រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹង ដល់ម្ចាស់ការដ្ឋានសំណង់នានា ម្ចាស់អាជីវកម្មក្រឡុកស៊ីម៉ង់ត៍ ម្ចាស់រថយន្តដឹកទំនិញគ្រប់ប្រភេទ រថយន្តឈ្នួលដឹកអ្នកដំណើរ និងម៉ូតូសណ្តោងរ៉ឺម៉ក់គ្រប់ប្រភេទឲ្យដឹងថា ដើម្បីចូលរួមកាត់បន្ថយការកកស្ទះចរាចរ នៅរាជធានីភ្នំពេញ ក្នុងឱកាសនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨នេះរដ្ឋបាលរាជធានីភ្នំពេញ សូមណែនាំនូវចំណុចសំខាន់ៗមួយចំនួន ...
១.ហាមមិនឲ្យរថយន្តធុនធំ រថយន្តក្រឡុកស៊ីម៉ង់ត៍ រថយន្តដឹកទំនិញ ចូលក្នុងរាជធានីភ្នំពេញ និងផ្អាកការដ្ឋានសំណង់ទាំងអស់ក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨
២.រថយន្តឈ្នួលដឹកអ្នកដំណើរ និងម៉ូតូសណ្តោងរ៉ឺម៉ក់ មិនអនុញ្ញាតឲ្យចរាចរចូលក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ចាប់ពីម៉ោង១០:០០នាទីព្រឹក រហូតដល់ម៉ោង ១០:00នាទីយប់។ប៉ុន្តែអាចចរាចរបានចាប់ពីម៉ោង១០:00នាទីយប់ រហូតដល់ម៉ោង១០:០០នាទីព្រឹក
៣.យានយន្តដែលធ្វើចរាចរ តាមផ្លូវជាតិលេខ១ សម្រាប់រថយន្តធុនធំ និងរថយន្តដឹកទំនិញ ដែលឆ្លងកាត់រាជធានីភ្នំពេញត្រូវចូលចតនៅក្នុងបរិវេណវត្តនិរោធរង្សី និងចំណតរថយន្តផ្សារច្បារអំពៅហើយត្រូវបញ្ចៀសចរាចររថយន្តធុនធំនៅចំណុចផ្លូវជាតិលេខ១ កែងផ្លូវថៃហ្គ័រ។ចំពោះរថយន្តដឹកអ្នកដំណើរគ្រប់ប្រភេទ និងម៉ូតូសណ្តោងរ៉ឺម៉ក់ ត្រូវចូលចតក្នុងបរិវេណវត្តនិរោធរង្សី និងតាមបណ្តោយផ្លូវលេខ ៣៦៩(ខាងត្បូងវត្តព្រែកប្រា)
៤.យានយន្តដែលធ្វើចរាចរតាមផ្លូវជាតិលេខ២ សម្រាប់រថយន្តធុនធំ និងរថយន្តដឹកទំនិញ ត្រូវចូលចតនៅចំណតចាក់អង្រែក្រោម និងក្នុងបរិវេណអនុវិទ្យាល័យចាក់អង្រែ។ចំពោះរថយន្តដឹកអ្នកដំណើរគ្រប់ប្រភេទ និងម៉ូតូសណ្តោងរ៉ឺម៉ក់ ត្រូវចូលចតនៅចំណតចាក់អង្រែក្រោម ក្នុងបរិវេណអនុវិទ្យាល័យចាក់អង្រែ ទីធា្លវត្តចាក់អង្រែលើ និងបណ្តោយមហាវិថីសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន(ផ្លូវ ៦០ម៉ែត្រ)
៥.យានយន្តដែលធ្វើចរាចរតាមផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ ៤ សម្រាប់រថយន្តដឹកជញ្ជូនគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់រាជធានីភ្នំពេញទៅតាមបណ្តាខេត្តប៉ែកពាយ័ព្យនិងឦសានត្រូវធ្វើដំណើរតាមផ្លូវទំនប់កប់ស្រូវ ទៅផ្លូវជាតិលេខ ៥ ឬឆ្លងកាត់ស្ពានព្រែកព្នៅ។សម្រាប់រថយន្តធុនធំ និងរថយន្តដឹកទំនិញ ត្រូវចូលចតនៅចំណតរថយន្តចោមចៅ។ចំពោះរថយន្ត និងម៉ូតូសណ្តោងរ៉ឺម៉ក់ ដឹកអ្នកដំណើរមកទស្សនាព្រះរាជពិធីបុណ្យអុំទូក ត្រូវឈប់ចតមិនឲ្យហួសស្តុបណតប្រីដឡើយ
៦.យានយន្តដែលធ្វើចរាចរតាមផ្លូវជាតិលេខ៥ សម្រាប់រថយន្តធុនធំត្រូវបង្វែរទិសធ្វើដំណើរតាមផ្លូវទំនប់កប់ស្រូវ ឬចូលចតនៅចំណតគីឡូម៉ែត្រលេខ ៩។ចំពោះរថយន្តដឹកអ្នកដំណើរ និងម៉ូតូសណ្តោងរ៉ឺម៉ក់ ត្រូវចូលចតនៅសាលាដែក ដោយមិនឲ្យចូលហួសផ្លូវលេខ ៦៨ឡើយ
៧.យានយន្តដែលធ្វើចរាចរតាមផ្លូវជាតិលេខ ៦ សម្រាប់រថយន្តធុនធំ ត្រូវបង្វែរទិសធ្វើដំណើរឆ្លងកាត់ស្ពានព្រែកព្នៅតាមផ្លូវទំនប់កប់ស្រូវ ឬចូលចតនៅចំណតរថយន្តព្រែកលៀប។ចំពោះរថយន្តដឹកអ្នកដំណើរ និងម៉ូតូសណ្តោងរ៉ឺម៉ក់ ត្រូវចូលចតនៅទីតាំងដីតំបន់អភិវឌ្ឍន៍ OCIC
៨.យានយន្តដែលធ្វើចរាចរតាមផ្លូវជាតិលេខ ២៧១ និងផ្លូវលេខ៣៧១សម្រាប់រថយន្តធុនធំនិងរថយន្តដឹកទំនិញ ត្រូវចូលចតនៅខាងត្បូងស្ពានម័ល។ចំពោះរថយន្តនិងម៉ូតូសណ្តោងរ៉ឺម៉ក់ ដឹកអ្នកដំណើរ មកចូលរួមទស្សនាព្រះរាជពិធីបុណ្យអុំទូក ត្រូវឈប់នៅត្រឹមច្រមុះជ្រូកក្បាលថ្នល់ និងចតតាមបណ្តោយមហាវិថីសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន(ផ្លូវ ៦០ម៉ែត្រ)
៩.យានយន្តធ្វើចរាចរតាមផ្លូវចោមចៅ(ផ្លូវវេងស្រេង) សម្រាប់រថយន្តដឹកអ្នកដំណើរ និងម៉ូតូសណ្តោងរ៉ឺម៉ក់ ដែលចូលតាមមហាវិថីសម្តេចមុនីរ៉េត ត្រូវចូលចតនៅសាលាបឋមសិក្សាស្ទឹងមានជ័យ
១០.ចំពោះរថយន្ត និងម៉ូតូសណ្តោងរ៉ឺម៉ក់ដឹកអ្នកដំណើរមកចូលរួមទស្សនាព្រះរាជពិធីបុណ្យអុំទូក តាមផ្លូវលេខ៥៩៨ និងមហាវិថីឧកញ៉ាម៉ុង ឫទ្ធី ត្រូវបង្វែរចូលតាមផ្លូវតូចៗមិនឲ្យចូលហួសមហាវិថី គីម អ៊ីលស៊ុង និងចតនៅបរិវេណបឹងកក់៕