រូវ​។​

២.​អនុវត្ត​នូវ​គោលការណ៍ ៣​អ៊ែរ (​កាត់បន្ថយ ការប្រើប្រាស់​ឡើងវិញ និង​ការកែច្នៃ​ឡើងវិញ​) ចំពោះ​សំណល់​ថង់ ប្លា​ស្ទិក ដើម្បី​កាត់បន្ថយ​ការបំពុល​បរិស្ថាន និង​បំផ្លាញ​សោភ័ណភាព​ទីក្រុង​។​

៣. ចូលរួម​សម្អាត​អនាម័យ​បរិស្ថាន​ទីក្រុង​យើង​ដោយ​ចាត់ទុក «​គ្រប់​ទីកន្លែង​ទាំងអស់ ជា​ផ្ទះ​របស់​យើង​» ដែល​ត្រូវតែ​ស្អាត និង មាន​ផា​សុកភាព​គួរ​ឱ្យ​រស់នៅ​។ 

៤.​ចូលរួម​ដាំ​ដើមឈើ​ដើម្បី​បង្កើត​ភាព​បៃតង និង​បង្កើន​គុណភាព​ខ្យល់ និង​៥.​សូម​កុំ​ចោល​សំរាម​ផ្តេសផ្តាស ត្រូវ​ទុកដាក់​សំរាម​ក្នុង​ធុង​ឱ្យបាន​ត្រឹមត្រូវ​។ កិច្ចការ​ទាំងនេះ​នឹង​ជួយ​ធ្វើឱ្យ​ទីក្រុង​របស់​យើង​មាន​អនាម័យ​បរិស្ថាន​កាន់តែ​ល្អ​ស្អាត​។​

​គួរបញ្ជាក់​ថា បើ​យោងតាម​របាយការណ៍រ​បស់​ក្រសួងបរិស្ថាន បច្ចុប្បន្ននេះ នៅ​ក្នុង​មួយ​ថ្ងៃ​សំណល់​រឹង​សំរាម​នៅ​ភ្នំពេញ​បាន​កើន​រហូត​ដល់​៣០០០​តោន ក្នុងនោះ ៦៥% ជា​សំរាម​សើ​ម​២០%​ជា​ថង់ ប្លា​ស្ទិក និង​ជាង ១០% ជា​សំណល់​រឹង​។​ចំណែក​ការ​ការច្នៃ​សំរាម មាន​ត្រឹមតែ​២០%​ប៉ុណ្ណោះ ដែល​ធ្វើឱ្យ​អាត្រា សំរាម​ដែល​ត្រូវ​បោះចោល​នៅ​ទីលាន​សំរាម​មាន​ពី ៧០​ទៅ ៨០% និង​សំរាម មួយចំនួន​ទៀត​ត្រូវបាន បោះចោល​អនាធិបតេយ្យ​នៅតាម​ផ្លូវ​សាធារណៈ​នានា​៕

 ពាក្យគន្លឹះ  ក្រសួងបរិស្ថានសំរាម

ព័ត៌មានផ្សេងទៀត