គំនិត​​«បរទេស​​និយម»​ហាក់​កំពុង​​ពួន​​សំងំ​​ក្នុង​សង្គម​​ខ្មែរ​​

19-11-2018 8:49 am 4659
Cambodia Flag.

​នៅ​សង្គម​ខ្មែរ​បច្ចុប្បន្ន គំនិត​បរទេស​និយម ហាក់​ត្រូវបាន​ប្រជាពលរដ្ឋ​ឱ្យ​តម្លៃ​ខ្ពស់​។ ខ្ពស់​ព្រោះថា ប្រជាពលរដ្ឋ​កម្ពុជា​សព្វថ្ងៃ គេ​តែង​ឃើញ​និយម ចាយ​ក្រដាសប្រាក់​បរទេស រៀន​ភាសាបរទេស ទិញ​ទំនិញ​បរទេស ទទួលទាន​អាហារ​បរទេស ហើយ​ពេលខ្លះ​សូម្បីតែ​ឈ្មោះ​កូន​ខ្លួនឯង ក៏​ម្ដាយ​ឪពុក​ជា​ជនជាតិខ្មែរ និយម​ដាក់ឈ្មោះ​បរទេស​ដែរ​។ តើ​មកពី​មូលហេតុ​អ្វី​?

​បរទេស​និយម គឺជា​ផ្នត់គំនិត​ដែល​និយម​គាំទ្រ និង ឱ្យ​តម្លៃ​លើ​បរទេស​។ ពលរដ្ឋ​ខ្មែរ​ភាគច្រើន ហាក់ដូចជា​តម្លៃ​ខ្ពស់​ចំពោះ​គំនិត​នេះ ច្រើនជាង​ឱ្យ​តម្លៃ​លើ​អ្វីៗ​ដែលជា​របស់​ខ្មែរ​ខ្លួនឯង​។ គំនិត​នេះ គឺ​គេ​មើលឃើញថា មិនមែន​មាន​ត្រឹមតែ​នៅក្នុង​វិស័យ​នយោបាយ សេដ្ឋកិច្ច អប់រំ សិល្បៈ និង វប្បធម៌​ប៉ុណ្ណោះ​ទេ​។ វា​ក៏មាន​ផងដែរ ការដាក់​ឈ្មោះ​កូន​ជា​ភាសាបរទេស​។​

​ក្រៅពីនេះ​ប្រជាពលរដ្ឋ​កម្ពុជា​សព្វថ្ងៃ គេ​តែង​ឃើញ​និយម ចាយ​ក្រដាសប្រាក់​បរទេស បញ្ជូន​កូនចៅ​ទៅ​រៀន​ភាសាបរទេស​នៅ​សាលា​អន្តរជាតិ ទិញ​ទំនិញ​នៅ​ហាង​ដែល​ដាក់ឈ្មោះ​ជា​ភាសាបរទេស​ដោយ​មិនមែនជា​របស់​ខ្មែរ ហើយ​ទទួលទាន​អាហារ​ដែលមាន​ប្រេន​ឆាយ​ពី​បរទេស​ជាដើម​។​

​ចំពោះ​វិស័យ​ការងារ​ ក្រសួង​ស្ថាប័ន និង ក្រុមហ៊ុន​មួយចំនួនដែលជារបស់​ខ្មែរ ហាក់ដូចជា​ឱ្យ​តម្លៃ​ខ្ពស់​លើ​សញ្ញាបត្រ​ដែល​ចេញពី​បរទេស ហើយ​អ្នក​ដែល​កាន់​សញ្ញាបត្រ​ពី​ខាងក្រៅ​ត្រូវបាន​ផ្តល់នូវ​ប្រាក់ខែ​ច្រើន ជាង​ពលរដ្ឋ​ខ្មែរ​ដែល​កាន់​សញ្ញាបត្រ​នៅ​ក្នុងស្រុក​។ រីឯ​បញ្ហា​សុខាភិបាល​វិញ ពេល​មាន​បញ្ហា​សុខភាព ឬ​ជំងឺ​ផ្សេងៗ ពលរដ្ឋ​ខ្មែរ​ដែលមាន​ប្រាក់​​ច្រើន គេ​មិន​ព្យាបាល​នៅក្នុង​ស្រុកទេសនោះ​ទេ ពោលគឺ​គេ​នាំគ្នារ​ត់ទៅ​ព្យាបាល​នៅ​ខាង​ក្រៅប្រទេស​ ក្នុងនោះក៏មានលោកនាយករដ្ឋមន្ត្រីផងដែរ។​

​ជាទូទៅ​ទ​ទូល​ស្គាល់​ថា ការងារ​មួយចំនួន​ដូចជា បញ្ហា​សុខាភិបាល ឬ​បច្ចេកទេស​ធំៗ កម្ពុជា​មិនទាន់មាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​ផលិត ប៉ុន្តែ​មានរឿង​តូចតាច​ជាច្រើន​ដែល​ខ្មែរ​អាច​ធ្វើបាន តែ​បែរជា​មិន​នាំគ្នា​ធ្វើ ដូចជា ការចាយ​ក្រដាសប្រាក់​បរទេស ការធ្វើ​នយោបាយ ការឱ្យ​តម្លៃ​វប្បធម៌​បរទេស​ជាង​ជាតិ​ខ្លួនឯង និង ការប្រើប្រាស់​ភាសា​ជាដើម សុទ្ធសឹងតែ​ខ្មែរ​អាច​ធ្វើបាន​។​

​តើ​មកពី​មូលហេតុ​អ្វី​? ចម្លើច​ទំនង​មកពី​កម្ពុជា​នៅ​ធនធានមនុស្ស​តិច ឬ​មាន​ដែល​តែ​ខ្វះ​គំនិត​ជា​និយម និង មោទនភាព​ជាតិ ។ កាលណា​ប្រជាពលរដ្ឋ​ភាគច្រើន គ្មាន​គំនិត​ជាតិនិយម  ឬ​មាន​ដែល​តែ​ចំណេះដឹង​នៅ​ទាប គឺ​ងាយ​ចាញ់​ការ​អួ​សទាញ​ពី​បរទេស និង គាំទ្រ​ដោយ​ង​ងប់​ងងុល​។​នេះ​អាច​បង្ក​មកពី​សង្គម​ទាំងមូល​ខ្វះ​ការ​បណ្តោះ​គំនិត​ជាតិនិយម ហើយ​កាលណា​ខ្វះ​គំនិត​ជាតិនិយម វា​ងាយ​ធ្វើឱ្យ​ជាតិ​បាត់បង់​អត្តសញ្ញាណ​ខ្លួន​។​

​ជា​ការពិត ការនិយម​បរទេស​មិនមែនជា​រឿង​ខុសឆ្គង​ឡើយ នៅ​ខណៈដែល​ពិភពលោក​ទាំងមូល​ស្ថិតក្នុង​សម័យ​សាកលភាវូបនីយកម្ម​។ ប៉ុន្តែ​ការនិយម​បរទេស​ជ្រុល​ហួស​ពេក អាច​នឹង​ក្លាយទៅជា​គ្រោះថ្នាក់​សម្រាប់​អត្តសញ្ញាណ​ជាតិខ្មែរ​នា​ពេលអនាគត​។​ចូល​កំភ្លេចថា មនុស្ស​គ្រប់​ជាតិ​សាសន៍​ទាំងអស់​នៅលើ​លោក តែងតែមាន​អត្តសញ្ញាណ​។ អត្តសញ្ញាណ​ជាតិ​មួយ​មាន​ប្រភព​តាមរយៈ ភាសា វប្បធម៌ អប់រំ សិល្បៈ និង ប្រាក់​កាក់​តំណាង​រូបិយប័ណ្ណ​ជាតិ​ជាដើម​។​

ដូច្នេះដើម្បី​លុបបំបាត់​ទម្លាប់​នេះបាន ការបណ្តុះ​មោទនភាព​ជាតិ និង គំនិត​ជាតិនិយម​ក្នុងសង្គម​ខ្មែរ គឺជា​កិច្ចការ​ដ៏​ចាំបាច់​មួយ​ដែល​មិនអាច​មើលរំលង​បាន​។ នៅពេលដែល​ពលរដ្ឋ​មាន​មោទនភាព​ជាតិ​រឹងមាំ​ហើយ​នោះ ពួកគេ​នឹង​ផ្តើម​យល់ថា ការលះបង់​ដើម្បី​ប្រយោជន៍​ជាតិ និង ការទទួលខុសត្រូវ​ចំ​ពោះ​សង្គម គឺជា​បេសកកម្ម​សំខាន់​ជាងគេ​បង្អស់​ក្នុងនាម​ជា​ពលរដ្ឋ​ម្នាក់​។​

​យោងតាម​ភាសា​អ្នកប្រវត្តិសាស្ត្រ​ខ្មែរ បានលើកឡើង​នូវ​ពាក្យ​មួយ​ឃ្លាថា «​បើ​ស្រឡាញ់​ប្រទេសជាតិ ពលរដ្ឋ​ឱ្យ​គោរព​ច្បាប់ បើ​ស្រឡាញ់​សង្គម ឱ្យ​ចេះ​មេត្តា បើ​ស្រឡាញ់ សាសនា ឱ្យ​ខំ​ប្រតិបត្តិ​»។ ដូច្នេះ​ពលរដ្ឋ​ខ្មែរ​សម័យ​ទំនើប​នេះ គួរតែ​ផ្លាស់ប្តូរ​យុទ្ធសាស្ត្រ​ថ្មី ពោលគឺ​ត្រូវ​បណ្តោះ​គំនិត​ជាតិនិយម និង​ទស្សនៈ​មោទនភាព​ជាតិ​។ មោទនភាព​ជាតិ មានន័យថា ទោះជា​ស្ថិត​លើ​ការនាំគ្នា​លើកស្ទួយ​កិត្យានុភាព​ប្រទេសជាតិ​។​

​ជាមួយគ្នា​នឹង​បណ្តោះ​មោទនភាព​ជាតិ ពលរដ្ឋ​កម្ពុជា​ខ្លួនឯង គួរ​ព្យាយាម​បង្កើន​គុណភាព សមត្ថភាព ចំណេះ​ជំនាញ ដើម្បី​ក្លាយជា​អ្នកផ្តល់​សេវា ឬ​អ្នក​ផលិត​ដ៏​ល្អ ក្នុងន័យ​ប្រជែង​ជាមួយ​បរទេស ស្របតាម​សម័យ​សាកលភាវូបនីយកម្ម​ពិភពលោក និង ដើម្បី​ផ្តល់​សេចក្តីទុកចិត្ត​សម្រាប់​អ្នកប្រើប្រាស់ ឬ អតិថិជន​ដែល​ដំបូង​ជា​ជនជាតិខ្មែរ បន្ទាប់មក​ជា​ជនបរទេស​៕

ព័ត៌មានផ្សេងទៀត